កម្ពុជា​រក​ប្រាក់បាន​​ជាង ១,១​ ពាន់​លាន​ដុល្លារ​ពីការ​នាំ​ចេញ​គ្រាប់​​ស្វាយចន្ទី​ឆៅ​(Raw)ទៅ​ទីផ្សារ​អន្តរជាតិ​ នៅ​ក្នុង​ឆ្នាំ ២០២៤ ដោយ​កើន​ឡើង​ជាង ២៦ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ​ទីផ្សារ​ប្រទេស​វៀតណាម បានទទួល​ទិញ​ជាង ៩៧ ភាគរយ​។ បញ្ហា​ទុន​បង្វិល​​នៅតែ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​នាំ​ចេញ​គ្រាប់​ឆៅ។ ​​​នេះ​បើ​យោងតាម​សមាគមស្វាយចន្ទីកម្ពុជា(សសក)។

របាយការណ៍​ផ្លូវការ​របស់​សមាគមស្វាយចន្ទីកម្ពុជា ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៤ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីឆៅ បាន​សរុបប្រមាណ​ ៨៥០ ០០០តោន ក្នុងនោះការនាំចេញគ្រាប់ឆៅ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៨១៥ ០០០តោន កើនឡើង ២១ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ បើ​គិតជាប្រាក់ គឺមាន​ប្រមាណ ១,១៥ ពាន់​លានដុល្លារ កើនឡើង ២៦,១៥​ភាគរយ​​។ 

ប្រទេស​វៀតណាម ដែល​មាន​ទុនបង្វិល រោងចក្រ​កែច្នៃ និង​ឃ្លាំង​ស្តុក​ច្រើន គឺ​នៅ​តែ​ជា​ប្រភព​សំខាន់​ជាង​គេ ដែល​​​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​ឆៅ​​ពី​កម្ពុជា ដោយមាន​បរិមាណប្រហែល​ ៧៩៥ ០០០ តោន ឬ​ស្មើ​នឹង ៩៧,៥៤ ភាគរយ​នៃ​បរិមាណ​ការ​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅសរុប​របស់​កម្ពុជា។​

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២២ ខែ​មករា​ថា ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៤ បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មាន​កំណើន​ទាំង​បរិមាណ​ទិន្នផល​ និង​តម្លៃ​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​។​ បច្ចុប្បន្ន​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​ ​អាច​ចាត់​ទុក​ថា​មាន​សក្តានុពល​​បន្ទាប់​ពី​វិស័យ​ស្រូវ​អង្ករ​។ 

លោក​បន្ត​ថា វៀតណាម គឺជាទីផ្សារចម្បងជាងគេ​ដែល​បានស្រូបយក​គ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាប្រមាណ ៧៩៥ ០០០ តោនក្នុងឆ្នាំ ២០២៤ ខណៈអ្នកបញ្ជាទិញមកពីចិន និងឥណ្ឌា ត្រូវការតែគ្រាប់ស្វាយចន្ទីស្ងួតមានគុណភាពល្អ​ប៉ុណ្ណោះ។

លោកបាន​និយាយ​ថា៖«ទីផ្សារ​នាំចេញ​គ្រាប់ស្វាយចន្ទីឆៅ​មានសញ្ញាវិជ្ជមានច្រើននៅក្នុង​ឆ្នាំ ២០២៤ ដោយការលក់បាន​​កើនឡើងទាំងបរិមាណ និង​​តម្លៃ ដែល​​ធ្វើឱ្យវិស័យស្វាយចន្ទី ហាក់ឈានមុខគេទី២ បន្ទាប់ពីស្រូវ អង្ករ។ បើ​តាម​ការ​​ប្រមូលទិន្នន័យ​របស់​យើង​ឃើញថា ស្វាយចន្ទី(ឆៅ)អាចរកចំណូលបាន ១ ១៥០ លានដុល្លារ​ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ នេះ​​ជាសញ្ញាមួយល្អសម្រាប់វិស័យកសិកម្មនៅកម្ពុជា ដែលភាគីពាក់ព័ន្ធទាំងអស់គួរពិចារណាឡើងវិញក្នុងកាវិនិយោគមកលើវិស័យនេះ ព្រោះវិស័យនេះបាន​បង្កើតការងារច្រើនដល់ប្រជាកសិករ»។

