វិស័យ​​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ នេះ​ត្រូវ​បាន​ព្យាករណ៍នឹង​មានស្ថាន​ភាព​ប្រហាក់​ប្រហែល​​ឆ្នាំ​ ២០២៤ ដោយ​តម្លៃ​អាច​ស្ថិត​នៅ​ទ្រឹង ប៉ុន្តែ​សម្រាប់​តម្រូវ​ការ​​អចលនទ្រព្យ​ជា​ប្រភេទ​ដីធ្លី​សម្រាប់ការ​វិនិយោគ​​ក្នុង​វិស័យ​ឧស្សាហកម្ម នឹង​មានភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន។​​​

ឆ្លើយតប​នឹង​ការ​សាក​សួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​កម្មវិធី «Fearless Forecast 2025» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា លោកស្រី ​គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia (Kinkesa Kim, Managing Director of CBRE Cambodia) បាន​ប្រាប់​ថា តាម​ការ​ព្យាករណ៍នៅ​​ក្នុង​​​ឆ្នាំ​ ២០២៥ នេះ​ស្ថាន​ភាព​ទូទៅ​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ គឺ​អាច​មាន​សភាពប្រហាក់​ប្រហែល​នឹង​ឆ្នាំ ២០២៤ ដោយ​អចលនទ្រព្យ​ប្រភេទ​លំនៅឋាន អគារការិយាល័យ ផ្សារ​ទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម នឹង​មាន​តម្រូវការ​ល្អ​ជាងឆ្នាំ ២០២៤ បន្តិច ប៉ុន្តែ​សម្រាប់​តម្លៃ​អាច​រក្សា​នៅ​ដដែល។ 

លោកស្រីបន្ត​ថា ទោះយ៉ាង​ណាអ្វី​ដែល​នឹងមាន​សញ្ញា​​វិជ្ជមាន​សម្រាប់​ឆ្នាំ​ ២០២៥ នេះ គឺ​តម្រូវការ​អចលនទ្រព្យ​​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​។​

លោកស្រីបាន​ថ្លែង​ថា៖​«​ខ្ញុំ​គិត​ថា​អចលនទ្រព្យ​ក្នុង​ផ្នែកឧស្សាហកម្ម​នឹង​មាន​ការ​រីក​ចម្រើន​មុន​គេ ហើយ​នឹង​មាន​រយៈ​ពេល​យូរទៅមុខ។ ​និន្នាការ​នេះ​គឺ​មិន​មែន​សម្រាប់​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ​ទេ គឺ​​សម្រាប់​ប្រទេស​ជិតខាង​​ដូច​ជា វៀតណាម ថៃ និង​ម៉ាឡេស៊ី ផងដែរ»។

លោកស្រីបាន​ប្រាប់​ទៀត​ថា ទាក់​ទង​នឹង​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស គឺ​ចាប់​កម្រើក​ឡើង​វិញ​​​ខ្លះៗតាំង​ពី​ចុង​​​ឆ្នាំ ២០២៤ មក​ ដោយ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មានកំណើន​​តម្រូវ​ការ​ដីសម្រាប់​សាងសង់រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ដើម​។ ភាព​វិជ្ជមាន​ទាំង​អស់​នេះ​ គឺ​ទទួលបាន​ពី​ភាព​មិន​ចុះ​សម្រុង​​​គ្នា​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោកអាមេរិក និង​ប្រទេស​ចិន។​​

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន(The President of the Global Real Estate Association and Chairman of the Board of SAM SN Group, Mr. Sam Soknoeun) បាន​និយាយ​ថា ក្នុង​ឆ្នាំ ២០២៤ ក៏ដូច​ជាឆ្នាំ ២០២៥ គឺ​ត្រូវ​ការ​អចលនទ្រព្យ​មាន​​ច្រើន​សម្រាប់​តែ​តម្រូវ​ការ​ក្នុង​​​វិស័យ​ឧស្សាហកម្មប៉ុណ្ណោះ ដូចជា​តម្រូវការដីសម្រាប់សាងសង់​រោងចក្រ/សហគ្រាស សួនឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ឬក៏ឃ្លាំងស្តុក​ផ្សេងៗ។​

លោក​បាន​ថ្លែង​ថា៖​«​ស្ថានភាព​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ២០២៥ ​អាច​ប្រសើរ​ជាង​ឆ្នាំ ២០២៤ ដោយ​ផ្នែកតែប៉ុណ្ណោះជា​ពិសេស​ដីធ្លី​ក្នុង​វិស័យ​ឧស្សាហកម្ម ចំណែក​អចលនទ្រព្យ​ផ្នែក​លំនៅឋាន គឺ​អាច​​នៅ​ទ្រឹងដូចឆ្នាំ​ ២០២៤ ព្រោះ​តែ​ការ​ផ្គត់ផ្គង់លើសតម្រូវ​ការ​»។ វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ២០២៥ នឹងនៅតែមិនទាន់ប្រសើរដូចឆ្នាំមុនឆ្នាំ ២០១៩។ 

ដើម្បី​ចូល​រួម​ចំណែក​ជំរុញ​សម្ទុះ​វិស័យ​អចលនទ្រព្យ​ឱ្យ​កម្រើក​ឡើង​វិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២៤ បាន​ចេញ​នូវ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តីពី​«ការ​លើក​លែង​និង​អនុ​គ្រោះ​ពន្ធ​ប្រថាប់ត្រា​ លើ​ការ​ផ្ទេរកម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន និង​/ឬ​ផ្ទេរកម្ម​សិទ្ធិ​ជា​លើកដំបូង (First-Time Home Buyer) ដែល​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​ទី១ ខែ​មករា ឆ្នាំ ២០២៥ រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៥» បាន​សរសេរ​ថា ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទិញ​លំនៅឋាន​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដែល​មាន​លក្ខណៈ​ជា​បុរី ឬ​អគារ​សហកម្ម​សិទ្ធិ (ខុនដូ) និង​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​បន្ថែម​ទៀត ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​ម្ចាស់​អចលនទ្រព្យ និង​សាធារណជន អំពី​ការ​លើកលែង​និង​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរកម្ម​សិទ្ធិ ឬសិទ្ធិ​កាន់កាប់​អចលន​ទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន និង/ឬ​ផ្ទេរ​កម្មសិទ្ធិ​ជាលើក​ដំបូង (First-Time Home Buyer) មួយ​ចំនួន៕