ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជាត្រូវបាន​រំពឹង​ថា ​នឹង​​ឆ្ពោះ​ទៅមុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​ បន្ទាប់​ពី​និយ័តករមូលបត្រកម្ពុជា(SERC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះ​កិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា​ដើម្បីរួមចំណែកកសាងនូវប្រព័ន្ធអេកូឡូស៊ីទីផ្សារឱ្យកាន់​តែ​រឹង​មាំ និង​ធានាបាននូវកំណើនប្រកបដោយចីរភាព។ នេះ​បើ​តាម​ លោក ស៊ូ សុជាតិ អគ្គនាយក SERC។

ពិធីចុះហត្ថុលេខាត្រូវធ្វើឡើងក្នុង​ថ្ងៃ​ទី​២២ ខែ​មករា នៅ​សណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ រវាងលោក ស៊ូ សុជាតិ អគ្គនាយក SERC (Sou Socheat, Delegate of the royal Government in Charge as Director General of the Securities and Exchange Regulator of Cambodia)និងលោក Tom Ceusters ប្រធានទទួលបន្ទុកផ្នែកផ្សារមូលបត្រ និងវិនិយោគនៃ IFC។ ក្នុង​ពិធី​នេះ​ក៏មាន​ការ​ចូល​រួម​

អគ្គនាយក SERC លោក ស៊ូ សុជាតិ បាន​ថ្លែង​ថា កិច្ចសហការនេះបាន​ធ្វើឡើងក្នុងកាលៈទេសៈដ៏សំខាន់មួយ ដោយសារទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជាមានសក្ដានុពលយ៉ាងធំធេងក្នុងការរួមចំណែកដល់កំណើនហិរញ្ញវត្ថុរបស់ប្រទេស។ 

ការផ្តល់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការគ្រប់គ្រងហានិភ័យ និងការធ្វើពិពិធកម្មការវិនិយោគ នឹង​ជួយ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​​កម្ពុជា​កាន់​តែ​មាន​ភាព​រឹងមាំ ហើយ​វា​នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​​​។

លោកបាន​ថ្លែង​0ថា៖«​កិច្ចព្រមព្រៀងរវាង​និយ័តករមូលបត្រកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បង្ហាញពីផែនការដ៏ទូលំទូលាយមួយ ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើម​នេះស្របតាមគោលដៅរបស់ប្រទេស​កម្ពុជាក្នុងការក្លាយជាអ្នកចូលរួមប្រកួតប្រជែង និងគួរឱ្យទុកចិត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុសកល»។

ទោះយ៉ាងណា លោក សុជាតិ ​អះអាង​ថា ក្នុងដំណើរឆ្ពោះទៅមុខ គឺ​តម្រូវឱ្យមានការគិតគូរដោយប្រុងប្រយ័ត្ន មានក្របខ័ណ្ឌរឹងមាំ និងការកសាងសមត្ថភាពបន្ថែម។

យោងតាមកិច្ចព្រមព្រៀង IFC នឹងចូលរួមជួយ​ការកសាងសមត្ថភាពជាបន្តបន្ទាប់ដល់បុគ្កលនិយ័តកម្ម និងអ្នកចូលរួមទីផ្សារជាមួយនឹងជំនាញចាំបាច់ នៃទីផ្សារនិស្សន្ទ, ការ​ពង្រឹងក្របខ័ណ្ឌច្បាប់​និងហិរញ្ញវត្ថុរបស់កម្ពុជា ដោយធានាថា អនុលោមតាមស្តង់ដាអន្តរជាតិ ហើយ​កិច្ចព្រមព្រៀងនេះក៏កំណត់ដំណាក់កាលសម្រាប់ទីផ្សារនិស្សន្ទដែលរួមចំណែកដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា និងគោលដៅសេដ្ឋកិច្ចទូលំទូលាយនៃការជំរុញការបង្កើតថ្មី តម្លាភាព និងភាពធន់នៅក្នុងទីផ្សារ។

លោក សុជាតិ បានបញ្ជាក់​​​ថា៖«កិច្ចព្រមព្រៀងនេះលើសពីឯកសារមួយ វាតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏មានន័យ និងយូរអង្វែង។ នៅពេលដែលគម្រោងនេះចាប់ផ្តើមដំណើរការជាផ្លូវការ ការប្តេជ្ញាចិត្តពីទាំង SERC និង IFC មានគោលបំណងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍទីផ្សារនិស្សន្ទ និងសេដ្ឋកិច្ចកម្ពុជា»។

បើយោងតាម SERC ដំណើរការនៃ​ការ​ជួញដូរឧបករណ៍និស្សន្ទ ត្រូវ​បាន​​ដាក់ឱ្យ​ដំណើរការដំបូងនៅឆ្នាំ ២០១៧ ដោយ​ទំហំនៃការជូញដូរនៅ​ពេល​នោះ​មានប្រមាណ ៤ លានដុល្លារ។ រហូត​ដល់​ឆ្នាំ​២០២៣ ដំណើរការជួញដូរឧបករណ៍និស្សន្ទ​បានកើនឡើងដល់ ៣០០ លានដុល្លារ។

ការជួញដូរឧបករណ៍និស្សន្ទ ត្រូវ​បាន​បែងចែកជា ៦ ប្រភេទ និង​មានសរុបជាង ២៤៩ ផលិតផល។ ផលិតផលឧបករណ៍និស្សន្ទទាំង ៦ ប្រភេទ រួមមាន Forex (ការជួញដូររូបិយប័ណ្ណ) កិច្ចសន្យាលក់ពង្រីកថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលក់ពង្រីកថ្លៃប្រេងឆៅ កិច្ចសន្យាលក់ពង្រីកថ្លៃ commodity កិច្ចសន្យាលក់ពង្រីកថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលក់ពង្រីកថ្លៃមូលបត្រកម្មសិទ្ធិ៕