ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៤ មានចំនួនជិត ១២ ពាន់លានដុល្លារ កើនលើសឆ្នាំ ២០២៣ ប្រមាណជិត ២,៣ ពាន់លានដុល្លារ ខណៈវិស័យមួយនេះបានរួមចំណែកជិត ៤៥ ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២៤។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យកត់ត្រាដោយ GDCE បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌដែលមានលេខកូដ៍(HS ២ខ្ទង់) ៦១, ៦២, ៦៣ និង ៦៤ ក្នុងទឹកប្រាក់សរុប ១១,៦៨ ពាន់លានដុល្លារ កើនឡើង ២៤,៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមាន ៩,៣៩ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញផលិតផលទាំងអស់ខាងលើ ស្មើនឹង ៤៤,៥៩ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា ឆ្នាំ ២០២៤ ដែលមាន ២៦,២ ពាន់លានដុល្លារ។
ប្រភេទទំនិញលេខកូដ៍(HS ២ខ្ទង់) ៦១, ៦២ និង ៦៣ រួមមានសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ និងវត្ថុវាយនភណ្ឌកែច្នៃមួយចំនួនទៀត ចំណែកទំនិញស្ថិតក្នុងលេខកូដ៍ ៦៤ រួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល។
បើយោងតាម GDCE ការនាំចេញទំនិញក្នុងលេខកូដ៍ ៦១ ក្នុងឆ្នាំ ២០២៤ មានទឹកប្រាក់ ៦,៦៤ ពាន់លានដុល្លារ កើនឡើង ២១,២ ភាគរយ, លេខកូដ៍ ៦២ មានចំនួន ៣,១៥ ពាន់លានដុល្លារ កើន ៣១,៩ ភាគរយ, លេខកូដ៍ ៦៣ ចំនួន ២០៨,២៩ លានដុល្លារ កើន ៣៣,៩ភាគរយ និងទំនិញលេខកូដ៍ ៦៤ ចំនួន ១,៦៨ ពាន់លានដុល្លារ កើន ២៣,១ ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២០ ខែមករាថា ការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា បានពឹងផ្អែកស្ទើរទាំងស្រុងទៅលើតម្រូវការពីប្រទេសសំខាន់ៗមួយចំនួនដូចជា អាមេរិក កាណាដា សហគមអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួន។
លោកបន្តថា កំណើនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌក្នុងឆ្នាំ២០២៤ គឺមកពីកត្តាមួយចំនួនដូចជា ការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលជំរុញឱ្យមនុស្សត្រូវការសម្លៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើង, ការធ្លាក់ចុះនៃបរិមាណក្នុងឃ្លាំងស្តុករបស់បណ្តាលក្រុមហ៊ុនផ្គត់ផ្គង់កាលពីឆ្នាំ ២០២២-២០២៣, និងការធ្លាក់ចុះផលិតកម្មនៅប្រទេសមួយចំនួនដែលជាអ្នកនាំចេញសំខាន់ៗដោយសារបញ្ហានយោបាយ។
លោកថ្លែងថា៖«សមត្ថភាពផលិតកម្ម និងកំណើនតម្រូវការនៅទីផ្សារអន្តរជាតិ បានធ្វើឱ្យទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌកម្ពុជាកើនឡើងយ៉ាងច្រើនកាលពីឆ្នាំ២០២៤។ បើក្នុងឆ្នាំ ២០២៥ នេះស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែប្រសើរ គឺទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌកម្ពុជានឹងមានកាន់តែកើនឡើង»។
លោកបានពន្យល់ថា កំណើននៃការចូលមកបណ្តាក់ទុនលើវិស័យវាយនភណ្ឌដ៏ច្រើនកាលពីឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ នេះ គឺជាសញ្ញាបញ្ជាក់ថាអ្នកវិនិយោគបានប្រមើលមើលឃើញពីកំណើននៃតម្រូវការសកល។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីឆ្នាំ ២០២៤ មានគម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងចំនួននេះរោងចក្រកាត់ដេរសម្លៀកបំពាក់មានច្រើនជាងគេ គឺ ៩៩, ស្បែកជើង ២៥ និងកាបូបធ្វើដំណើរ ១៨។
អ្នកជំនាញសេដ្ឋកិច្ចខាងលើបានអះអាងទៀតថា៖«មុននឹងសម្រេចចិត្តបណ្តាក់ទុកលើផ្នែកណាមួយ វិនិយោគិនតែធ្វើការសិក្សា និងវិភាគយ៉ាងលម្អិតទៅលើកត្តាប្រឈម និងផលដែលអាចទទួលបាន។ ដូច្នេះកំណើននៃការបណ្តាក់ទុនក្នុងវិស័យណាច្រើន គឺអ្នកវិនិយោគប្រាកដជាមានក្តីរំពឹងខ្ពស់លើការរីកចម្រើនក្នុងវិស័យនោះ» ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ថា ទោះលោកមិនមានព័ត៌មានចំនួនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌកម្ពុជា ប៉ុន្តែលោកសង្កេតឃើញសកម្មភាពនៃការដឹកជញ្ជូនទំនិញរបស់បណ្តាលរោងចក្រក្នុងវិស័យវាយនភណ្ឌ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីឆ្នាំ២០២៤ ពិតជាកើនឡើងធៀបនឹងឆ្នាំ ២០២៣។
បច្ចុប្បន្នរោងចក្រផលិតសម្លៀកបំពាក់ ដេរកាបូប និងស្បែកជើង បាននៅគ្រប់ស្ទើរគ្រប់កន្លែងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង និងខេត្តស្វាយរៀង។
លោកបន្ថែមថា៖«កំណើននៃការវិនិយោគផ្នែកនេះ គឺដោយសារតែវាមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ។ គុណភាព និងតម្លៃផលិតផលទាំងអស់នេះក៏សមរម្យផងដែរ ទើបទទួលបានការបញ្ជាទិញពីទីផ្សារអន្តរជាតិកាន់តែច្រើន»។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ កាលពីខែតុលា ឆ្នាំ២០២៤ បាននិយាយដា បន្ទាប់ពីធ្លាក់ចុះមួយរយៈដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ ការនាំចេញផលិតផលវាយនភណ្ឌបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញចាប់ពីពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២៣។
លោកបន្តថា ការកើនឡើងទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌ គឺដោយសារកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ មានច្បាប់វិនិយោគអំណោយផល សម្បូរកម្លាំងពលកម្មជំនាញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងមានទីផ្សារទទួលទិញកាន់តែច្រើន។
លោកបានថ្លែងថា៖«កំណើនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌនៅពេលនេះ គឺដោយសារប្រទេសកម្ពុជាមានស្ថិរភាពនយោបាយនឹងនរនៅក្នុងចំណោមប្រទេសអាស៊ាន កត្តាកម្មករកម្មការិនីធ្វើការមានភាពរហ័សរហួន មានស្នាដៃល្អសម្រាប់ចង្វាក់ផលិតកម្មទាំងគុណភាព និងបរិមាណ»។
ឯកសារថវិកាសង្ខេបឆ្នាំ ២០២៥(Budget in Brief Fiscal Year 2025) ដែលទើបផ្សព្វផ្សាយក្នុងសប្តាហ៍នេះ ឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេសដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍកម្ពុជា។
តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥ នឹងត្រូវបានទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលនឹងអាចបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ, តាមពីក្រោយដោយវិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ៕