ប្រតិភូធុរកិច្ចកាណាដាប្រមាណ ៨០ ក្រុមហ៊ុនគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងខែឧសភា ខាងមុខ ដើម្បីស្វែងរកដៃគូ និងការបណ្តាក់ទុនផ្ទាល់នៅកម្ពុជា និងបានស្នើសុំការគាំទ្រ និងកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចមួយចំនួនដើម្បីផ្ដល់ឱកាសឱ្យធុរជននៃប្រទេសទាំងពីរធ្វើការតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។
ព័ត៌មាននេះត្រូវបានភារៈធារីនៃការិយាល័យស្ថានទូតកាណាដាប្រចាំនៅកម្ពុជា លោក David Verbiwski លើកឡើងនៅក្នុងជំនួបជាមួយលោក ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា។ ក្នុងពិធីនេះក៏មានការចូលរួមពី លោក ម៉ែន ប៊ុនឡេង ប្រតិភូពាណិជ្ជកម្មនៃការិយាល័យស្ថានទូតកាណាដា ប្រចាំកម្ពុជាផងដែរ។
យោងតាមសមាគមឧកញ៉ាកម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងពិភាក្សាលើកិច្ចសហការក្នុងការត្រៀមរៀបចំទទួលប្រតិភូធុរកិច្ចកាណាដា ដែលគ្រោងនឹងបំពេញទស្សនកិច្ចមកកម្ពុជា នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
លោក David Verbiwski បានលើកឡើងថា នៅពេលខាងមុខលោកគ្រោងដឹកនាំប្រតិភូធុរកិច្ចកាណាដាដែលមានបំណងស្វែងរកដៃគូ និងដាក់ទុនវិនិយោគនៅកម្ពុជា ប្រមាណ ៨០ក្រុមហ៊ុនធ្វើដំណើរមកកម្ពុជា។
ក្នុងនោះលោកចង់ស្នើសុំការគាំទ្រ និងកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា ដើម្បីផ្ដល់ឱកាសធុរកិច្ចដល់ធុរជននៃប្រទេសទាំងពីរធ្វើការតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។
លោកបន្តថា សមាគមឧកញ៉ាកម្ពុជា គឺជាបណ្ដុំនៃធុរជន និងវិនិយោគិនមកពីពហុវិស័យ ដូច្នេះសមាគមនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ដែលបានរួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសនោះ លោក ហ៊ុន ឡាក់ បានប្រាប់គូសន្ទនាអំពីចក្ខុវិស័យ បេសកកម្ម និងសកម្មភាពសំខាន់ៗរបស់សមាគម ដែលជាដៃគូមួយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដើម្បីជាឧត្ដមប្រយោជន៍សង្គមជាតិ។
កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសកាណាដា ដើម្បីផ្សព្វផ្សាយអំពី«បរិយាកាសវិនិយោគនៅកម្ពុជា»ទៅដល់វិនិយោគិននៅប្រទេសកាដាណា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានលើកឡើងថា កម្ពុជាជាប្រទេសតូចដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទីស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជាដោយពុំមានការរើសអើង ឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗគ្នាឡើយ។
ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សាររបស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP), និងពីកិច្ចព្រមព្រៀងផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាម៉េរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសកាណាដា គឺជាទីផ្សារសក្តានុពលមួយដែលតែងបញ្ជាទិញផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ និងកង់ ពីប្រទេសកម្ពុជាក្នុងទឹកប្រាក់ជាច្រើនរយលានដុល្លាររៀងរាល់ឆ្នាំ។
លោកបន្ថែមថា ដើម្បីពង្រីកទីផ្សារនេះកាន់តែធំ នាពេលកន្លងមកសភាពាណិជ្ជកម្មកម្ពុជា(CCC) បានទៅបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងតូរ៉ុនតូ និងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។
ការិយាល័យតំណាង CCC មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបានថ្លែងថា៖«កាណាដាជាប្រទេសរីកចម្រើន និងមិនសូវមានការវិនិយោគលើវិស័យវាយនភណ្ឌឡើយ ដូច្នេះជាឱកាសរបស់កម្ពុជាក្នុងការបង្កើនការនាំចេញផលិតផលទាំងអស់នោះទៅទីផ្សារកាណាដា។ ចំនួនទឹកប្រាក់នៃទំនិញកម្ពុជានាំទៅកាណាដា នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ»។
បើតាមលោក លឹម ហេង ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលកសិកម្ម ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន រថយន្ត និងគ្រឿងអេឡិចត្រូនិក ជាដើម។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា រយៈពេល ១២ ខែឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ។
កាណាដា គឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ក្នុងឆ្នាំ២០២៤ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ១,១៧ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅកាណាដា មានចំនួន ១,១១ពាន់លានដុល្លារ កើន ២៧,៦ភាគរយ ចំណែកកាណាដានាំចូល មានចំនួន ៦១,៧លានដុល្លារ ធ្លាក់ចុះ ១៣ភាគរយ៕