
ការលាងសម្អាតចេកនៅកសិដ្ឋានមួយក្នុងខេត្តកំពត។ ចេកជាផលិតផលកសិកម្មដែលមានសក្តានុពលសម្រាប់នាំចេញ។ ភ្នំពេញប៉ុស្តិ៍
កសិកម្ម គឺជាវិស័យចម្បងមួយដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលកសិកម្មសំខាន់ៗទៅទីផ្សារអន្តរជាតិ។ វិស័យកសិកម្ម បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ ២២ ភាគរយនៅក្នុងឆ្នាំ ២០២៤។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន ១១,៧ លានតោន ដោយកើនឡើង ៣៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨,៤ លានតោន។
ការនាំចេញកសិផលនេះមានតម្លៃប្រមាណ ៤,៨ ពាន់លានដុល្លារ។ ផលិតផលកសិកម្មនាំចេញសំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធ«សមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥ បាននិយាយថា ក្នុងឆ្នាំ ២០២៤ កំណើននៃការនាំចេញកសិផលសរុបកើនដល់ ១១,៧ លានតោន ទៅ ៩៤ ប្រទេស កើនឡើង ២០ ប្រទេស ក្នុងនោះមានស្រូវជាង ៥ លានតោន និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ ប្រទេស។
លោកបន្តថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងពីការបង្កបង្កើនផលរបស់ប្រជាកសិករ និងអ្នកវិនិយោគ ដោយរាប់ចាប់តាំងពីការគិតគូរឱ្យប្រជាពលរដ្ឋមានដីសម្រាប់ដាំដុះ, មានទឹកសម្រាប់ស្រោចស្រព, មានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹក/ប្រើប្រាស់ និងមានទីផ្សារសម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត មើលឃើញថា ការនាំចេញផលិតផលក្នុងវិស័យកសិកម្មរបស់កម្ពុជាបានបង្ហាញពីភាពរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយវិស័យកសិកម្មបានចូលរួមចំណែកផលិតផលក្នុងស្រុកសរុប( GDP) ប្រមាណ ២២ ភាគរយ ក្នុងឆ្នាំ២០២៤។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២១ ខែមករា ថា៖« រហូតមកដល់ពេលនេះ ការនាំចេញផ្នែកវិស័យកសិកម្ម មានភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជាយើង។ គ្រាន់តែវិស័យកសិកម្មមួយចូលរួមចំណែកផលិតផលកក្នុងស្រុកសរុប GDP សម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលប្រមាណ ២២ភាគរយក្នុងឆ្នាំ ២០២៤។ អ្វីដែលគេត្រូវដឹងមួយទៀតនោះ គឺវិស័យកសិកម្មបានផ្តល់ការងារជាច្រើនដល់ប្រជាសហគមន៍»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ការដាំដុះបានបន្តរក្សាបានកំណើនជារៀងរាល់ឆ្នាំ ដែលជាការបើកលទ្ធភាពឱ្យកម្ពុជាធ្វើការនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសបានកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ផងនោះបានបើកទីផ្សារកាន់តែទូលាយសម្រាប់ការនាំចេញកសិផលរបស់កម្ពុជា។
លោកបានថ្លែងថា៖ «ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺយើងទទួលបានការរួចពន្ធច្រើនសម្រាប់ផលិតផលកសិកម្មរបស់យើង ហេតុដូច្នេះហើយ យើងបានកំពុងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនក្នុងការជំរុញការដាំដុះ និងការនាំចេញ។
លើសពីនេះទៅ ទៀតខ្ញុំសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់យើងក៏ផលិតតម្រូវទៅតាមទីផ្សារនាំចេញផងដែរ ដូចជា ស្រូវ អង្ករ ពោត ស្វាយ ផ្លែចេក គឺកាន់តែមានគុណភាពល្អសម្រាប់ការនាំចេញ»៕