ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ចំនួន​ពីរ​ទីតាំង​ផ្សេង​គ្នា មាន​ទុន​វិនិយោគ​សរុប ៦៨៦​លាន​ដុល្លារ ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ឲ្យ​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ ដែល​អាច​បង្កើត​ការងារ​បាន​ ៣,៤៥៩ កន្លែង។

គម្រោង​ទាំង​ពីរ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​គម្រោង​សរុប​ចំនួន ៥៣ ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ១,២ ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ខែ​សីហា ដែល​ក្នុង​នោះ ​៤៦​គម្រោង​ជា​ការ​វិនិយោគ​ថ្មី​សុទ្ធសាធ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី៩ ខែ​កញ្ញា​នេះ។​

គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​រោងចក្រ​ផលិត​សំបក​កង់​​រថយន្ត​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ យូ ប៊ី អី ស្នួល នៅ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ដែល​មាន​ទុន​វិនិយោគ​ ៤៣០​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១៩៥៩​កន្លែង។

ចំណែក​គម្រោង​មួយ​ទៀត​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង មាន​​ទុន​វិនិយោគ​​ជាង ២៥៦​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥០០​កន្លែង។

គម្រោង​លេច​ធ្លោ​ផ្សេង​ទៀត​ក្នុង​ចំណោម​គម្រោង​ទាំង​៥៣ រួម​មាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្រែ​អំបិល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ក្នុង​ទុន​វិនិយោគ​ចំនួន​៨០​លាន​ដុល្លារ អាច​បង្កើត​ការងារ​បាន​ចំនួន ​៧៧៥​កន្លែង។

ក្រៅ​ពី​នេះ​មាន​គម្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​បង្កាត់​ពូជ និង​ចិញ្ចឹម​គោ ​សេះ ​សត្វចតុប្បាទ​ផ្សេងៗ និង​រោងចក្រ កែច្នៃ ​ផលិត​ចំណីសត្វ និង​មន្ទីរពិសោធន៍ គម្រោង​បង្កើត​រោងចក្រ​ផលិត​ភេសជ្ជៈ​គ្រប់​ប្រភេទ​គ្មាន​ជាតិ​អាល់កុល​ និង​គម្រោង​បង្កើត​សណ្ឋាគារ​ផ្កាយ​ប្រាំ នៅ​ខេត្ត​ព្រះសីហនុ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា៖ «ក្នុង​ខែសីហា ឆ្នាំ​២០២៤ ​នេះ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី១ ដោយ​បាន​រួមចំណែក​ ៨៤,៧២% ​នៃ​ទុន​វិនិយោគ​សរុប ខណៈ​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់​៩,១២% ​នៃ​ទុន​វិនិយោគ​សរុប»។

បើ​គិត​តាម​វិស័យ​វិញ ឧស្សាហកម្ម​នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ ដែល​មាន​ទុន​វិនិយោគ​ជិត ១,១​ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​ទុន​សរុប​ជាង ១,២​ពាន់​លាន​ដុល្លារ។ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់​ស្ពឺ ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​សម្រាប់​ការ​វិនិយោគ ដែល​មាន​គម្រោង​ចំនួន ១០ និង ៩ រៀង​គ្នា៕