ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ) ក្នុងឆ្នាំ២០២៤ បានបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដោយបរិមាណ នាវាដឹកទំនិញ និងចំនួនកុងតឺន័រឆ្លងកាត់ បានកើនឡើងក្នុងរង្វង់ជាង ២០ភាគរយ ចំណែកអ្នកដំណើរឆ្លងកាត់បានហក់ឡើងរហូតដល់ជាង ៤០ភាគរយ។
សេចក្តីប្រកាសព័ត៌មានរបស់ ក.ស.ភ ចេញផ្សាយកាលពីថ្ងៃទី១៥ខែមករា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពអាជីវកម្មរបស់ ក.ស.ភ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណនាវាឆ្លងកាត់ មានចំនួន ៤ ៨៩៤គ្រឿង កើនឡើង ២៦,៨២ភាគរយបើធៀបនឹងឆ្នាំ២០២៣, កុងតឺន័រ ឆ្លងកាត់ ៤៨០ ២០០ធីអ៊ីយូ(TEU) កើនឡើង ២១,១៩ ភាគរយ, ទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ៤ ៨០៦ ៦៥៤ តោន កើន ១៥,៩១ភាគរយ។
ក្រៅពីនេះក៏មាននាវាដឹកអ្នកដំណើរឆ្លងកាត់ចំនួន ៧០៨គ្រឿង កើនឡើង ២៤,៨៧ភាគរយ និងចំនួនអ្នកដំណើរឆ្លងកាត់ចំនួន ៣៦ ១៥០នាក់ កើនឡើង ៤៣,៧៣ភាគរយ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា សម្រាប់ខែធ្នូ ឆ្នាំ២០២៤ បរិមាណនាវាឆ្លងកាត់មានចំនួន ២៥០គ្រឿង កើនឡើង ១៣,១២ភាគរយបើធៀបនឹងខែធ្នូ ឆ្នាំ២០២៣, កុងតឺន័រឆ្លងកាត់ ៤៣ ៣៦១ធីអ៊ីយូ(TEU) កើន ២៦,៤៩ ភាគរយ, ទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ៤៤០ ០៦៥តោន កើន ១៤,៩៤ភាគរយ។ ចំណែកនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៧៥គ្រឿង កើនឡើង ២០,៩៧ភាគរយ និងចំនួនអ្នកដំណើរឆ្លងកាត់ ៣ ៣០០នាក់ កើនឡើង ១៦,៥៧ភាគរយ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៦ ខែមករា ថា សកម្មភាពដឹកជញ្ជូនទំនិញនៅកំពង់ផែស្វយ័តភ្នំពេញពិតជាកើនឡើងច្រើននារយៈពេល ៤-៥ឆ្នាំកន្លងមកនេះ ហើយសញ្ញាវិជ្ជមាននេះនឹងមានកាន់តែច្រើនថែមទៀតនៅពេលគម្រោងព្រែកជីកហ្វូណន តេជោ សាងសង់រួចរាល់។
ព្រែកជីកនេះនឹងដើរតួនាទីជាផ្លូវទឹកតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត ក៏ដូចជាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ លោកបន្តថា សម្រាប់ទំនិញដែលឆ្លងកាត់កំពង់ផែភ្នំពេញ គឺមានភាគច្រើនជាផលិតផលកសិកម្ម ជីកសិកម្ម និងផលិតផលវាយនភណ្ឌ។
លោកប្រាប់ទៀតថា បច្ចុប្បន្នដោយសារកម្ពុជាមិនមានផ្លូវទឹកតភ្ជាប់ត្រង់រវាងកំពង់ផែភ្នំពេញ ទៅកំពង់ផែសមុទ្រខេត្តព្រះសីហនុ ដូច្នេះការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញទៅកំពង់ផែសមុទ្រ គឺត្រូវឆ្លងកាត់តាមប្រទេសវៀតណាម។
លោកបានថ្លែងថា៖«សកម្មភាពរបស់កំពង់ផែភ្នំពេញ គឺពិតជាមានកំណើនទាំងការដឹកជញ្ជូនទំនិញចេញ-ចូល ក៏ដូចជាអ្នកដំណើរផងដែរ។ កំពង់ផែនេះនឹងកាន់តែមានភាពមមាញឹកនៅពេលគម្រោងព្រែកជីកហ្វូណន តេជោ បើកឱ្យដំណើរការដោយនៅពេលនោះនឹងមានទំនិញជាច្រើនត្រូវដឹកពីភាគកណ្តាលប្រទេសទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីនៅចេញទៅកាន់ទីផ្សារអន្តរជាតិ»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ពិសេសប្រភេទទំនិញធ្ងន់ៗគឺមានការពេញនិយមខ្លាំងនៅលើពិភពលោក ព្រោះជាមធ្យោបាយដឹកជញ្ជូនដែលមានតម្លៃទាប និងបានបរិមាណច្រើនបើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស។
លោកបន្តថា ប្រសិនបើនយោបាយ និងកំណើនសេដ្ឋកិច្ចសកលមិនជួបបញ្ហាប្រឈម គឺសកម្មភាពដឹកជញ្ជូនឆ្លងកាត់កំពង់ផែភ្នំពេញ ប្រាកដជានឹងកើនឡើងជារៀងរាល់ឆ្នាំ។
លោកបានអះអាងថា៖«កាលពីឆ្នាំ២០២៤ យើងឃើញមានអ្នកវិនិយោគជាច្រើនបានចូលមកបើករោងចក្រ/សហគ្រាសផលិតទំនិញនៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះខ្ញុំមានជំនឿថាវិស័យដឹកជញ្ជូននៅកម្ពុជា រួមទាំងនៅកំពង់ផែស្វយ័តភ្នំពេញ នឹងមានភាពល្អប្រសើរក្នុងឆ្នាំ២០២៥ នេះបើធៀបនឹងឆ្នាំ២០២៤»។
លោកប្រាប់ទៀតថា ដោយសារគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន តេជោ គឺជាតភ្ជាប់ពីកំពង់ផែស្វយ័តភ្នំពេញនៅកាន់កំពង់ផែសមុទ្រ ដូច្នេះនៅពេលគ្រោងព្រែកជីកហ្វូណន តេជោ បើកឱ្យដំណើរការវានឹងធ្វើឱ្យចំនួនកប៉ាល់ និងកុងតឺន័តឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងខ្ពស់ជាមិនខាន។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ១២ ខែឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤៦,៨៣ ពាន់លានដុល្លារ ដោយក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ៕