ភ្នំពេញៈ លោក ឈើតកៀត អត្ថាករ (Cherdkiat Atthakor) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ​លើក​ឡើង​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ត្រូវ​បាន​ពង្រីក​គួរ​ឱ្យ​កត់សម្គាល់។

លោក​​លើកឡើង​​ដូច្នេះ​ក្នុង​ជំនួប​ជម្រាប​លា​នា​ថ្ងៃ​ទី៣ កញ្ញា ជាមួយ​លោក ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

លោក ឈើតកៀត ដែល​នឹង​ត្រូវ​ចប់​អាណត្តិ​ការទូត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ត្រូវ​បាន​​ស្រង់​សំដី​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា៖ «ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ហើយ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ពង្រីក​គួរ​ឱ្យ​កត់សម្គាល់»។ 

លោក សង្ឃឹមថា នា​ពេល​អនាគត ទំនាក់ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ នឹង​កាន់តែ​រីកចម្រើន​លូតលាស់​ជាង​នេះ​ទៅ​ទៀត។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ដដែល។

លោក ឈើតកៀត ត្រូវ​បាន​ស្រង់​សំដី​ថា ប្រទេស​ថៃ​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​លំដាប់​ទី៦​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម ហើយ​ចំនួន​ទេសចរ​ថៃ​ជាប់​លំដាប់​ទី១។ លោក​សង្ឃឹម​ថា ទេសចរ​ថៃ​នឹង​មក​ទស្សនា​កម្ពុជា​បន្ត​ទៀត ជា​ពិសេស​ទៅ​កាន់​ខេត្ត​សៀមរាប។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា ក្នុង​រយៈពេល​ជិត​២ឆ្នាំ​នៃ​អាណត្តិ​ការទូត លោក ឈើតកៀត បាន​បំពេញ​ការងារ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ដោយ​ផ្អែក​លើ​ការ​យោគយល់​គ្នា និង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ 

ប្រទេស​កម្ពុជា និង​ថៃ​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ កាល​ពី​ខែ​កុម្ភៈ ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ។ 

ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រទេស​ថៃ​បាន​ក្លាយ​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​កត់​សម្គាល់​ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ហើយ​ថា កសិករ​កម្ពុជា​នៅ​ជាប់​តាម​បណ្ដា​ព្រំដែន​មាន​ឱកាស​លក់​កសិផល​ទៅ​ឱ្យ​ប្រទេស​ថៃ។ 

ក្នុង​ជំនួប​ថ្ងៃ​ទី២ កញ្ញា លោក អត្ថាករ និង​លោក ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​លើក​ឡើង​ពី​ការ​ជំរុញ​ការ​វិនិយោគ​របស់​ថៃ​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។ នេះ​បើ​យោង​តាម​ស្ថានទូត​ថៃ។

ស្ថានទូត​ថៃ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី២ កញ្ញា ថា៖ «ឯកឧត្ដម​ឯកអគ្គរាជទូត​បាន​លើក​យក​ប្រធានបទ​ដែល​ទាក់ទិន​ជាមួយ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​វិនិយោគិន​នៅ​កម្ពុជា, ការ​លុបបំបាត់​ឧបសគ្គ ឬ​រនាំង​ពាណិជ្ជកម្ម និង​វិនិយោគ, ការ​ជំរុញ​ការ​តភ្ជាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន, ជាពិសេស​ការ​តភ្ជាប់​ផ្លូវ​ដែក​ដែល​អាច​កាត់បន្ថយ​ដើមទុន​ភស្តុភារ និង​ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដើម្បី​ការ​ផលិត និង​ដាក់​ពង្រាយ​ទំនិញ​នៅ​ក្នុង​តំបន់»។

យោង​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ពី​ខែ​មករា ដល់​ខែ​កក្កដា ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​មាន​ជាង​២,៤​ពាន់​លាន​ដុល្លារ កើន​៨,៦ភាគរយ។ ក្នុង​នោះ​ការ​នាំចេញ​មាន​ជាង​៤៩៩​លាន​ដុល្លារ ធ្លាក់ចុះ៦,៤​ភាគរយ, ការ​នាំចូល​ពី​ថៃ​​មាន​ជាង​១,៩ពាន់​លាន​ដុល្លារ កើន​ឡើង​១៣,៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣៕