ក្រុម​អ្នក​ជំនាញក្នុង​​វិស័យ​អចលនទ្រព្យ​ បាន​អះអាង​ថា វិធានការ​របស់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​លើក​លែង​ និង​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រាលើ​ការ​ផ្ទេរសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន​ និង/ឬ​ផ្ទេរ​កម្មសិទ្ធិ​ជាលើក​ដំបូង សម្រាប់​ការ​ទិញ​លក់​ក្នុង​ឆ្នាំ ២០២៥ នេះ​​ប្រាកដ​ជា​​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ប្រភេទ​លំនៅឋាន​ មានភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០២៤។

ទីផ្សារ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា បាន​បង្ហាញ​ពី​វឌ្ឍនភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​ពី​អំឡុង​ចុង​ទសវត្ស​ឆ្នាំ​៩០ រហូត​ដល់​ឆ្នាំ ២០០៨ មុន​ត្រូវ​ជាប់​គាំង​មួយ​រយៈ​ដោយ​សារ​សេដ្ឋកិច្ច​ពិភពលោក​ជួប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សកល ក្នុង​ឆ្នាំ​២០០៨។ 

បន្ទាប់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ប្រសើរ​ឡើង​វិញ វិស័យ​​នេះ​បាន​មើល​ឃើញ​ពន្លឺ​ស្រស់​បំព្រង​របស់​ខ្លួន​​ចាប់​ពី​ដើម​ឆ្នាំ​២០១០ នឹង​បន្ត​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស មុន​ពេល​ជួប​នឹង​វិបត្តិ​សា​ជាថ្មី​ដែល​ផ្តើម​ចេញ​ពី​វិបត្តិ​កូវីដ​១៩ នា​ដើម​ឆ្នាំ​២០២០ រហូតដល់​ពេល​ពេល​បច្ចុប្បន្ន។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន(The President of the Global Real Estate Association and Chairman of the Board of SAM SN Group, Mr. Sam Soknoeun) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៥ ថា ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិកាន់​កាប់​អចលនទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន​ និង ឬ/ផ្ទេរ​កម្មសិទ្ធិ​លើក​ដំបូង (First-Time Home Buyer) ដែល​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​ទី១ ខែ​មករា ឆ្នាំ ២០២៥ រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៥ គឺ​ប្រាកដ​ជា​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទិញ​លក់​លំនៅឋាន​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ការ​លើក​លែង​ពន្ធ​នេះ ក៏​ជា​វិធានមួយ​របស់​​រដ្ឋាភិបាល​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​បុគ្គល ឬ​គ្រួសារ​នីមួយ​ៗ​មាន​លំនៅខាន​ផ្ទាល់​ខ្លួន​ផងដែរ​។ 

ក្នុង​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤ សកម្ម​ភាព​ទិញ​លក់​លំនៅឋានគឺ​មាន​ភាពស្ងប់​ស្ងាត់​ដូចគ្នា​​ដោយ​សារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ ប៉ុន្តែ​សម្រាប់​តម្រូវការ​ទិញ​លក់​ដីធ្លី​យក​ទៅ​​​វិនិយោគសាងសង់​រោងចក្រ​សហគ្រាស ឬតំបន់​សេដ្ឋកិច្ច​ពិសេស គឺមាន​ការ​​កម្រើក​ឡើង​វិញ​ខ្លះៗ​ហើយ។

លោក​អះអាង​​ថា រដ្ឋាភិបាល​​កំពុង​យក​ចិត្ត​ទិកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អចលនទ្រព្យ តាម​រយៈ​ការ​រិះរក​នូវ​មធ្យោបាយ​នានា​ដើម្បី​ធ្វើ​ឱ្យវិស័យ​មួយ​នេះ​​​ងើប​ឡើង​វិញ​ប្រកបដោយ​សក្តានុពល។

លោក​បាន​ថ្លែង​ថា៖​«ទោះបី​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែ​ងរិះរក​វិធី​អនុគ្រោះ​ការ​មិន​យក​ពន្ធ​ច្រើន​ប្រភេទ​យ៉ាង​នេះ​ក្តី ក៏​​​វិស័យ​​នេះ​​គឺមិន​ទាន់​អាច​ងើប​ឡើង​វិញ​បាន​លឿនឡើយ​ ព្រោះ​តែ​ពេលកន្លង​មក​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ ដូច្នេះ​វា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត៤-៥​ទៀត ដើម្បី​ធ្វើ​ឱ្យ​លំនៅឋាន ឬខុនដូ​ដែល​កំពុង​សល់​នៅ​លើ​ទីផ្សារ​បញ្ចេញ​លក់​អស់ ហើយ​ពេល​នោះ​តម្រូវ​ការ​នឹង​ងើប​ឡើងវិញ»។

ប្រធាន​សមាគមអ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា(CVEA) លោក​សន សៀប (Sorn Seap, the president of Cambodian valuers and estate agent Association) បាន​និយាយ​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​អន្តររាគមន៍​របស់​រាជរដ្ឋាភិបាល​លើ​ផ្នែក​ពន្ធ​ប្រថាប់ត្រា​ចំពោះ​អចលនទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន​ និង/ឬផ្ទេរ​កម្មសិទ្ធិជាលើក​ដំបូង​ក្នុង​ឆ្នាំ ២០២៥ នេះគឺ​ប្រាកដ​ជា​នឹង​ជួយ​ជំរុញ​ឱ្យ​ទីផ្សារ​ទិញ​លក់លំនៅឋាន ​មាន​ភាព​សកម្ម​​ជាង​ពេល​បច្ចុប្បន្ន​។ 

លោក​បន្តថា នៅ​ពេល​ការ​ទិញ​លក់​មាន​សកម្ម​ភាព​ វា​ក៏​​ជួយ​ឱ្យ​តម្លៃ​មាន​ភាព​ល្អ​ប្រសើរ​ផងដែរ​។ លោក​បន្ត​ថា នៅ​ពេល​ទីផ្សារ​អចលនទ្រព្យ​មាន​ដំណើរ​ការ​ល្អ សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក៏​ល្អ​ដែរ តាម​រយៈ​សកម្មភាព​សំណង់​កើន​ឡើង បង្កើត​ការងារ និង​តម្រូវ​ការ​ផ្នែក​ពាក់​ព័ន្ធ​ដូច​ជា ស៊ីម៉ងត៍ ដែក និង​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក។

លោក​​ថ្លែង​ថា ក្រៅ​ពី​ចំណុច​ខាង​លើ អនុឡោមភាព និង​តម្លាភាព​តាម​រយៈ​ប្រតិបត្តិការ​ផ្លូវ​ការ​​ក្នុង​ការ​​ផ្ទេរ​ឯកសារ​កម្ម​សិទ្ធិ​ផ្ទេរ​​ ក៏​អាចជួយ​​លើក​កម្ពស់​តម្លាភាព​នៃ​អនុឡោមភាព​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​មាន​សារៈ​សំខាន់​សម្រាប់​និរន្តរភាព​រយៈ​ពេល​វែង ខណៈ​​យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​​​មាន​អ្នក​ទិញ​មួយ​ចំនួន គឺ​ពួក​គាត់​មិន​ទាន់​បាន​​​ផ្ទេរ​កម្ម​សិទ្ធិ​ជូន​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​/​អ្នក​លក់ ត្រូវ​ក្ស័យ​ធន នឹង​ធ្វើ​ឱ្យ​ការ​ផ្ទេរ​សិទ្ធិ​ជួប​បញ្ហាជាច្រើន​។​

លោក​បាន​បញ្ជាក់​ថា៖​«​សរុបមក​ការ​អនុវត្ត​ការ​លើក​លែង​ពន្ធ​ប្រថាប់ត្រា​ នឹង​ដើរតួនាទី​ជាកាតាលីករ​សម្រាប់​កំណើន​ក្នុង​ទីផ្សារ​អចលនទ្រព្យ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​មាន​ភាព​ស្វាហាប់ និង​មាន​ភាព​ធន​ជាង​មុន​»។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២៤ បាន​ចេញ​នូវ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តីពី​«ការ​លើក​លែង​និង​អនុ​គ្រោះ​ពន្ធ​ប្រថាប់ត្រា​ លើ​ការ​ផ្ទេរកម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន និង​/ឬ​ផ្ទេរកម្ម​សិទ្ធិ​ជា​លើកដំបូង (First-Time Home Buyer) ដែល​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​ទី១ ខែ​មករា ឆ្នាំ ២០២៥ រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២៥» បាន​សរសេរ​ថា ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទិញ​លំនៅឋាន​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដែល​មាន​លក្ខណៈ​ជា​បុរី ឬ​អគារ​សហកម្ម​សិទ្ធិ (ខុនដូ) និង​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​បន្ថែម​ទៀត ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​ម្ចាស់​អចលនទ្រព្យ និង​សាធារណជន អំពី​ការ​លើកលែង​និង​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរកម្ម​សិទ្ធិ ឬសិទ្ធិ​កាន់កាប់​អចលន​ទ្រព្យ​សម្រាប់​អ្នក​ទិញ​លំនៅឋាន និង/ឬ​ផ្ទេរ​កម្មសិទ្ធិ​ជាលើក​ដំបូង (First-Time Home Buyer) មួយ​ចំនួន។