លោក​បាន​ប្រាប់​ទៀត​ថា ផលិតកម្ម​ស្វាយចន្ទី​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពីរដ្ឋាភិបាល តាមរយៈការបង្កើតគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលបានធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ​មួយចំនួនចាប់ផ្តើមផ្តល់កម្ចីក្នុង​អត្រាការប្រាក់អនុគ្រោះ​ទៅ​ដល់​អ្នក​ដាំដុះ​ស្វាយចន្ទី​។ ទោះយ៉ាង​ណា​ចំនួន​ប្រាក់​កម្ចី​​ដែល​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ផ្តល់​ឱ្យ​អ្នក​នៅ​ក្នុង​វិស័យ​ស្វាយចន្ទី ​​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។

លោក ស៊ីឡុត បាន​និយាយ​ថា៖​​«បើទោះបីមានការសហការផ្តល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះក៏ដោយ ក៏លក្ខខណ្ឌនៃប្រាក់កម្ចីមានភាពស៊ាំញាំដែលធ្វើឱ្យសហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក មិនអាចរកទុនបង្វិលដើម្បីទិញគ្រាប់ស្តុកទុកសម្រាប់កែច្នៃ ។ ហេតុដូចនេះបានធ្វើឱ្យគ្រាប់​ស្វាយចន្ទីឆៅ ៩៥ ភាគរយ​ ត្រូវបាននាំចេញទៅក្រៅប្រទេស»។

យោងតាម សសក នៅ​កម្ពុជា​បច្ចុប្បន្ន​អាច​មាន​ផ្ទៃដី​ដាំដុះ​ស្វាយចន្ទី​ប្រហែល ៧០០ ០០០​ ហិកតា ក្នុង​នោះ​ផ្ទៃដីប្រមូលផល​មាន​ប្រមាណ ៥៨០ ១១៧ ហិកតា ក្រៅ​ពី​នោះ​ជា​ផ្ទៃដីដាំដុះថ្មី​។ ស្វាយចន្ទីមាន​ដាំនៅ​ស្ទើគ្រប់​ខេត្ត​ ប៉ុន្តែ​ភាគ​ច្រើន​នៅ​ក្នុង​ខេត្តកំពង់ធំ ក្រចេះ រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់​ឆ្នាំង និង​ខេត្តមណ្ឌលគិរី។​

ដើម្បី​ជំរុញ​ការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​(កែច្នៃរួច)​ទៅ​ទីផ្សារ​អន្តរជាតិ កាល​ពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅ​ទីក្រុង​កូជី ប្រទេស​ជប៉ុន លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានជួបពិភាក្សាការងារជាមួយ លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី កញ្ញា សឿន សុធីតា ដែលជាសហស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង ផងដែរ។​ 

ជំនួប​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រីកសក្តានុពលនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាពីយុទ្ធសាស្ត្រ ស្ដីពីការពង្រីកទីផ្សារ ដោយក្រុមហ៊ុន Inoue Calcium Corporation បានទទួលគ្រាប់ស្វាយចន្ទី (trial shipment ) ជាលើកដំបូងពីសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង។

ក្នុងឱកាសនោះ ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រយ៉ាងសកម្ម ដើម្បីបង្កើនឱកាសពាណិជ្ជកម្ម និងការជំរុញភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសវិស័យនាំចេញគ្រាប់ស្វាយចន្ទី។

បើយោងតាម​ លោក ស៊ីឡុត គិតរហូតដល់ពេលនេះកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោន ក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ ១ឆ្នាំឡើយ៕​