ចំណង​ការទូត​ដ៏រឹងមាំបាន​ធ្វើ​ឱ្យ​​ទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋចិន កើន​​ដល់​កម្រិត​ខ្ពស់​បំផុតកាល​ពី​ឆ្នាំ​ ២០២៤ គឺប្រមាណ​ជាង ១៥ ពាន់​លាន​ដុល្លារ​ ដោយ​ចំនួន​នេះ​ស្មើ​នឹង​ជិត ៣០ ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ ដែល​មាន​ ៥៤,៧៤ ពាន់លាន​ដុល្លារ​។ ​វិនិយោគិនចិន ក៏​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា(FDI)​ផងដែរ។​

ទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ ២០២៤ សកម្ម​ភាព​នៃ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ១៥,១៩ ពាន់លាន​ដុល្លារ កើន​ឡើង ២៣,៨ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន ១២,២៦ ពាន់​លាន​ដុល្លារ​។

ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ ពាន់​លាន​ដុល្លារ កើន ១៨,៤ ភាគរយ។​

ផ្អែក​តាម​ទិន្នន័យខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ​មាន​ឱនភាព​ប្រមាណ ១១,៦៩ ពាន់​លាន​ដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​ ២០២៣ មាន​ចំនួន ៩,៣១ ពាន់​លាន​ដុល្លារ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា បង្ហាញ​​​ថា ក្នុង​ឆ្នាំ ២០២៤ មាន​គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការ​វិនិយោគ​មក​ពី​សាធារណរដ្ឋប្រជាមានិត​ចិន ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ ដោយ​មាន​ទុនវិនិយោគ​ប្រមាណ ៤៩,៨២ ភាគ​រយ​នៃ​ចំនួន​ទុន​វិនិយោគ​ក្នុង​ឆ្នាំ ២០២៤។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៤ ខែ​មករា ថា កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ចិន​ កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត តម្រូវ​ការ​​វត្ថុធាតុដើមពី​ប្រទេស​ចិន​​សម្រាប់​យក​ទៅ​ផលិត/កែច្នៃដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ 

លោក​បន្ត​ថា ​ក្រៅ​ពី​វត្ថុធាតុដើម​ កម្ពុជា​ក៏​បាន​នាំ​ចូល​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ថ្មីៗ​ជា​ច្រើន​ពី​ប្រទេស​ចិនមក​​បំពាក់​នៅ​តាម​រោងចក្រ​ដើម្បី​ធ្វើ​ឱ្យ​ចង្វាក់​ផលិតកម្មមាន​ដំណើរ​ការ​កាន់​តែល្អ ផលិតបានច្រើន​ និង​មាន​គុណភាព​ល្អ​ជាងមុន​។​​ ផលិតផល​គ្រឿងម៉ាស៊ីន​​កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​លើកកម្ពស់​​សមត្ថភាព​ផលិតកម្ម​នៅកម្ពុជា​។

លោក​និយាយ​​ថា​៖​«លើសពីនេះ​ទៀត​ បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​ ដែល​​ឈាន​ដល់​ការ​ដំឡើង​ពន្ធ​គយ​ជា​មួយ​គ្នា​ ក៏​ជា​ចំណែក​មួយ​​ជួយ​ជំរុញ​ឱ្យ​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​មើល​ឃើញ​ពី​ឱកាស​ក្នុង​ការ​បង្វែរ​រោង​ចក្រ​​របស់​ខ្លួន​មក​បោះទីតាំង​នៅ​កម្ពុជា ដែល​ជា​ប្រទេស​មាន​ទំនាក់​ទំនង​ផ្នែកនយោបាយ និង​ទីផ្សារ​ល្អ​ជា​មួយប្រទេស​ជា​ច្រើន​លើ​ពិភពលោក​»។​​

ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយនភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ/​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ/ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក ឱសថ ... និងជីកសិកម្ម។ល។ 

ទាក់​ទង​នឹង​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា លោក វិចិត្រ បាន​អះអាង​ថា ចំនួន​នេះ​នឹង​​បន្ត​​កើន​ឡើង​ថែម​ទៀត​ពេល​​​ពេល​អនាគត។ នៅ​ពេល​វិនិយោគិន​ចិន​ ចូល​មក​​​បើក​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែ​ច្រើន ការ​នាំ​ចូល​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំ​ពី​ប្រទេស​ចិន​មក​កម្ពុជា​ក៏​នឹង​កើន​ឡើងដែរ​។​

