កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យមួយនេះឱ្យបោះជំហានទៅមុខកាន់តែលឿន កម្ពុជាចាំបាច់ត្រូវតែខិតខំ និងបង្កើនកិច្ចសហការគ្នាឱ្យបានកាន់តែសកម្មបន្ថែមទៀតរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។
នេះបើតាមលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបានលើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពមួយដែលថ្នាក់ដឹកនាំរដ្ឋាភិបាលតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រោះវិស័យនេះមិនត្រឹមតែជួយឱ្យប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយអាទិភាពសំខាន់ៗជាច្រើន ក្នុងន័យជំរុញការបង្កបង្កើនផល រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។
លោកបានថ្លែងថា៖«វិស័យកសិកម្មកម្ពុជាមិនត្រឹមតែបន្តធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានា និងសម្រេចបានផលិតផលកសិកម្មកាន់តែច្រើនជាងមុនសម្រាប់ការនាំចេញ គឺក្នុងបរិមាណ ១២លានតោន ដែលមានតម្លៃសរុបចំនួន ៥,៣ពាន់លានដុល្លារ»។
នៅក្នុងឱកាសនោះ លោក ចិន្តាសោភា ក៏បានលើកឡើងអនុសាសន៍សំខាន់ៗចំនួន ៦ ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលដូចជា ការជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពដើម្បីធានាបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន, ក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធត្រូវបង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម, និងការលើកទឹកចិត្តដល់ធនាគារនានាតាមរយៈការផ្តល់នូវកម្ចីដែលមានការប្រាក់ទាបដល់វិស័យកសិកម្ម។
ចំណែកអនុសាសន៍ ៣ ផ្សេងទៀតរួមមាន ការបង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក, ការប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ, និងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។
ឯកសារថវិកាសង្ខេបឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025) បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែលនឹងត្រូវទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលនឹងអាចបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ តាមពីក្រោយដោយវិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។
ឯកសារខាងលើ បានឱ្យដឹងទៀតថា វិស័យកសិកម្មនឹងមានភាពល្អប្រសើរដោយសារកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ព្រមទាំងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ សម្រាប់អនុវិស័យដំណាំ ត្រូវបានរំពឹងថានៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើការកែច្នៃផលិតផលកសិកម្ម, ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាលដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ដើម្បីរួមចំណែកជួយដល់ប្រជាកសិករ ក៏ដូចជាលើកកម្ពស់ផលិតភាពកសិកម្ម ក្រសួងកសិកម្មមកដល់ពេលនេះបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ៩ នៅក្នុងខេត្តចំនួន ៦ ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្ត ៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ ក្នុងនោះក្រសួង ក៏បានជួយសម្រួលក្នុងការពង្រីកកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបជូនដល់សហគមន៍។
លោកបន្ថែមថា អនុវិស័យដំណាំបានចូលរួមធំជាងគេក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់ ៦១ ភាគរយ ក្នុងឆ្នាំ ២០២៤ សម្រេចបានផលិតកម្ម ៣៩,៤ លានតោន កើនឡើង ២,៥៩ លានតោនបើធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន ១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងកម្ពុជា និងមានអតិរេក ៨,២លានតោនសម្រាប់ការនាំចេញ។
លោកបានបញ្ជាក់ថា៖«យើង(វិស័យកសិកម្មកម្ពុជា)កាន់តែមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ នៅក្នុងអនុវិស័យដំណាំ ហើយក៏ជាលទ្ធផលដែលបានពីការបង្កើនការផ្សព្វផ្សាយ និងចែករំលែកបច្ចេកទេសដល់កសិករ ក្នុងការប្រើប្រាស់ ពូជ ជី ថ្នាំ កាន់តែប្រសើរឡើង ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មកាន់តែទូលំទូលាយនៅក្នុងផលិតកម្មកសិកម្មកម្ពុជា»៕