គម្រោងវិនិយោគលើស្ថានីយថាមពលអគ្គិសនីពីខ្យល់ អានុភាព ១៥០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦ខាងមុខ ខណៈកំណើននៃការចូលមកវិនិយោគ បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលអគ្គិសនីកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសថាមពលស្អាត។
នៅក្នុងជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១៧ ខែមករា លោក Wang Junwei តំណាងក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd ដែលជាក្រុមហ៊ុនទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល លើគម្រោងសាងសង់ស្ថានីយថាមពលខ្យល់ អានុភាព ១៥០ មេហ្កាវ៉ាត់ បានលើកឡើងថា ក្រុមហ៊ុននឹងខិតខំអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ស្ថានីយថាមពលខ្យល់ នៅក្នុងឆ្នាំ ២០២៦។
លោកប្រាប់ទៀតថា ជាមួយគ្នានេះបច្ចុប្បន្នក្រុមហ៊ុនរបស់លោកក៏ចង់ស្វែងយល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្លាយជាគម្រោងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងទទួលបានការលើកទឹកចិត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ជាការឆ្លើយតប លោក ជា វុទ្ធី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងទាក់ទាញបាននូវការចូលមកបណ្តាក់ទុនផ្ទាល់យ៉ាងច្រើន ដែលធ្វើឱ្យមានតម្រូវការថាមពលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសថាមពលកកើតឡើងវិញ។ ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំអនុវត្តគម្រោងវិនិយោគរបស់ខ្លួន និងបំពេញការងារដូចដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងស្ថាប័នសាមីឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងថា៖«បច្ចុប្បន្នកម្ពុជាមានកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្មយ៉ាងគំហុកដែលធ្វើឱ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសថាមពលស្អាត»។
បន្ថែមលើនេះ លោក វុទ្ធី ក៏បានពន្យល់គូសន្ទនាអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានភាពសាមញ្ញ និងឆាប់រហ័ស ហើយមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរង់ចាំទទួលពាក្យស្នើសុំចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសណាដែលមានថាមពលគ្រប់គ្រាន់(ពិសេសថាមពលកកើតឡើងវិញច្រើន) មានតម្លៃទាប មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ សម្បូរកម្លាំងពលកម្ម និងមានច្បាប់វិនិយោគទាក់ទាក់ គឺប្រទេសនោះប្រាកដជាមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលទៅបណ្តាក់ទុនផ្ទាល់កាន់តែច្រើន។ លោកបន្ថែមថា ថាមពលស្អាត ក៏ជាតម្រូវការរបស់ប្រទេសអភិវឌ្ឍន៍ជាច្រើនដែលទាមទារឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន។
លោកបានថ្លែងថា៖«ទាំងអស់នេះសុទ្ធតែជាកម្លាំងចលករក្នុងការទាក់ទាញ FDI (ការវិនិយោគផ្ទាល់ពីបរទេស)ឱ្យចូលមកបើកអាជីវកម្ម ឬរោងចក្រ/សហគ្រាសនៅកម្ពុជាកាន់តែច្រើន»។
លោកប្រាប់ទៀតថា នៅពេលថាមពលមានតម្លៃទាប វានឹងជួយឱ្យថ្លៃដើមផលិតទាប ដែលនេះជាចំណុចសំខាន់ក្នុងការជួយឱ្យ ទំនិញកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ក្នុងវេទិកាស្តីពី«គោលនយោបាយថាមពលកម្ពុជា» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បាននិយាយថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល វិស័យថាមពលនៅកម្ពុជា បានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស គឺពីគ្មានថាមពលអគ្គិសនីប្រើប្រាស់សោះកាលពីអំឡុងឆ្នាំ ១៩៧៩ រហូតដល់ចុងឆ្នាំ ២០២៣ ប្រទេសកម្ពុជាមានបណ្តាញអគ្គិសនីទៅដល់ភូមិចំនួន ១៤ ១៥១ ដែលស្មើនឹង ៩៩,៨៨ភាគរយនៅទូទាំងប្រទេស។
បច្ចប្បន្នកម្ពុជាបានក្លាយជាប្រទេសនាំមុខគេមួយក្នុងតំបន់អាស៊ាន ដែលមានថាមពលស្អាតច្រើន គឺជាង ៦២ភាគរយនៃការប្រើប្រាស់សរុបក្នុងប្រទេស។ ថាមពលស្អា ឬកកើតឡើងវិញ គឺជាថាមពលដែលបានមកពីប្រភពដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស ជាដើម។
លោកលើកឡើងទៀតថា តាមគោលការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) គឺរដ្ឋដែលជាសមាជិកទាំងអស់គួរតែប្រើប្រាស់ថាមពល ៣៥ ភាគរយពីប្រភពកកើតឡើងវិញនៅត្រឹមឆ្នាំ ២០៣០ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ ២០២២ គឺមានប្រើថាមពលស្អាតជាង ៦២ ភាគរយ។
លោកបាននិយាយថា៖«ជាង ៤០ ភាគរយនៃថាមពលស្អាតរបស់យើង បានមកពីរោងចក្រវារីអគ្គិសនី ច្រើនជាង ១០ ភាគរយ បានមកពីថាមពលពន្លឺព្រះអាទិត្យ ហើយក្រៅពីនោះ គឺបានមកពីថាមពលជីវម៉ាស និងការនាំចូលពីប្រទេសជិតខាង»។
ឯកសារវឌ្ឍនភាពរបស់វិស័យអគ្គិសនីកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ វិស័យថាមពលនៅកម្ពុជា មានអានុភាពថាមពលសរុប ៤ ៦៤៩ មេហ្គាវ៉ាត់ ក្នុងនោះ ២ ២៧៧ មេហ្គាវ៉ាត់ ជាថាមពលកកើតឡើងវិញ, ១ ៧០០ មេហ្គាវ៉ាត់ មិនមែនកកើតឡើងវិញ(ធ្យូងថ្ម និងប្រេង), និងប្រភពនាំចូលពីប្រទេសជិតខាង ចំនួន ៦៧២ មេហ្គាវ៉ាត់។
លោក កែវ រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល កំពុងខិតខំក្នុងការពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការបង្កើនសមត្ថភាពថាមពលស្អាត ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ដូចជា ការពង្រីកការវិនិយោគលើថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ជាពិសេសថាមពលដែលមានប្រភពពីកម្លាំងខ្យល់៕