អ្នក​ដំណើរជាតិ និង​អន្តរជាតិ​​​សរុប​ជាង ៦ លាននាក់​បាន​ធ្វើ​​ដំណើរ​ឆ្លងកាត់​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៤ ដោយ​កើន​ឡើង​ជាង ២០ ភាគរយ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ខណៈ​ចំនួន​ជើងហោះហើរ​សរុបមាន​​​ជិត ៦ ម៉ឺន​​ជើង ពី​ក្រុមហ៊ុន​អាកាសចរណ៍ក្នុង​ស្រុក និង​អន្តរជាតិ​ចំនួន​ ៣១។​

របាយការណ៍​វឌ្ឍនភាព​វិស័យ​ដឹក​ជញ្ជូនតាម​ផ្លូវ​អាកាស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​កម្ពុជា ​ឱ្យ​ដឹង​ថា ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) កាល​ពី​​ឆ្នាំ ២០២៤ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ទទួល​បាន​​​ជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើន​ឡើង ១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ និង​​អ្នក​ដំណើរ​ឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មាន​ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២ ភាគរយ​។ ចំណែក​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​ ៧៧ ៧៥២​តោន កើន​ឡើង ៤០ ភាគរយ​។​​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មករា ថា បន្ទាប់ពីធ្លាក់​ចុះ​យ៉ាង​គំហុកស្ទើរ​ដល់​សូន្យ​​នា​អំឡុង​ឆ្នាំ​២០២០-២០២១ ដោយសារ​ការរីករាលដាល​​​ជំងឺកូវីដ​១៩ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​កម្ពុជា ​បាន​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ជាបណ្តើរៗ​​តាំង​​ពី​ដើម​ឆ្នាំ​២០២២ ​ជាមួយ​នឹង​កំណើនជាមធ្យម​​ជាង ១០​ភាគរយ​រៀងរាល់​ឆ្នាំ។ 

សម្រាប់​ឆ្នាំ​ ២០២៥ នេះ​តាម​ការ​ព្យាករ គឺ​ចំនួន​ជើងហោះហើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ ​នឹងអាច​​កើន​លើស​ឆ្នាំ​ ២០២៤។ ​​​

បច្ចុប្បន្នមានក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន ៤ និង​អន្តរជាតិ​ចំនួន ២៧ ​កំពុង​ធ្វើ​ប្រតិបត្តិការ​ចុះចត​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖​«​​ការ​ព្យាករនេះ​ គឺ​យើង​ឈរលើ​មូល​ដ្ឋាន​បែប​វិទ្យាសាស្រ្ត​នៃ​កំណើន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​​និន្នាការ​ធ្វើដំណើរ​របស់​ភ្ញៀវ បន្ទាប់​ពី​វិបត្តិ​ជំងឺកូវីដ​១៩ និង​ការ​ងើបឡើង​វិញ​នៃ​​វិស័យ​ទេសចរណ៍ពិភពលោក។ បច្ចុប្បន្ន​​​រដ្ឋាភិបាល​កម្ពុជា​ ក៏​​កំពុង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​ពង្រឹង និង​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​​កម្ពុជា​ទៅ​កាន់​គោល​ដៅ​ជា​ច្រើន​នៅ​លើ​ពិភពលោក​»។ 

លោក​បានបន្ថែម​​​ថា៖​«យើងរំពឹង​ថា ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​កម្ពុជា​ នឹង​មាន​កំណើន​បន្ថែម​ទៀត ដោយ​បច្ចុប្បន្ន​មាន​ការ​ស្នើសុំ​តភ្ជាប់​គោលដៅថ្មីៗ ព្រម​ទាំង​សំណើ​នៃ​ការ​បង្កើន​ជើងហោះហើរ​ជាបន្តបន្ទាប់​»។

លោក​ប្រាប់​ទៀត​ថា សកម្ម​ភាព​នៃ​ការ​ពង្រីក​ចំនួន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​កំពុងមាន​ប្រតិបត្តិកា​នៅ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ថ្មីៗ​នេះក្រុមហ៊ុន​អាកាសចរណ៍ជាតិ Air Cambodia ក៏បាន​បើក​​​ផ្លូវ​ហោះហើរថ្មី​របស់​ខ្លួន​រវាង ភ្នំពេញ-កោះភូគុក ចំនួន ៣ ជើង​ក្នុង ១​សប្តាហ៍ផងដែរ។

