រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ប្រទេសជប៉ុនបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ព្រមទាំងជួយកម្ពុជាឱ្យធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងពិភពលោក។
នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក KATO Katsunobu នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១០ ខែមករា។ ក្នុងជំនួបនេះក៏មានការចូលរួមរបស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។
ជាកិច្ចចាប់ផ្តើម លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
លោកបន្ថែមថា ហិរញ្ញប្បទានពីប្រទេសជប៉ុនទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលផ្តល់ឱ្យកម្ពុជា គឺសុទ្ធតែបានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលក។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានថ្លែងថា៖«ហិរញ្ញប្បទានពីប្រទេសជប៉ុន បានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក»។
លោកបានលើកឡើងទៀតថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានកំណត់យកផ្នែកឯកជន គឺជាកិច្ចការអាទិភាព តាមរយៈការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍វិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលគឺជាយុទ្ធសាស្ត្រវិទូ។
ជាការឆ្លើយតប លោក KATO Katsunobu បានលើកឡើងពីទំនាក់ទំនងល្អរបស់រដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២។
លោកបន្ថែមថា ក្រៅពីកិច្ចសហប្រតិបត្តិការល្អផ្នែកការទូត រដ្ឋាភិបាលជប៉ុនក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២៤ មានទឹកប្រាក់សរុប ២,១៦ ពាន់លានដុល្លារ កើនឡើង ២០,១ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅជប៉ុន មានទឹកប្រាក់ ១,៤១ ពាន់លានដុល្លារ កើនឡើង ១៩,៨ ភាគរយ ចំណែកជប៉ុននាំមកកម្ពុជា ៧៥២,៥៦ លានដុល្លារ កើនឡើង ២០,៧ ភាគរយ។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឧត្តមភាពប្រមាណ ៦៥៦,១២ លានដុល្លារ។
ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ គឺស្មើនឹង ៣,៩៥ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ ដែលមានចំនួន ៥៤,៧៤ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៥ ខែមករា ថា (Lim Heng, Vice-president of the Cambodia Chamber of Commerce (CCC), told the Post on January 15 that) ជប៉ុន គឺជាទីផ្សារគោលដៅទទួលទិញទំនិញសំខាន់របស់កម្ពុជា ដោយមានទឹកប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំៗ។ ទំនិញសក្តានុពលដែលកម្ពុជានាំទៅជប៉ុន គឺជាផលិតផលសម្លៀកបំពាក់ គ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក និងផលិតផលកសិកម្ម។
លោកបន្តថា ការនាំចេញទំនិញពីកម្ពុជានឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត ព្រោះបច្ចុប្បន្នមានវិនិយោគិនជប៉ុនកាន់តែច្រើនបានចូលមកបើករោងចក្រផលិតគ្រឿងបង្គុំនៅកម្ពុជាសម្រាប់យកទៅផ្គត់ផ្គង់ឱ្យរោងចក្រធំៗនៅក្នុងប្រទេសជប៉ុន។
លោកនិយាយទៀតថា ក្រៅនេះនោះប្រទេសទាំង ២ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យសមាជិកទាំង ១៥ ប្រទេសអាចនាំចេញ-នាំចូលរវាងគ្នាក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធយក និងវិធានមួយចំនួន។
លោកថ្លែងថា៖«ជប៉ុនជាប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម ដូច្នេះកម្ពុជាមានឱកាសច្រើនក្នុងនាំទំនិញរបស់ខ្លួនទៅកាន់ទីនោះ ជាពិសេសផលិតផលវាយនភណ្ឌ និងកសិកម្ម»។
លោកបន្ថែមថា ក្រៅពីពាណិជ្ជកម្មទំនិញ បច្ចុប្បន្នក៏មានវិនិយោគិនជប៉ុនជាច្រើនកំពុងវិនិយោគនៅកម្ពុជាផងដែរ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ ធានារ៉ាប់រង រោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក ផ្សារទំនើប និងភោជនីយដ្ឋាន ជាដើម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មានគម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ស្ថិតនៅចំណាត់ថ្នាក់ទី៧ ដោយមានប្រមាណ ០,៥៨ ភាគរយនៃចំនួនទឹកប្រាក់សរុប៕