ឯកអគ្គរដ្ឋទូតចិនបានសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាមួយកម្ពុជា ហើយជឿថាចំនួនជនជាតិចិនធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ នឹងមានចំនួនច្រើនលើសពីឆ្នាំ ២០២៤ ដែលមានប្រមាណ ៨០ ម៉ឺននាក់។
នៅក្នុងជំនួបជាមួយលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា(PATA) កាលពីល្ងាចថ្ងៃទី៩ ខែមករា លោក Wang Wenbin បានលើកឡើងថា ស្ថានទូតចិនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយសមាគមទេសចរណ៍នានានៅកម្ពុជា រួមទាំង PATA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ ជាពិសេសនឹងជំរុញលើកទឹកចិត្តភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនលើសពីឆ្នាំ ២០២៤ ដែលមានប្រមាណ ៨០ ម៉ឺននាក់។
លោក Wenbin បានថ្លែងថា៖«ខ្ញុំមានជំនឿថាចំនួនភ្ញៀវទេសចរចិននឹងកើនឡើងច្រើនក្នុងឆ្នាំថ្មី ២០២៥ នេះ។ យើងមានឆន្ទះក្នុងការធ្វើការជាមួយ PATA និងស្ថាប័នផ្សេងៗទៀត ដើម្បីធ្វើឱ្យការសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរការតែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាព»។
បន្ថែមពីលើនេះ លោក Wenbin ក៏បានសន្យាជួយផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជាទៅដល់ភ្ញៀវទេសចរចិន ដោយកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពល្អ និងមានគោលដៅទេសចរណ៍ជាច្រើនទាំងបែបវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ និងរមណីយដ្ឋានកែច្នៃ។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ ឱ្យដឹងថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវបរទេសដែលធ្វើដំណើរមកប្រទេសកម្ពុជា មានចំនួនសរុប ៦ លាននាក់ កើនឡើង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ជនជាតិចិន ឈរនៅលំដាប់ទី ៣ ដែលចូលមកកម្ពុជាច្រើនជាងគេ ដោយមានចំនួនសរុប ៧៦៩ ៧៧៥ នាក់ កើនឡើង ៥៤,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ជនបរទេសដែលចូលមកកម្ពុជាច្រើនជាងគេ គឺមកពីប្រទេសថៃ ចំនួន ១,៩១ លាននាក់ និងទី២ ជនជាតិវៀតណាម ១,២ លាននាក់។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១០ ខែមករាថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទស្សនៈ និងស្វែងយល់ពីគ្នាឱ្យបានកាន់តែច្រើនក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងចិន-កម្ពុជា។
លោកបន្តថា កម្ពុជាមានភាពចាំបាច់ក្នុងការសិក្សា និងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តបានច្រើន ខណៈគ្រប់ប្រទេសលើពិភពលោកក៏កំពុងខិតខំខ្លាំងផងដែរលើកិច្ចការនេះ។
លោកបានថ្លែងថា៖«ភ្ញៀវជនជាតិចិន គឺសំខាន់សម្រាប់គ្រប់ប្រទេស ដោយប្រទេសណាក៏ត្រូវការដែរ ព្រោះប្រជាជនចិនមានចំនួនច្រើន។ នៅពេលមានភ្ញៀវទេសចរបរទេសចូលមកកម្សាន្តច្រើន វាក៏នឹងជួយលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិបានមួយចំណែក»។
លោកប្រាប់ទៀត៖«ក្នុងជំនួបខាងលើភាគីចិន ក៏បានបង្ហាញពីបំណងចង់ឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាពីការលើកលែង Visa សម្រាប់ប្រជាជនចិនទាំងអស់ ឬយ៉ាងហោចណាស់សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍ ខណៈបច្ចុប្បន្នមានប្រទេសជាច្រើនលើពិភពលោកបានធ្វើរួចហើយ»។
បើតាមលោក ស៊ីណាន ក្រៅពីភ្ញៀវទេសចរជនជាតិចិន បច្ចុប្បន្នវិស័យទេសចរណ៍ពិភពលោកក៏កំពុងចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរជនជាតិឥណ្ឌាផងដែរ ព្រោះឥណ្ឌា និងចិន សុទ្ធតែជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន បាននិយាយថា កំណើននៃការតភ្ជាប់ជើងហោះហើររវាងទីក្រុងនានានៅក្នុងប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដែលមានចាប់តាំងពីចុងឆ្នាំ ២០២៤ គឺជាសញ្ញាបញ្ជាក់ថាក្នុងឆ្នាំ២០២៥ នេះកម្ពុជានឹងទទួលបានកំណើនភ្ញៀវជនជាតិចិនកាន់តែច្រើន ខណៈមុនពេលមានវត្តមានជំងឺកូវីដ១៩ ភ្ញៀវទេសចរចិនបានចូលមកប្រទេសកម្ពុជាយ៉ាងច្រើន។
ជនជាតិចិន គឺជាភ្ញៀវទេសចរដែលគ្រប់ប្រទេសចង់បាន ព្រោះជាភ្ញៀវទេសចរដែលមានចំនួនច្រើនជាងគេលើពិភពលោក។
លោកស្រីបានថ្លែងថា៖«ប្រសិនបើកម្ពុជាអាចបង្កើនបរិយាកាសឱ្យកាន់តែប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិនឱ្យធ្វើដំណើរមកកម្ពុជាវិញបានច្រើនដូចមុនឆ្នាំ ២០២០ គឺជាការប្រសើរណាស់។ ការកាត់បន្ថយនីតិវិធី និងតម្លៃទិដ្ឋាការ គឺជាចំណែកសំខាន់មួយក្នុងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរបរទេស»។
ឆ្នាំ២០១៩ គឺជាពេលដែលប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរច្រើនបំផុត ដោយមានចំនួនសរុប ៦,៦១លាននាក់ ក្នុងនោះជនជាតិចិន មានចំនួនច្រើនជាងគេ គឺប្រមាណ ២,៣៦ លាននាក់ កើនឡើង ១៦,៧ ភាគរយបើធៀបនឹងឆ្នាំ ២០១៨៕