កម្ពុជា-​កាណាដា បាន​សន្យា​នឹង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​លើ​ការ​រៀបចំ​កិច្ច​សហការ​នានា ដើម្បី​ជំរុញ​កំណើន​ការ​វិនិយោគ​ឯកជន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​កាន់​តែ​ច្រើន ខណៈ​ទឹក​ប្រាក់​នាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈ​ពេល​ ៨​ ខែ​ដើម​ឆ្នាំ ២០២៤ ​កើន​ឡើង​ជិត ៣០​ភាគរយ។

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​​ លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួម​នឹង​​គណៈ​ប្រតិភូ​កម្ពុជា ព្រម​ទាំង​អគ្គកុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ទីក្រុង​ម៉ុងត្រេអាល់,តំណាង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ, តំណាង​សមាគម​ឧកញ៉ា​កម្ពុជា, តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា ជា​មួយ​នឹង​តំណាង​រដ្ឋបាល​ខេត្ត​កេបិច ដែល​ដឹក​នាំ​ដោយ​លោក Allan DeSousa អភិបាល​តំបន់ Saint Laurent នៃ​ក្រុង​ម៉ុងត្រេអាល់ និង​ធុរជន​កាណាដា ជាច្រើន​រូប។

ជំនួប​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហការ​រៀបចំ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ក្រុង​ម៉ុងត្រេអាល់ និង​អង្គភាព Investissement Québec International របស់​កាណាដា ក្នុង​ក្រុង​ម៉ុងត្រេអាល់។

នៅ​ក្នុង​ជំនួប​នេះ លោក ស៊ុន ចាន់ថុល បាន​លើក​យក​វិស័យ​អាទិភាព​ចំនួន៥ រួម​មាន កសិកម្ម​និង​កសិ​ឧស្សាហកម្ម, ឱសថ, ថាមពល​កកើត​ឡើង​វិញ, ទេសចរណ៍, និង​បច្ចេក​វិទ្យា សម្រាប់​បង្ហាញ​ទៅ​ដល់តំណាង​រដ្ឋបាល​ខេត្ត​កេបិច​ និង​ផ្នែក​ឯកជន​នៅ​ប្រទេស​កាណាដា។ លោក​បន្ត​ថា កម្ពុជា​ជា​ប្រទេស​​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ ហើយ​រាជ​រដ្ឋាភិបាល​ក៏​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្តយ៉ាង​ច្រើន​ផង​ដែរ​ដល់​អ្នក​វិនិយោគ។

ជាចុង​បញ្ចប់​ ភាគី​កម្ពុជា-​កាណាដា សុទ្ធ​តែ​បាន​សន្យា​នឹង​បន្ត​កិច្ច​ពិភាក្សា​ទ្វេភាគី​លើ​ការ​រៀបចំ​កិច្ច​សហការ​នានា ដើម្បី​ជំរុញ​កំណើន​ការ​វិនិយោគ​ឯកជន​រវាង​ប្រទេស​ទាំង​ពីរ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

បើ​យោង​តាមក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា(CDC) ក្នុង​ឱកាស​នោះ ក៏​មាន​ការ​បង្ហាញ​ពី​បទពិសោធន៍​ជោគជ័យ​នៃ​កិច្ច​វិនិយោគ​នៅ​កម្ពុជា ពី​តំណាង​ក្រុមហ៊ុន​កាណាដា ដែល​កំពុង​បណ្ដាក់​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា ប្រទេស​កាណាដា គឺ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ទំនិញ​កម្ពុជា ដោយ​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើង​ស្ទើរ​រាល់​ឆ្នាំ​។ តាម​រយៈ​បរិមាណ​នាំ​ចេញ​​ទំនិញ​ដ៏​ច្រើនពី​កម្ពុជា កន្លង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ក៏​បាន​បើក​ការិយាល័​យ​តំណាង​សភាពាណិជ្ជកម្ម(CCC) នៅ​ក្នុង​ប្រទេស​កាណាដា រួច​ហើយ។

លោក​​ពន្យល់​ថា ​ការិយាល័យ​តំណាង CCC  ​នៅ​​ប្រទេស​កា​ណា​ដា​​ មាន​តួនាទី​ជួយ​ផ្សព្វ​ផ្សាយ​ផលិតផល​កម្ពុជា​ទៅដល់​អតិថិជន​កាណាដា និង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​។

​លោក​បាននិយាយ​ថា៖ «​យើង​សង្ឃឹម​ថា តាម​រយៈ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កាណាដា នឹង​បន្ត​កើន​ឡើង​ទៀត»។

បើតាម​លោក លឹម ហេង ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀក​បំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេឡិច​ត្រូនិក រថយន្ត ជាដើម។

ក្នុង​ឆ្នាំ​ ២០២៣ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៩៤០,៤៨​ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៥​ ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១,១៥​ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា ៨៦៩,៥៤ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៤ ​ភាគរយ ចំណែក​កាណាដា នាំមក​កម្ពុជា ៧០,៩៥​ លាន​ដុល្លារ កើនឡើង​ជាង ​១០០​ ភាគរយ៕