ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ សម្រេចបានក្នុងទឹកប្រាក់សរុបជិត ៥៥ ពាន់លានដុល្លារ កើនឡើងជិត ២០ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជាបន្តមានអតុល្យភាពជិត ២,៤ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ១២ ខែឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤៦,៨៣ ពាន់លានដុល្លារ ដោយក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ។
ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេទាំង ៥ របស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។ ទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានភាគច្រើន ជាផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន, ឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនិងទំនិញសំខាន់ៗមួយចំនួន ទៀត ចំណែកទំនិញនាំចូលមានដូចជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុធ្វើពីដែក វត្ថុធ្វើពីប្លាស្ទីក និងផលិតផលគីមី ជាដើម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១០ ខែមករា ថា ស្ថិរភាពនយោបាយ និងការកែលម្អប្រព័ន្ធច្បាប់វិនិយោគ បានជួយឱ្យកម្ពុជាទាក់ទាញបានក្រុមហ៊ុនលំដាប់ពិភពលោកកាន់តែច្រើនឱ្យចូលមកបើករោងចក្រនៅកម្ពុជាដើម្បីផលិតសម្រាប់នាំចេញ ខណៈកម្ពុជាជាប្រទេសមួយដែលទទួលបានសិទ្ធិពិសេសផ្នែកពន្ធគយលើការនាំទំនិញទៅកាន់ប្រទេសមួយចំនួនលើពិភពលោក។
លោកលើកឡើងទៀតថា ក្រៅពីនេះកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗដូចជាចិន កូរ៉េ និងអារ៉ាប់រួមអេមីរ៉ាត ព្រមទាំងកិច្ចព្រមព្រៀងលក្ខណៈតំបន់ RCEP ផងដែរ។
លោកបានថ្លែងថា៖«ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាក្នុងឆ្នាំ ២០២៤ គឺកើតចេញពីការខិតខំរួមគ្នារវាងរដ្ឋាភិបាល និងផ្នែកឯកជន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗដើម្បីទាក់ទាញវិនិយោគិន ព្រមទាំងមានការផ្សព្វផ្សាយល្អៗពីកម្ពុជាលើឆាកអន្តរជាតិផងដែរ»។
នៅក្នុងឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍនន៍កម្ពុជា(CDC) បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ៥៤ ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ២៦៨ គម្រោង។ សម្រាប់ទុនវិនិយោគ គឺមានទឹកប្រាក់សរុប ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ ពីចំនួន ៤,៩២ ពាន់លានដុល្លារ៕