លោកបាន​អះអាង​ថា៖​«​ក្រៅ​ពី​វឌ្ឍនភាព​ខាង​លើ នៅ​ខែ​កុម្ភៈខាង​មុខ កម្ពុជា​នឹង​ទទួល​ជើងហោះហើរ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុនអាកាសចរណ៍​ឥណ្ឌា IndiGo ដែល​ហោះហើរ​​​ត្រង់​រវាងទីក្រុង​កុលកាតា-សៀមរាប-កុលកាតា (Kolkata - Siem Reap- Kolkata)។ តាម​រយៈ​ជើងហោះហើរនេះ​ យើង​រំពឹង​ថា​នឹង​មាន​​ភ្ញៀវ​​ឥណ្ឌា ព្រម​ទាំង​ភ្ញៀវបរទេស​ផ្សេង​ទៀត​ចូល​មក​កម្ពុជា​កាន់​តែច្រើន»។​

អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​លើក​ឡើង​ទៀត​ថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ(ភ្នំពេញថ្មី) ដែល​​គ្រោង​នឹង​​បើកដំណើរការ​ជាផ្លូវ​ការ​នា​​អំឡុង​ខែ​កក្កដា ខាង​មុខ ​នឹង​ជួយ​សម្រួល​ឱ្យ​ការ​​ធ្វើ​ដំណើរតាម​ផ្លូវ​អាកាស​នៅ​កម្ពុជា​កាន់តែមានភាព​ងាយ​ស្រួល​ថែម ១​កម្រិតទៀត​។​​

កម្ពុជា-ឥណ្ឌា បាន​បង្កើត​​ឆ្នាំ​ទស្សនា​កម្ពុជា-ឥណ្ឌា លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០២៤ ដើម្បី​ជំរុញ​​ការ​ទស្សនា​ប្រទេស​ទាំង​ពីរ។ បច្ចុប្បន្ន​ ប្រទេស​ទាំង​ពីរ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ញូវដែលី​ ដែល​ប្រតិបត្តិការ​​ដោយ​ក្រុមហ៊ុន Air Cambodia តាំង​ពី​​​ខែ​មិថុនា ឆ្នាំ​២០២៤។ 

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ បាននិយាយថា បើ​ទោះ​បី​ចំនួន​ជើងហោះហើរ និង​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មក​កម្ពុជា(អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប) ​មិន​ទាន់​មាន​ចំនួន​ច្រើន​ដូចមុន​ឆ្នាំ ​២០២០ ប៉ុន្តែ​នេះ​ជាសញ្ញា​បញ្ជាក់​ពី​ការ​​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា។ 

សក្តានុពល និង​ភាព​សម្បូរបែប​នៃ​តំបន់​ទេសចរណ៍​ ព្រម​ជាមួយ​នឹងការ​ផ្សព្វផ្សាយ​​កាន់​តែ​ទូលំទូលាយ នឹង​ជួយទាក់​ទាញ​អ្នក​វិនិយោគ ជាពិសេស​ភ្ញៀវ​ទេសចរបរទេស​កាន់តែ​ច្រើនឱ្យ​​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា។

លោក​បាន​អះអាង​​ថា៖​«​ការ​តភ្ជាប់​ជើងហោះហើរត្រង់​ពី​ទីក្រុង​សំខាន់​ៗ​នៅ​ក្រៅ​​មក​​កម្ពុជា គឺ​ប្រាកដ​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ធ្វើ​ដំណើរ​មក​​កម្ពុជាកាន់​តែ​ច្រើន។ ភាគច្រើន​នៃ​ភ្ញៀវតាម​ផ្លូវ​អាកាស​មកកាន់​​ខេត្ត​សៀមរាប គឺ​ជា​អ្នក​ទេសចរ»។​​

ទិន្នន័យ​ក្រសួង​ទេសចរណ៍​​ឱ្យដឹង​ថា ក្នុង​ឆ្នាំ ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៦,៧ លាននាក់ កើន​ឡើង ២២,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ និងកើនឡើង ១,៤​ភាគរយ​​ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ច្រើន​ជាង​គេ គឺជនជាតិ​ថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕​