ធនាគារ ABA ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ជា​គ្រឹះស្ថាន​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​ឌីជីថល​ឈាន​មុខ ទទួលបាន​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួនពីរ​ពី​ទស្សនាវដ្តី International Finance។

ឆ្នាំនេះ បាន​ប្រាកដ​ឡើង​ជា​លើក​ដំបូង​សម្រាប់​ផ្លែតហ្វម​ពេញលេញ ABA Business ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សេវាធនាគារ​អនឡាញ​សម្រាប់​សាជីវកម្ម​ឆ្នើម​បំផុត​នៅ​កម្ពុជា។ ចំណែក​ឯ​ពាន​មួយ​ទៀត​សម្រាប់ ABA គឺ​កិត្តិនាម​ជា​ធនាគារ​ឌីជីថល​ឆ្នើម​បំផុត​នៅ​កម្ពុជា ជា​លើក​ទី​ពីរ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ដែល​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់ និង​សមត្ថភាព​លេចធ្លោ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

វឌ្ឍនភាព​ថ្មី​លើ​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា

ធនាគារ ABA តែងតែ​នាំ​មុខ​គេ​នៅ​កម្ពុជា លើ​ទំនើបកម្ម​សេវា​ធនាគារ ដោយ​បញ្ចូល​បច្ចេក​វិទ្យា​ឈាន​មុខ​ថ្មីៗ​ទៅ​ក្នុង​បណ្ដាសេវា​ធនាគារ​របស់​ខ្លួន។ ចាប់​តាំង​ពី​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ២០១៨ មក ផ្លែតហ្វម ABA Business បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​មាន​សមត្ថភាព​បត់បែន​តម្រូវ​តាម​អាជីវកម្ម​តូច​ធំ​ទាំងអស់ រាប់​ចាប់​ពី​សហគ្រាស​ខ្នាតតូច រហូត​ដល់​សាជីវកម្ម​ពហុជាតិ​ធំៗ ខណៈ​ដែល​ប្រតិបត្តិការ​សេវា​ផ្ដល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់។

ផ្លែតហ្វម ABA Business បាន​រក្សា​ជំហរ​ដ៏​រឹងមាំ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ដោយ​ផ្ដល់​នូវ​សំណុំ​មុខងារ​ពេញលេញ​សម្បូរបែប​របស់​ខ្លួន តាម​រយៈ​មុខងារ​យ៉ាង​ច្រើន​សម្បូរបែប ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព។ សេវា​ទាំង​នោះ​រួមមាន មុខងារ​បើក​ប្រាក់​បៀវត្សរ៍​បុគ្គលិក និង​ថ្នាក់​ដឹកនាំ, មុខងារ​បង់​វិក្កយបត្រ​ទឹក ភ្លើង និងសំរាម, មុខងារ​បង់​ពន្ធដារ និងពន្ធគយ, មុខងារ​ទាត់​ស្វ័យ​ប្រវត្តិ​តាម​កាល​វិភាគ និង​ជា​សំណុំ និង​បណ្ដា​មុខងារ​ទូលំ​ទូលាយ​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​ការ​គ្រប់គ្រង​ការ​ប្រមូល​ប្រាក់​ទូទាត់​ពី​ដៃគូ និង​ការ​ទូទាត់​ចំណាយ។

បន្ថែម​លើ​នេះ​ទៀត ផ្លែតហ្វម ABA Business ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​ភ្ជាប់​ប្រព័ន្ធ​ភាគី​ទីបី ERP និង​ប្រព័ន្ធ​ទ្រទ្រង់ (back-office system) តាម​រយៈសេវាកម្ម​ប្រតិបត្តិការ​ផ្ទាល់ (Host-to-Host) ក៏​ដូចជា​ប្រព័ន្ធ​គណនេយ្យ​ភាគី​ទីបី ដើម្បី​ផ្គូផ្គង​ផ្ទៀងផ្ទាត់​គណនី​យ៉ាង​ងាយស្រួល។ មុខងារ​ទាំង​នេះ នៃ​ផ្លែត​ហ្វម ABA Business ជាមួយ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (two-factor authentication) និង​ដំណើរការ​អនុម័ត​ច្រើន​កម្រិត បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​កាត់​បន្ថយ​កំហុស​និង​រំហូរ​ការ​ងារ​ដោយ​ដៃ ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិការ ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត និង​ងាយស្រួល​បញ្ចូល​ក្នុង​ដំណើរ​ប្រតិបត្តិ​ការ​បម្រើ​អតិថិជន​របស់​អាជីវកម្ម។

គួរ​ឲ្យ​កត់​សម្គាល់​ផងដែរ​ថា ចន្លោះ​ពី​ឆ្នាំ២០២១ និង ២០២៣ ផ្លែតហ្វម ABA Business មាន​អត្រា​កំណើន​អតិថិជន​ប្រចាំ​ឆ្នាំ​ចំនួន៤៣%។ ការ​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​អនឡាញ​តាម​រយៈ​ផ្លែតហ្វម ABA Business ក៏​មាន​អត្រា​កំណើន​ដល់ ២០០% ដែល​គិត​ជា​ទឹក​ប្រាក់​បាន​ហក់​លើស១០ ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​កើន​ឡើង​នេះ បាន​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​បម្រើ​សេវា​ធនាគារ​ប្រកប​ដោយ​ភាព​បត់បែន​តម្រូវ​តាម​អាជីវកម្ម​កម្ពុជា​តូចធំ​ទាំងអស់ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ភាព​ជឿជាក់​របស់​អតិថិជន​ជាមួយ ABA។

ការ​កំណត់​ស្តង់ដារ​ហិរញ្ញ​វត្ថុ​ផ្នែក​ឌីជីថល

ជាមួយ​នឹង​វឌ្ឍនភាព​ថ្មី​នៃ​ឌីជីថល ធនាគារ ABA បន្ត​ភាព​ល្អឯក​ក្នុង​សេវា​ធនាគារ ជាមួយ​អេប ដ៏​ប្រណីត​ផ្ដាច់​គេ ពេញនិយម​បំផុត និង​ងាយ​ស្រួល​ប្រើប្រាស់​គឺ ABA Mobile និងអេប ABA Merchant ដែល​ផ្តោត​សំខាន់​លើ​អាជីវកម្ម។

ក្នុង​ឆ្នាំ២០២៣ ធនាគារ ABA ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់ សម្រាប់​អេប​ទាំងពីរ​ដោយ ABA Mobile អ្នក​ប្រើប្រាស់កើន​បាន៣០% ហើយ​បណ្ដាញ​អាជីវករ​ទូទាត់​តាម KHQR សម្រាប់ ABA Merchant កើន​បាន៤៣%។ ធនាគារ​កំពុងបង្កើន​និង​ពង្រឹង​វឌ្ឍនភាព​ថ្មីៗ​របស់​អេប​ទាំងពីរ ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​កាន់តែ​រឹងមំា​ជា​លំដាប់​ដល់​អ្នកប្រើប្រាស់។

អេប ABA Mobile ក្នុង​កំណែ ៥.0 មាន​ផ្ទៃ​អន្តរកម្ម​ថ្មី​រស់​រវើក ដែល​អាច​រៀបចំ​អេក្រង់​ឲ្យ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ជ្រើសរើស​ម៉ូដរចនា ដូរ​ទំហំ​អក្សរ កែ​សម្រួល​ផ្ទាំង​វិចិត្រ​តាម​តម្រូវការ និង​ស្រប​តាម​អ្នក​ប្រើប្រាស់​ម្នាក់ៗ រួម​ទាំង​បទពិសោធ​កាន់​តែប្រសើរ​ជាមួយ​គម្រោង​ទិន្នន័យ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​អេប ដែល​អ្នក​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ចំនួន​អាច​ប្រើ ABA Mobile ដោយ​មិន​ចាំ​បាច់​មាន​ឬ​មិន​មាន​កាត់​សេវា​អ៊ីនធឺណិត​ផ្ទាល់​ខ្លួន​ឡើយ។ បន្ទាប់ពី​ការ​ដាក់​ដំណើរការ​ការ​ទូទាត់​ឆ្លង​ប្រទេស​របស់​ប្រព័ន្ធ​បាគង អ្នក​ប្រើប្រាស់ អេប ABA Mobile ​ក៏​អាច​ធ្វើ​ការ​ស្គែន​ទូទាត់​ជាមួយកូដ Thai QR នៅ​ប្រទេស​ថៃបាន​ផងដែរ។

អេប ABA Merchant ក៏​បន្ត​ទទួល​បាន​ការ​កែប្រែ ដូចជា មុខងារ​វិភាគ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ប្រើប្រាស់ និង​វិភាគ​ទិន្នន័យ​ដែល​ជួយ​ឲ្យ​ពួកគាត់​គ្រប់គ្រង​សកម្មភាព​លក់​ដូរ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឲ្យ​កាន់​តែ​ប្រសើរ។

អេប​ទាំង​ពីរ​នេះ ជា​មូលដ្ឋាន​គ្រឹះ​ពង្រឹង​បន្ថែម​លើ​ឧត្តមភាព​ក្នុង​ការ​ទូទាត់​ផ្នែក​ឌីជីថល ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​លើស​គេ​សម្រាប់​អតិថិជន​របស់​ខ្លួន។

ដោយ​ត្រូវ​បាន​ទទួល​ស្គាល់ និង​ផ្ដល់​កិត្តិនាម​ជា​បន្តបន្ទាប់​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​កំពូល​ជាច្រើន ABA បង្ហាញ​ឲ្យ​ឃើញពី​ជំហរ​ប្រកប​ដោយ​ស្ថិរភាព​រឹងមាំ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អតិថិជន​គ្រប់រូប​ដែល​រួម​ចំណែក​ដល់​កំណើន​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សមស្រប​ទៅ​នឹង​កិត្តិនាម​ជា​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា។

អំពី​ធនាគារ ABA

ABA គឺជា​ធនាគារ​ពាណិជ្ជធំ​ជាងគេ​នៅ​កម្ពុជា គិត​លើ​ទ្រព្យ​សកម្ម​សរុប​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី យោង​តាម​របាយការណ៍​ត្រួត​ពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឆ្នាំ ២០២១-២០២៣។ ដោយ​បម្រើ​សេវា​ជូន​អតិថិជន​ជាង ៤លាន  ABA នាំ​មុខ​គេ​នៅ​ក្នុង​សេវា​ហិរញ្ញ​វត្ថុ​ឌីជីថល តាម​រយៈ​ក្នុង​ផ្តល់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ និង​អនឡាញ​ដ៏​ទំនើប​សម្បូរបែប​របស់​ខ្លួន។ ផ្លែតហ្វម​ទាំង​នេះ ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​នវានុវត្ត និង​សុវត្ថិភាព​សម្រាប់​រូបវន្ដ​បុគ្គល និង​អាជីវកម្ម​តូចធំ​គ្រប់​ប្រភេទ ព្រម​ទាំង​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ABA ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​ឌីជីថល​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា។