វិស័យឧស្សាហកម្មនឹងនៅតែបន្តជាកម្លាំងចលករចម្បងជាងគេក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥ នេះដែលត្រូវបានរំពឹងថានឹងស្ថិតក្នុងអត្រាកំណើន ៨,៦ភាគរយ ខណៈកាលពីឆ្នាំ២០២៤ កន្លងមកកំណើនក្នុងវិស័យឧស្សាហកម្មស្ថិតក្នុងអត្រាកំណើន ៨,៥ភាគរយ។
ឯកសារថវិកាសង្ខេបឆ្នាំ ២០២៥(Budget in Brief Fiscal Year 2025) ដែលទើបផ្សព្វផ្សាយក្នុងសប្តាហ៍នេះ ឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេសដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍកម្ពុជា។
តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥ នឹងត្រូវបានទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលនឹងអាចបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ, តាមពីក្រោយដោយវិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។
កាលពីឆ្នាំ ២០២៤ ឯកសារថវិកាសង្ខេប បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៦ ភាគរយ ដែលគាំទ្រដោយ វិស័យឧស្សាហកម្ម មានកំណើន ៨,៥ភាគរយ វិស័យសេវាកម្ម ៦,៩ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។
យោងតាមថវិកាសង្ខេបឆ្នាំ ២០២៥ កំណើនខ្ពស់នៃវិស័យឧស្សាហកម្ម បានមកពីការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិជំងឺកូវីដ-១៩)។
អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថានៅបន្តរក្សាបានកំណើនប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ១៩ ដោយសារភាពប្រសើរននៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ ២០២២-២០២៧»។
ជាមួយគ្នានេះ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថានឹងបន្តរក្សាបានកំណើនរឹងមាំ ដោយសារការរំពឹងពីការបន្តកើននៃតម្រូវការខាងក្រៅ។ ស្របគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ ក៏ត្រូវបាន ព្យាករថានឹងបន្តកំណើនល្អ។
ទោះយ៉ាងនេះក្តី អនុវិស័យសំណង់ ត្រូវបានព្យាករថាបន្ត កំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងពីការងើបវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស, ជាពិសេសសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ស្របពេលដែលសំណង់លំនៅឋាន ត្រូវបានរំពឹងថាបន្តរក្សាកំណើនទាបធៀបនឹងនិន្នាការមុនវិបត្តិនៃជំងឺកូវីដ១៩។
ឯកសារបានឱ្យដឹងទៀតថា សម្រាប់វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើន ៥,៦ភាគរយ ដោយសារការបន្តរក្សាបាននៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្ម ម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។
ចំណែកវិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើន ១,១ភាគរយ ក្នុងឆ្នាំ ២០២៥ ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថិរភាពនយោបាយ ការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ បានជួយឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសការបើករោងចក្រ/សហគ្រាសផលិត និងកែច្នៃទំនិញសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ វិស័យឧស្សាហកម្មកម្ពុជានឹងបន្តរីកចម្រើនរយៈពេលយូរបន្ថែមទៀត។
លោកលើកឡើងទៀតថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា ក៏ជាមេដែកដែលជួយឆក់អ្នកវិនិយោគឱ្យចូលមកបើករោងចក្រនៅកម្ពុជាផងដែរ។
លោកបានថ្លែងថា៖«នៅពេលមានអ្នកវិនិយោគចូលមកបើករោងចក្រកាន់តែច្រើន ការនាំចេញនឹងកើនឡើង។ វិស័យវាយនភណ្ឌនឹងនៅតែជាទំនិញនាំចេញដែលមានសក្តានុពលរបស់កម្ពុជា»៕