ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ បានជួយឱ្យកម្ពុជាក្នុងឆ្នាំ២០២៤ ទាក់ទាញវិនិយោគិនមកបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានទុនចុះបញ្ជីសរុបប្រមាណ ៨៥០ លានដុល្លារ ខណៈការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា មានទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ។
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ កាលពីពេលថ្មីៗនេះបាននិយាយថា គោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឱ្យបោះជំហានទៅមុខយ៉ាងលឿន តាមរយៈការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់-ពិភពលោក ការបង្កើនផលិតភាព ការពង្រីកទីផ្សារនាំចេញ ព្រមទាំងបានចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
លោក ជា វុទ្ធី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបាន ៤ពាន់កន្លែង។
ឧស្សាហកម្ម នៅតែជាវិស័យឈានមុខគេដែលបានស្រូបទាញការវិនិយោគច្រើន។ ក្នុងឆ្នាំ២០២៤ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៦៩ ភាគរយនៃទុនវិនិយោគសរុបដែលបានអនុម័តដោយ CDC។
លោកបានថ្លែងថា៖«រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការនៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា»។
តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ស្ថិតលើផ្ទៃដីទំហំ២០៦ ហិកតា នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ មានទុនវិនិយោគប្រមាណជាង ៥០ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីកំណើនសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានសម្ទុះខ្លាំងដូចមុនពេលពិភពលោកជួបនឹងវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ ក៏កម្ពុជានៅតែអាចទទួលបានការមកបណ្តាក់ទុនជាបន្តបន្ទាប់។
ភាពទាក់ទាញដែលកម្ពុជាមាននោះ គឺដោយសារតែកម្ពុជារក្សាបានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរឹងមាំ ច្បាប់វិនិយោគអំណោយផល ទីតាំងភូមិសាស្ត្រល្អប្រសើរ សម្បូរកម្លាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។
លោកបន្តថា ក្រៅពីនេះផលិតផលកម្ពុជា ក៏ទទួលបានភាពអនុគ្រោះពន្ធនាំចូលទៅប្រទេសធំៗមួយចំនួនដូចជា អាមេរិក តំបន់អឺរ៉ុប ចិន កូរ៉េ និងជប៉ុន ជាដើម។
លើសពីនោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូសំខាន់ៗដូចជា ចិន កូរ៉េ និងកិច្ចព្រមព្រៀង RCEP ក៏កំពុងរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកប្រាប់ថា៖«ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងបរទេសនៅកម្ពុជានឹងកើនឡើងថែមទៀតនៅពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកប្រសើរ។ ការវិនិយោគផ្ទាល់ គឺពិតជាសំខាន់ណាស់សម្រាប់ភាពរឹងមាំនៃសេដ្ឋកិច្ច ព្រោះក្រៅពីជួយបង្កើតការងារ វាក៏ជួយលើកកម្ពស់សមត្ថភាពនាំចេញផលិតផលសម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំង»។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេសគឺជាបណ្តុះនៃរោងចក្រ/សហគ្រាសផលិតទំនិញដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន គឺវាអាចផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់។
លោកលើកឡើងថា សម្រាប់អ្នកវិនិយោគដែលចង់បើករោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺពួកគេនឹងទទួលបានភាពអនុគ្រោះ និងងាយស្រួលមួយចំនួនដូចជា មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់គ្រាន់ មានប្រភពថាមពល មានការរៀបចប្រព័ន្ធបង្ហូរទឹក/បរិស្ថាន នីតិវិធីក្នុងការរៀបចំឯកសារនាំចូល-នាំចេញទំនិញ និងសម្បូរកម្លាំងពលកម្ម។ល។
លោកបញ្ជាក់ថា៖«ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សមត្ថភាពនាំចេញទំនិញទៅទីផ្សារអន្តរជាតិ រដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុកពិចារណាពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានកាន់តែច្រើនទៅតាមប្រទេស ឬប្រភេទឧស្សាហកម្មនីមួយៗ»៕