កម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៤ ដោយកើនឡើងជាង ៣៦ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ខណៈតម្លៃជ័រកៅស៊ូ ក៏បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីខែមករា-ខែធ្នូ ឆ្នាំ២០២៤ ការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូ មានទឹកប្រាក់សរុប ៦៧១,៦៨ លានដុល្លារ កើនឡើង ៣៦,៤៨ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
ប្រាក់ចំណូលដែលទទួលបានខាងលើ គឺពីការនាំចេញជ័រកៅស៊ូ មានចំនួន ៦៦៦,២៥ លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ៥,៤ លានដុល្លារ។
សម្រាប់តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២៤ គឺ ១ ៩៧១ ដុល្លារក្នុង ១តោន កើនឡើង ៦៣៤ ដុល្លារក្នុង ១តោន ឬស្មើនឹង ៤៧ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
របាយការណ៍ឱ្យដឹងទៀតថា សម្រាប់បរិមាណជ័រកៅស៊ូ ដែលមានបញ្ចេញលក់ទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២៤ គឺ ៣៣៨ ០០០ តោន ថយចុះ ៣០ ០៤៨ តោន ឬស្មើនឹង ៨,១៦ ភាគរយធៀបនឹងឆ្នាំ ២០២៣ និងឈើកៅស៊ូបញ្ចេញលក់មានចំនួន ២៥ ១៥៧ម៉ែត្រគូប។
អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ឃុន កក្កដា បានឱ្យដឹងថា បើទោះបីបរិមាណទិន្នផលជ័រកៅស៊ូនាំចេញទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែសម្រាប់ទិដ្ឋភាពជាក់ស្តែង គឺទិន្នផលជ័រកៅស៊ូដែលប្រមូលបានក្នុងឆ្នាំ ២០២៤ ពិតជាកើនឡើង។
លោកបន្តថា មូលហេតុដែលបរិមាណជ័រកៅស៊ូនាំចេញធ្លាក់ចុះ គឺដោយសារតែ ចំនួនរោងចក្រផលិតសម្បកកង់រថយន្តក្នុងស្រុកបានកើនឡើង ដែលធ្វើឱ្យមានតម្រូវការជ័រកៅស៊ូនៅតាមបណ្តារោងចក្រទាំងនោះកើនឡើងជាបន្តបន្ទាប់។ សម្រាប់ផលិតផលជ័រកៅស៊ូ ក្នុងឆ្នាំ ២០២៤ គឺមានប្រមាណ ៤០៧ ២០៩ តោន កើនឡើង ១៥ ៤១០តោន ស្មើនឹង ៣,៩៣ភាគរយធៀបនឹងឆ្នាំ ២០២៣។
លោកបានថ្លែងថា៖«ជាមួយនឹងវត្តមានរោងចក្រផលិតសម្បកកង់រថយន្តក្នុងស្រុក ក្នុងឆ្នាំ២០២៤ នេះ រោងចក្រចំនួន ៣ បានដំណើរការផលិតសម្បកកង់រថយន្ត និងបានស្រូបទាញយកជ័រកៅស៊ូក្នុងស្រុកប្រើប្រាស់ជាវត្ថុធាតុដើមប្រមាណ ៥៨ ០០០ តោន ឬប្រមាណ ៤ ៨០០តោន ក្នុង ១ថ្ងៃ»។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីផ្សារជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិបានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់កាលពីឆ្នាំ ២០២៤ ស្របពេលដែលកំណើននៃតម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជាកំពុងកើនឡើងដែរ។
លោកបន្តថា ប្រសិនបើចំនួនរោងចក្រផលិតសម្បកកង់រថយន្តនៅតែបន្តកើនឡើង គឺបរិមាណនាំចេញកៅស៊ូកម្ពុជាទៅទីផ្សារអន្តរជាតិ នឹងអាចបន្តថយចុះបន្ថែមទៀត។
លោកបន្ថែមថា៖«វត្តមានរបស់រោងចក្រផលិតសម្បកកង់រថយន្តក្នុងស្រុក គឺជាចំណែកដែលធ្វើឱ្យការនាំចេញកៅស៊ូរបស់កម្ពុជាទៅទីផ្សារអន្តរជាតិធ្លាក់ចុះកាលពីឆ្នាំមុន។ កំណើននៃតម្រូវការនៅទីផ្សារអន្តរជាតិ និងតម្រូវការក្នុងស្រុក នឹងជួយឱ្យការវិនិយោគលើការដាំដើមកៅស៊ូនៅកម្ពុជាកើនឡើងបន្ថែមទៀតនាពេលខាងមុខ»។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមដំណាច់ឆ្នាំ២០២៤ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤២៥ ៤៤៣ហិកតា កើនឡើងពី ៤០៧ ១៧២ហិកតា កាលពីឆ្នាំ ២០២៣។
ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រ មានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៧,៦៣ ភាគរយនៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ ១៨៤ហិកតា ស្មើនឹង ២២,៣៧ភាគរយ។
ផ្ទៃដីកៅស៊ូកសិ-ឧស្សាហកម្ម មានចំនួន ២២៣ ១២២ហិកតា ស្មើនឹង ៥២,៤៤ ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ មានចំនួន ២០២ ៣២១ ហិកតា ស្មើនឹង ៤៧៥៦ ភាគរយ។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានរោងចក្រផលិតសម្បកកៅស៊ូកង់រថយន្តចំនួន ៦ កំពុងដំណើរការ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។ ភាគច្រើននៃរោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា គឺមានវិនិយោគិនមកពីប្រទេសចិន។
ដើម្បីចូលរួមចំណែកជំរុញការវិនិយោគ និងការនាំចេញជ័រកៅស៊ូទៅទីផ្សារអន្តរជាតិ រដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ ២០២៣ បានសម្រេចកែសម្រួលអត្រាពន្ធនាំចេញផលិតផលកៅស៊ូ ទៅទីផ្សារអន្តរជាតិសម្រាប់ឆ្នាំ២០២៤-២០២៥ ដើម្បីជាការលើកទឹកចិត្តដល់ការដាំដុះ និងការជួយដល់អ្នកដាំដុះ និងក្រុមហ៊ុននាំចេញដែលបានប្រឈមនឹងការធ្លាក់ថ្លៃជ័រកៅស៊ូ រយៈពេលជាច្រើនឆ្នាំដោយសារតែតម្រូវការអន្តរជាតិធ្លាក់ចុះ៕