
ទិដ្ឋភាពផ្លូវចូលរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ(RGPPSEZ)។ សហការី
ជាមួយនឹងការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកល និងវត្តមានក្រុមហ៊ុនជាង ១០០ បានធ្វើឱ្យទឹកប្រាក់ដែលរោងចក្រ/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ(RGPPSEZ) សម្រេចបានក្នុងឆ្នាំ ២០២៤ មានប្រមាណជិត ១,៩ ពាន់លានដុល្លារ កើនឡើងជិត ២០ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់ RGPPSEZ ចេញផ្សាយកាលពីចុងសប្តាហ៍មុនឱ្យដឹងថា ប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ(RGPPSEZ) បានបង្ហាញពីសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយគិតពីឆ្នាំ ២០១៦ និងឆ្នាំ ២០២១ ការនាំចេញរបស់បណ្តារោងចក្រ/សហគ្រាសនៅក្នុង RGPPSEZ បានកើនឡើងពី ៣១៦ លានដុល្លារទៅដល់ ៦៨៣ លានដុល្លារ។
ទោះយ៉ាងណា អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ដោយបានឈានឡើងដល់ ១,៦២១ លានដុល្លារក្នុងឆ្នាំ ២០២៣។
RGPPSEZ បានអះអាងថា៖«សម្រាប់ឆ្នាំ២០២៤ កន្លងទៅនេះ យើងមានកំណត់ត្រាថ្មីមួយខ្ពស់បំផុត ដែលតម្លៃនាំចេញបានកើនឡើងដល់ ១,៨៨ លានដុល្លារ កើនឡើង ១៦ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ យើងមានមោទនភាព យ៉ាងក្រៃលែងក្នុងការរួមចំណែកប្រមាណ ៧ ភាគរយក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ដែលមានតម្លៃសរុប ២៦,៦៦ លានដុល្លារ»។
បើយោងតាម RGPPSEZ បន្ទាប់ពីរយៈពេល ១៩ឆ្នាំ តំបន់សេដ្ឋកិច្ច RGPPSEZ មានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយមកដល់ពេលនេះមានក្រុមហ៊ុនចំនួន ១១៣ មកពី ១៥ ប្រទេសជុំវិញសកលលោកកំពុងមានប្រតិបត្តិការនៅទីនោះ។ រោងចក្រសំខាន់ៗមានដូចជា ក្នុងវិស័យឧបករណ៍អេឡិចត្រូនិច អគ្គិសនី ការដំឡើងរថយន្ត និងគ្រឿងបង្គុំរថយន្ត។
ក្រុមហ៊ុនឧស្សាហកម្មទាំងនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧ ៨០០ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
RGPPSEZ បានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្នទូទាំងប្រទេស គេអាចសង្កេតឃើញថាវិស័យសំខាន់ៗទាំងឡាយកំពុងមានការងើបឡើងវិញជាបន្តបន្ទាប់ ហើយ RGPPSEZ បានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន ៥ បន្ថែមទៀត ដែលនឹងរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានអះអាងថា៖«ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សមិទ្ធិផលទាំងអស់នេះ ជាកម្លាំងចលករជំរុញឱ្យយើងខ្ញុំបន្តខិតខំប្រឹងប្រែងផ្តល់នូវទីតាំងវិនិយោគមួយដ៏ល្អសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបង្កើនឱកាសអាជីវកម្ម រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងជំរុញដំណើរឧស្សាហូបនីយកកម្មរបស់ប្រទេសកម្ពុជា»។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៤ នៅកម្ពុជាមានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចចំនួន ៤៩ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័ត ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែលកំពុងសិក្សាពីទីតាំង និងលទ្ធភាពការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តំបន់សេដ្ឋកិច្ចពិសេស(SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវថ្នល់ ថាមពល និងការិយាល័យឯកសារ(ច្រកចេញចូលតែមួយ)ដែលបង្កភាពងាយស្រួល និងស្របតាមតម្រូវការរបស់ម្ចាស់រោងចក្រ/សហគ្រាស។
លោកបានបន្ថែមថា៖«គ្រប់សកម្មភាពអាជីវកម្មរបស់រោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដោយរាប់ចាប់តាំងពីការស្នើសុំនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត/កែច្នៃ រហូតដល់ការនាំចេញទៅទីផ្សារអន្តរជាតិ»។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ នៅខេត្ដព្រះសីហនុ ក្នុង«កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤» បានលើកឡើងថា កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ ដែលការធ្វើបែបនេះនឹងជួយឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគបរទេសចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
លោកបានថ្លែងថា៖««យើងបានកំពុងតែរៀបចំដាក់ឱ្យអនុវត្ដ និងកសាងរៀបចំនូវប្រភេទតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញបន្ថែមទៅតំបន់សេដ្ឋកិច្ចពិសេស រូបមន្ដដែលយើងមានស្រាប់»។
លោកបន្ថែមថា៖«តំបន់សេដ្ឋកិច្ចពិសេស ដែលយើងរៀបចំ ទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេសដែលអាចសម្រួចទៅប្រភេទឧស្សាហកម្មណាមួយ។ យើងកំពុងរៀបចំគោលនយោបាយ និងរៀបចំសាកល្បងនៅតំបន់សេដ្ឋកិច្ចសម្រាប់ទាក់ទាញការវិនិយោគទៅលើបច្ចេកវិទ្យាបៃតង, ឧស្សាហកម្មបៃតង និងផ្នែកឌីជីថល»។
លោកបញ្ជាក់ថា កម្ពុជាក៏កំពុងសិក្សា និងរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគិនពីប្រទេសមួយតែម្ដង ដែលសម្រាប់វិនិយោគពីប្រទេសណាមួយ តាមការជាក់ស្ដែង ដែលកម្ពុជាអាចធ្វើ៕