ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ជំនឿថា ជំនួប​រវាងថ្នាក់​ដឹក​នាំ​​ក្រសួង​ទេសចរណ៍កម្ពុជា​​ ជា​មួយ​ឯកអគ្គរាជទូតនៃ​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត ប្រចាំនៅ​កម្ពុជា នឹង​ជួយ​ធ្វើ​ឱ្យ​​ការ​​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​​កាន់​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួម​ទាំង​ប្រទេស​នៅ​តំបន់​អារ៉ាប់​ទាំងមូល​ ​កាន់​តែ​មាន​ភាព​​​ទូលំទូលា​យ និង​ប្រសើរ​ជាង​មុន។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ហួត ហាក់ កាល​ពីថ្ងៃ​​ទី៩ ខែមករា ឆ្នាំ២០២៥ នៅ​ស្តីការក្រសួងទេសចរណ៍​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។​

ជាកិច្ច​ចាប់​ផ្តើម​ លោក ហួត ហាក់ បាន​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើត​ទំនាក់ទំនងការទូត​ក្នុងរយៈពេលជាង ១០ឆ្នាំ​កន្លងមក ហើយ​នា​ពេល​ខាង​មុខឆាប់​ៗ​​​រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត​ ក៏មានគម្រោង​​បើកដំណើរការស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​ការទូត និង​​កិច្ចសហប្រតិបត្តិការទ្វេភាគី​​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ប្រាប់​ភាគី​អារ៉ាប៊ីសាអ៊ូឌីត អំពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) ពី ៣៦ដុល្លារ មកនៅត្រឹម ៣០ដុល្លារ និង​ប្រភេទធម្មតា (E) ពី ៤២ ដុល្លារអាមេរិក មកនៅត្រឹម ៣៥ដុល្លារ។​

ជាការឆ្លើយតប ​លោក Mohammed Ismaeil A. Dahlwy បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​កម្ពុជា​ដែល​បានជួប​​ពិភាក្សាការងារ​ដើម្បី​ជំរុញ​​វឌ្ឍនភាពនៃកិច្ច​សហប្រតិបត្តិការ និងការសហការ​ក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត ឱ្យកាន់​តែ​ល្អ​ប្រសើរ​​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ជំនួបខាងលើ ភាគី​ទាំង ២​បាន​ព្រម​ព្រៀង​លើ​វិធីសាស្រ្ត​មួយ​ចំនួន​ដើម្បី​​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ទ្វេភាគី មាន​ដូច​ជា ការ​ឯកភាពលើ​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម, ការ​ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម(Muslim Friendly Tourism), ការឯកភាពពិនិត្យលទ្ធភាពរៀបចំកម្មវិធីដំណើរទស្សនកិច្ចស្វែងយល់(FAM Trip) ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ, និង​ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ​បន្ថែមទៀត។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុងឆ្នាំ២០២៤ ប្រទេស​កម្ពុជា​ទទួលបានភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ជាង ៦,៧លាននាក់ កើនឡើង ២២,៩​ភាគរយ​បើ​​ធៀបនឹងឆ្នាំ២០២៣ ដោយ​កើនឡើង ១,៤ ភាគរយ​​ធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​(មុនវិបត្តិ​ជំងឺកូវីដ-១៩)។ ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​​ភ្ញៀវទេសចរអារ៉ាប៊ីសាអ៊ូឌីត ប្រមាណ ៤០០នាក់។

ប្រធាន​សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីលីន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១៣ ខែ​មករា ​ថា កម្ពុជា​ពិត​ជា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ រួម​ទាំង​អារ៉ាប៊ីសាអ៊ូឌីត ឱ្យ​មក​កម្សាន្ត​ ព្រោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ គឺ​មាន​ភាព​សម្បូរបែបទាំង​​ទេសចរណ៍បែប​​​​វប្បធម៌ ​ប្រវត្តិសាស្រ្ត តំបន់​ឆ្នេរ​សមុទ្រ​ តំបន់​​ទន្លេសាប និងជា​ពិសេស​តំបន់​អេកូ​ទេសចរណ៍ដែលមិន​សូវ​មាន​នៅ​ក្នុង​តំបន់​អារ៉ាប់ រួម​ទាំង​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។​

លោកស្រី​បន្តថា បច្ចុប្បន្ន​កម្ពុជា​មាន​ជើងហោះហើរត្រង់​ជា​ច្រើន​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់ ដែល​ទាំង​នេះ​គឺ​ជា​កម្លាំង​ចលករ​​ដ៏​សំខាន់​​ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​ និង​ជំរុញ​ភ្ញៀវពី​តំបន់​អារ៉ាប់ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅកម្ពុជា​កាន់​តែ​ច្រើន​។​​

លោកស្រី​​ថ្លែង​ថា៖​«​តាម​រយៈ​ការ​ហោះហើរត្រង់នេះ​ គឺមិន​ត្រឹមតែ​​ភ្ញៀវតំបន់​អារ៉ាប់ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​មាន​មក​ពី​ប្រទេស​ផ្សេងៗ​ផងដែរ។ ខ្ញុំមាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរអារ៉ាប៊ីសាអ៊ូឌីត និង​តំបន់​អារ៉ាប​ កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​»។​

លោកស្រី​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ក៏មាន​ជនជាតិ​កម្ពុជា​មួយ​ចំនួន​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​តំបន់​អារ៉ាប់​ផងដែរ។ ភ្ញៀវ​ទេសចរដែល​​ទៅ​កម្សាន្ត​នៅ​ទីនោះ គឺ​ប្រៀបដូច​ជាការ​ផ្សព្វផ្សាយ​ឱ្យ​គេ​ស្គាល់​ពី​កម្ពុជា​កាន់​តែ​ច្រើន​​ផងដែរ​។​

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា(PATA) លោក ធួន ស៊ីណាន បាន​ប្រាប់ថា ទីផ្សារ​តំបន់​អារ៉ាប់​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​សម្រាប់​កម្ពុជា​ការ​ទទួល​បានភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អារ៉ាប់ ​គឺ​នៅ​មាន​កម្រិត​តិចតួចបំផុត ហើយ​ជន​ជាតិ​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ទៅ​ទីនោះក៏​​ចំនួន​តិចតួច​នៅ​ឡើយ​ ប៉ុន្តែ​បើ​ឆ្លង​កាត់(ការ​ប្តូរ​ជើង​យន្តហោះ) គឺមាន​ចំនួន​ច្រើន។​ លោក​បន្ត​ថា ​គ្រប់ការជួប​ពិភាក្សា នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ និង​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក​​អះអាង​ថា៖​«​រយៈកាល​កន្លងមក​នេះ​យើង​​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ជួប​ពិភាក្សា​ជាមួយ​​ថ្នាក់​ដឹក​នាំ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើនទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ដែល​ទាំង​អស់​នេះ គឺ​ជា​វិធី​សាស្រ្ត​ក្នុង​ការ​ជំរុញ​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​មាន​ភាព​ជិត​ស្និត ក៏​ដូច​ជា​កិច្ច​ការ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​មាន​កាន់​តែ​ច្រើន»៕