ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៤ សម្រេច​បាន​ ៦៥១ ៥២២ តោន ដែល​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​ ៤៩១.១៩​​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែ​មករា​ នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា អង្ករ​ទាំង​នេះ​នាំចេញ​ដោយ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន ៥៧​ក្រុមហ៊ុន ទៅ​កាន់​គោល​ដៅ​ចំនួន​ ៦៨ ដែល​ក្នុង​នោះ​គោលដៅ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ចំនួន ២៦ ​សម្រេច​បាន​បាន​បរិមាណ​អង្ករ ៣២៧ ១៥៦ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន ២៥៣.១៨ លាន​ដុល្លារ។

ចំណែក​គោលដៅ​ប្រទេស​ចិន ដែល​រួម​មាន​ទាំង​ហុងកុង និង​ម៉ាកាវ មាន​ទំហំ ១១៧ ៩២៥ តោន គិតជា​ទឹកប្រាក់​ចំនួន ៧៥.៦៦ លាន​ដុល្លារ។ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចំនួន​៧ សម្រេច​បាន​ ១២៧ ០៧៦ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន ៩២.៧០ លាន​ដុល្លារ។

សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​គោលដៅ​ ៣២ ប្រទេស​ផ្សេង​ទៀត​ដូចជា​ អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន សម្រេច​បាន​ ៧៩ ៣៦៥ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន  ៦៩.៥៤​លាន​ដុល្លារ។

ប្រភេទ​អង្ករ​ក្រអូប​នាំ​ចេញ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​ ៧៦.១៥% នៃ​ការ​នាំ​ចេញ​សរុប ចំណែក​ប្រភេទ​អង្ករ​ស ធម្មតា​ មាន​ ១៨.៧០% អង្ករ​ចំហុយ ​៣.១០% អង្ករ​សរីរាង្គ​ចំនួន ១.៧៨%  និង​អង្ករ​ផ្សេងៗ​ចំនួន​ ០.២៧%។

សហព័ន្ធ​ស្រូវ​អង្ករ​បញ្ជាក់​ថា៖ «ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​សើម ​៥ ១៨០ ១៥៥​តោន​ គិតជា​ទឹក​ប្រាក់​បាន​មាន​ប្រមាណ ១ ៤៩៦ លាន​ដុល្លារ ដែល​ក្នុងនោះ ៨៩% បាន​នាំចេញ​ដោយ​ឆ្លង​កាត់​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ឯកសារ​នាំ​ចេញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែង​ថា ការ​នាំ​ចេញ​អង្ករ​ឆ្នាំ​២០២៤​ធ្លាក់​ចុះ​ប្រមាណ​១​ភាគ​រយ ដោយ​សារ​តែ​ជួប​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ទៅ​អឺរ៉ុប ដូចជា​កង្វះ​កុងតឺន័រ៕