ធនាគារ​មក​ពី​កោះតៃវ៉ាន់ សាយណូផេក(Bank SinoPac) បាន​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុនចំនួន ៨០ភាគរយ ​របស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ជាផ្លូវ​ការ បន្ទាប់​ពី​អាជ្ញាធរអាណាព្យាបាលពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរបាន​ព្រមព្រៀង​គ្នា​រួចរាល់​។ Bank SinoPac នឹង​​ឈាន​ទៅកាន់កាប់​ភាគហ៊ុន ១០០​ភាគរយ​​របស់ អម្រឹត ​​នៅរយៈ​ពេល​យ៉ាង​តិច ២ ឆ្នាំបន្ទាប់​។​

Bank SinoPac បានក្លាយទៅជាភាគទុនិកធំរបស់ អម្រឹត បន្ទាប់​ពី​អតីតភាគទុនិកធំរបស់ អម្រឹត គឺ​ស្ថាប័ន Advans ​បានលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងក្នុង​ទឹកប្រាក់ ៥៥០ លាន​ដុល្លារ​ទៅ​ឱ្យ Bank SinoPac។ 

ជាមួយ​គ្នា​នេះ​​ភាគទុនិកសំខាន់ចំនួន ២ ទៀត​របស់​ អម្រឹត គឺសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ដែលជាក្រុមហ៊ុនវិនិយោគរបស់ធនាគារពិភពលោក និងធនាគារវិនិយោគនៃប្រទេសហូឡង់(FMO) ក៏​​បានធ្វើការលក់ភាគហ៊ុនរៀងៗខ្លួនចំនួនពាក់កណ្តាល ហើយចំពោះភាគហ៊ុនដែលនៅសល់នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់សម្រាប់រយៈពេលយ៉ាងហោចណាស់ ២ឆ្នាំទៅមុខ ដើម្បីធានាឱ្យបានការផ្លាស់ប្តូរភាគទុនិកថ្មីដោយរលូននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។ បន្ទាប់មក Bank SinoPac នឹងកាន់កាប់ភាគហ៊ុនចំនួន ១០០ ភាគរយ​តែម្តងនៅក្នុង អម្រឹត។

Bank SinoPac គឺជាធនាគារពាណិជ្ជដ៏ធំមួយ ជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកោះតៃវ៉ាន់ និងនៅតាមបណ្តាប្រទេស និងតំបន់មួយចំនួនទៀតដូចជា ​ប្រទេស​ចិន ទីក្រុងហុងកុង ប្រទេសវៀតណាម និងសហរដ្ឋ​អាមេរិក។ 

ការទិញយកភាគហ៊ុននៅក្នុង អម្រឹត នេះ គឺជាផែនការវិនិយោគមួយរបស់ Bank SinoPac ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបន្ថែមទៀតចូលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ត្រូវបានចាត់ទុកថាកំពុងមានការកើនឡើងសក្តានុពលនៃការអភិវឌ្ឍ។

អម្រឹត គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនច្រើនជាង ៦៣ ម៉ឺននាក់។

អ្នក​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុងថ្ងៃ​ទី​១៦ ខែ​មករា​ថា ការទិញ-លក់​ភាគហ៊ុន​របស់​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺ​ជា​រឿងធម្មតា និង​តែងកើតមាន​ជារឿយៗ​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក ដូច្នេះ​គេ​មិន​អាច​វាយតម្លៃថា ស្ថានភាព​នៅ​ក្នុង​គ្រឹះស្ថាន​​នោះ​បែបណាឡើយ​។ 

លោកបន្ត​ថា ទោះយ៉ាង​ណាសម្រាប់​ប្រតិបត្តិ​​ការ​ទិញ​យក​ភាគហ៊ុន​របស់​​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អម្រឹត ពី​សំណាក់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​បែប​នេះ គឺ​គេ​អាច​​​វាយតម្លៃពីស្ថាន​ភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជាថា ​មាន​ភាព​ល្អ​ប្រសើរ ព្រោះមុន​នឹង​សម្រេចចិត្ត​ទិញយក​ភាគហ៊ុន​ដ៏ច្រើន​មក​គ្រប់​គ្រងដោយ​​​ខ្លួនឯងបែប​នេះ គឺថ្នាក់​ដឹកនាំ​​ Bank SinoPac ប្រាកដ​ជា​​បាន​បញ្ជូន​​​អ្នក​ជំនាញ​ល្បីៗ​មក​ធ្វើ​ការ​សិក្សា​ និង​វាយតម្លៃ​ច្រើនដង​​​​ទៅ​លើ​ប្រតិបត្តិការរបស់​​ អម្រឹត ក៏​ដូច​ជា​​​​​ស្ថាន​ភាព​សេដ្ឋកិច្ច​​ក្នុងប្រទេស​កម្ពុជា​ផងដែរ។​

លោក​បាន​ថ្លែងប​ថា៖​«ការ​មក​ដល់​របស់​ម្ចាស់​ភាគហ៊ុន​ថ្មី​ គឺ​​គេអាច​នឹង​ចាក់​បញ្ចូល​ទុន​បន្ថែម​ទៅក្នុង​គ្រឹះស្ថាន​ អម្រឹត ដើម្បី​ពង្រីក​ទីផ្សារ និង​បង្កើន​ទំនុក​ចិត្ត​ទៅ​ដល់​អតិថិជន ដែល​ចំណុច​នេះ​​នឹង​ជួយ​​ឱ្យ​​ទុន​វិនិយោគ​បរទេស​នៅ​កម្ពុជាមាន​កាន់​តែ​ច្រើន។ ចំណុច​នេះ​ក៏​នឹង​​ជួយ​បង្កើន​ទំនុកចិត្តដល់​​​អ្នក​វិនិយោគ/​ក្រុមហ៊ុន​ ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ Bank SinoPac ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​បន្ថែម​ទៀត»។

លោក​ប្រាប់​ទៀត​ថា នៅ​ពេល​​គ្រឹះស្ថានហិរញ្ញវត្ថុ​បរទេស​​ចូល​មក​រកស៊ីនៅ​កម្ពុជា​កាន់តែច្រើន វាក៏​នឹង​​បង្ក​ភាព​ងាយ​ស្រួល​ទៅ​​អ្នក​វិនិយោគបរទេសដែល​ចង់​​​ផ្ទេរទុន​របស់​ខ្លួន​មក​វិនិយោគ​នៅ​​កម្ពុជាផងដែរ។​

គេហទំព័រ​របស់ អម្រឹត ​ឱ្យ​ដឹង​ថា Bank SinoPac បាន​ចាត់​ទុក​​កម្ពុជា ជា​ប្រទេស​ដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ខ្លំាង រួមជាមួយនឹងប្រជាជនវ័យក្មេងប្រកបដោយថាមពល ដែល​បានផ្តល់នូវសក្តានុពលដ៏ធំសម្រាប់​ Bank SinoPac ហើយ​ស្ថាប័នមួយ​នេះ​​ចង់ក្លាយជាចំណែកមួយនៃការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា។ 

ការ​ចាប់ដៃគូ និងទិញយកភាគហ៊ុននៅក្នុង អម្រឹត ពីសំណាក់ Bank SinoPac មិនត្រឹមតែបានពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមគាំទ្រ លើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ និងបានបង្កើតនូវឱកាសសម្រាប់រយៈពេលវែងផ្សេងៗទៀតជាច្រើនដល់វិបុលភាព និង​សុខមាលភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។

Bank SinoPac បានអះអាងថា៖​«Bank SinoPac នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគទុនិកទាំង ២ ផ្សេងទៀតរបស់ អម្រឹត​ នោះគឺ ស្ថាប័ន IFC និង FMO។ ស្ថាប័នទាំង ២ បានដើរតួនាទីឈានមុខយ៉ាងសំខាន់លើការវិនិយោគប្រកបដោយការទទួលខុសត្រូវ និង​បរិយាបន្នហិរញ្ញវត្ថុ។ ជាមួយនឹងការចូលរួមរបស់ស្ថាប័នទាំងអស់ខាងលើ ពួកយើងនឹងបន្តរក្សាឱ្យបាននូវស្តង់ដារដ៏ខ្ពស់មួយលើការការពារអតិថិជន និងធ្វើការពង្រីកលទ្ធភាពរបស់ អម្រឹត ក្នុងការអនុវត្តគោលការណ៍នៃការការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដោយផ្តោតលើវិស័យអាទិភាពមួយចំនួនរបស់ពួកយើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បរិយាបន្ន និងមានភាពឆ្លាតវៃ»។

លោក ដុស ឌីន អគ្គនាយករបស់ អម្រឹត បាននិយាយ​​ថា៖​«​ខ្ញុំមានពិតជាមានសេចក្តីរីករាយ និងសូមធ្វើការស្វាគមន៍​ជាផ្លូវការសម្រាប់ការមកដល់ប្រទេសកម្ពុជារបស់ Bank SinoPac ដែលបានក្លាយជាភាគទុនិកធំថ្មីរបស់ អម្រឹត។ Bank SinoPac គឺជាអ្នកផ្តល់ប្រាក់កម្ចីមួយរបស់ អម្រឹត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមកស្ថាប័នទាំង ២ មានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយគ្នាក្នុងភាពជាដៃគូ និងបានទទួលស្គាល់នូវគុណតម្លៃរបស់គ្នាជាយូរមកហើយ»។

លោកបានបន្ថែមថា៖​«គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការផ្លាស់ប្តូរភាគទុនិកនេះ បានដាក់ទិសដៅការងារជាអាទិភាពធ្វើយ៉ាងណាឱ្យការផ្ទេរភាគហ៊ុននេះធ្វើឡើងដោយរលូន និងធានាថាប្រតិបត្តិការអាជីវកម្មរបស់ អម្រឹត នឹងនៅបន្តដំណើរការជាធម្មតា។ សម្រាប់រយៈពេលទៅខាងមុខទៀត អម្រឹត នឹងធ្វើការពង្រឹងភាពរឹងមាំរបស់ខ្លួនជាមួយ Bank SinoPac ដើម្បីបន្តការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម។ ខ្ញុំពិតជាមានក្តីរំភើបណាស់ ចំពោះគ្រប់លទ្ធភាពនៅក្នុងការបង្កើតឱកាសផ្សេងៗ តាមរយៈការរួមបញ្ចូលគ្នារវាងចំណេះ ជំនាញ និងបទពិសោធរបស់ Bank SinoPac ជាមួយនឹងធនធានមនុស្ស និងបណ្តាញទំនាក់ទំនងរបស់ អម្រឹត»៕