ទោះយ៉ាង​ណា លោក វិចិត្រ បាន​ជំរុញ​​​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​​កម្ពុជា​ត្រូវ​តែ​ខិត​ខំ​អភិវឌ្ឍន៍​វិស័យ​សក្តានុពល​របស់​ខ្លួន ពិសេស​វិស័យ​កសិកម្ម​ឱ្យ​​កាន់​តែ​ខ្លាំងបន្ថែម​ទៀត​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​នាំចេញ​​ទៅ​ទីផ្សារ​ប្រទេស​ចិន​​។ ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ក៏​មាន​ភាព​ចាំបាច់​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា៖​«​ការ​ខិតខំ​របស់​រដ្ឋាភិបាលកម្ពុជា​​លើ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីៗ​ នឹង​ក្លាយ​ជា​មេដែក​ឆក់​ទាញ​អ្នក​វិនិយោគបរទេស ពិសេស​ជន​ជាតិ​ចិន​ឱ្យ​ចូល​ម​ក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែច្រើន»។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាននិយាយ​ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ជា​ច្រើន​ពី​ប្រទេស​ចិន​មក​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក និង​បង្កើន​សមត្ថភាព​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ 

លោក​បន្ត​ថា ឱនភាព​ជញ្ជីង​ពាណិជ្ជកម្មកម្ពុជាជា​មួយ​ប្រទេស​ចិន គឺ​មិន​មែន​ជា​ចំណុច​ដែល​គួរឱ្យ​បារម្ភ​​ទេ ព្រោះ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ចិន​​ភាគច្រើន​គឺ​ជា​វត្ថុធាតុដើម​ក្នុង​វិស័យ​វាយនភណ្ឌ ដែល​បម្រើ​ឱ្យ​ការ​កែច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​មាន​សក្តានុពល​​ដូចជា អាមេរិក កាណាដា និងតំបន់​​អឺរ៉ុប ជា​ដើម​។

លោក​បាន​ថ្លែង​ថា៖​«ប្រទេស​ចិន​គឺ​ជា​ប្រភព​​ផ្គត់ផ្គង់​វត្ថុធាតុដើម​សំខាន់​ៗ​ឱ្យ​រោងចក្រ​នៅកម្ពុជា សម្រាប់​កែច្នៃ​ និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​។ កំណើន​រោងចក្រ​នៅ​កម្ពុជា ​នឹង​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បន្ត​កើន​ឡើង​ខ្ពស់​បន្ថែម​ទៀត»។

លោក​លើក​ឡើង​ទៀត​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-​ចិន(CCFTA) ក៏​ជា​កម្លាំងចលករ​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ចិន​កាន់​តែច្រើន​ឱ្យ​ចូល​មក​វិនិយោគ ឬ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក ដើម្បី​ផលិត​ទំនិញ​នាំ​ទៅ​​ប្រទេស​ចិនវិញ​។

ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​៥-​១០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ក្រសួង​ពាណិជ្ជកម្ម និង​ផ្នែក​ឯកជនកម្ពុជា បាន​នាំ​យក​ផលិតផល​គុណភាព​ខ្ពស់​របស់​កម្ពុជា​ជាង ១០០ មុខ ទៅ​ចូល​រួមក្នុង​ព្រឹត្តិការណ៍​«ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរជាតិ​ចិន លើក​ទី៧» នៅ​ក្នុង​ទីក្រុង​សៀងហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ប្រទេស​ចូល​រួម​សរុប​ចំនួន ១៦០​ប្រទេស។

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​នាំ​យក​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​កម្ពុជា​ជាង ១០០មុខ រួមមាន អង្ករ គ្រាប់​ស្វាយចន្ទី សម្ភារ​ធ្វើដំណើរ និង​កាបូប ផលិតផល​សម្គាល់​ភូមិសាស្រ្ត​ទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារ​កែច្នៃ​សំណល់​ប្លាស្ទិក ។ល។ ដើម្បី​ចូលរួម​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រិត្តិការណ៍នេះ៕​