យោង​តាម​សេចក្តី​ជូន​ដំណឹង ការ​ផ្តល់​ជូន​ចំពោះ​ការ​បង់​ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​ចែក​ចេញ​ជា ៤ ប្រភេទ គឺ​ ១. ចំពោះ​បុគ្គល​ទាំង​ឡាយណា​ដែល​ទិញ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី ឬ ខុនដូ មុន​ឆ្នាំ ២០២៥ ហើយ​ធ្វើការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​ជា​លើក​ដំបូង​នៅ​រដ្ឋបាល​សារពើ​ពន្ធ​ក្នុង​ឆ្នាំ ២០២៥ ត្រូវ​ទទួល​បាន​ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ សម្រាប់​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម ឬ​ស្មើ ២១ ម៉ឺន​ដុល្លារ​អាមេរិក, និង​អនុគ្រោះ​ចំពោះ​លំនៅឋាន​ដែល​មាន​តម្លៃ​លើស ២១ ម៉ឺនដុល្លារ​​ដោយ​អនុញ្ញាត​ឱ្យ​ដក​ចេញ​ពី​មូលដ្ឋាន​គិតពន្ធ​ប្រថាប់​ត្រា ចំនួន ២១ ម៉ឺន​ដុល្លារ។ ការ​លើក​លែង និង​អនុគ្រោះពន្ធ​នេះ​សម្រាប់​លំនៅឋាន​តែ​មួយ​ប៉ុណ្ណោះ។ 

ដោយ​ឡែក លំនៅឋាន​ទី២ ឬ​បន្ត​បន្ទាប់​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ដក​ចេញ​ពី​មូលដ្ឋាន​គិតពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលន​ទ្រព្យ ចំនួន ៧ ម៉ឺនដុល្លារ​, ទី​២ ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ទិញ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី ឬ​ខុនដូ ក្នុង​ឆ្នាំ ២០២៥ ដែល​មិន​ទាន់​ទទួល​បាន​ការ​លើក​លែង​និង​អនុគ្រោះ​ពន្ធ​ដូច​ក្នុង​ចំណុច (១) ត្រូវ​ទទួល​បាន​ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​សម្រាប់​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម ឬ​ស្មើ ២១ ម៉ឺនដុល្លារ​, និង​អនុគ្រោះ​ចំពោះ​លំនៅឋាន​ដែល​មាន​តម្លៃ​លើស ២១ ម៉ឺន​ដុល្លារ ដោយ​អនុញ្ញាត​ឱ្យ​ដក​ចេញ​ពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំនួន ២១ ម៉ឺន​ដុល្លារ។ ការ​លើកលែង​និង​អនុគ្រោះ​ពន្ធ​នេះ​សម្រាប់​លំនៅឋាន​តែ​មួយ​ប៉ុណ្ណោះ។ 

ដោយឡែក លំនៅឋាន​ទី២ ឬ​បន្តបន្ទាប់​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ដក​ចេញ ពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់​អចលន​ទ្រព្យ​ចំនួន ៧ ម៉ឺន​ដុល្លារ។ ការ​លើក​លែង​និង​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​អនុវត្ត​នៅ​ពេល​ធ្វើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​នោះ។

ចំណែក​ចំណុចទី ៣ គឺ​ការ​ទិញ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី ឬ​ខុនដូ ដូចមាន​ចែង​ក្នុង​ចំណុច (១) និង (២) ត្រូវ​ទិញ​ពី​ក្រុមហ៊ុន​លំនៅឋាន​ដែល​បាន​ចុះ​បញ្ជី​នៅ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ ឬ​នៅ​មន្ទីរ​សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ​ខេត្ត ទោះ​បី​ជា​នៅ​លើ​បណ្ណ​កម្មសិទ្ធិ​ជា​ឈ្មោះ​ក្រុមហ៊ុន ឬ​ឈ្មោះ​រូបវន្ត​បុគ្គល​ដែល​ជា​ម្ចាស់​គម្រោងឬ ជា​អ្នក​តំណាង​ក្រុមហ៊ុន​ឬ​ម្ចាស់​គម្រោង​ក៏​ដោយ និងទី​៤ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​ត្រូវ​ធ្វើ​កិច្ច​សន្យា​ទិញ-​លក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ដោយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ ជាក់ស្តែង និង​ត្រូវ​បញ្ជូន​កិច្ចសន្យា​ទិញ-​លក់ មក​រដ្ឋបាល​សារពើ​ពន្ធ​មុន ឬ​នៅ​ពេល​ធ្វើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់​លំនៅឋាន​។

លិខិតបាន​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​ទិញ​លំនៅឋាន​ដូច​ខាង​លើ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន​ដែល​ម្ចាស់​គម្រោង​មាន​បញ្ហា ឬ​ក្ស័យធន ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​តាម​រយៈ​យន្តការ​ដោះស្រាយ​របស់​ក្រសួង ឬស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក៏​ត្រូវ​បាន​ទទួល​ការ​លើកលែង​និង​ការ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ផងដែរ៕