ផ្នែកឯកជនបានសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជំរុញឱ្យបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកដោយកំណត់ឡើងវិញនូវការវិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងផ្លូវដែកដែលមានស្រាប់ ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ផ្លូវដែកជើង ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់។
លោក ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្ដឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា បានប្រាប់ឱ្យថ្នាក់ដឹកនាំក្រសួងសាធារណការ ជំរុញការសិក្សា និងពិនិត្យលទ្ធភាពស្វែងរកដៃគូវិនិយោគលើផ្លូវដែក ពិសេសនៅភាគខាងជើងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត និងបន្តទៅកាន់ផ្លូវដែកប្រទេសថៃ។
លើសពីនេះទៀត ក៏ត្រូវសិក្សាលទ្ធភាពក្នុងការតភ្ជាប់ផ្លូវដែកភាគខាងជើង ទៅកាន់គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលគ្រោងនឹងបើកដំណើរនាពេលខាងមុខឆាប់ៗ។
លោកបានថ្លែងថា៖«ត្រូវសហការជាមួយភាគីថែដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មីនៅស្ទឹងបត់(ក្នុងក្រុងប៉ោយប៉ែត) ជំនួសឱ្យស្ថានីយប៉ោយប៉ែត ហើយកិច្ចការនេះគឺអាចពិនិត្យបន្ថែមទៀតទៅលើតំបន់មួយចំនួនដូចជានៅខេត្តពោធិ៍សាត់ ដែលយើងត្រូវការបន្ថែមតភ្ជាប់ពីតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសជាមួយប្រព័ន្ធផ្លូវដែករបស់យើង»។
លោកលើកឡើងទៀតថា នៅពេលខាងមុខគម្រោងវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក៏នឹងត្រូវការការតភ្ជាប់ផ្លូវដែកផងដែរ។ លោកបន្ថែមថា ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តពោធិ៍សាត់ ដែលមានរោងចក្រដំឡើងរថយន្ត និងរោងចក្រជាច្រើនទៀត គឺការតភ្ជាប់ផ្លូវរថភ្លើងនឹងផ្តល់ផលចំណេញច្រើនដល់ការដឹកជញ្ជូនទៅទំនិញទៅកាន់រាជធានីភ្នំពេញ កំពង់ផែសមុទ្រក្នុងខេត្តព្រះសីហនុ និងព្រំដែនប្រទេសថៃ។
ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជា មានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។
ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ)បានកសាងឡើងចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាងឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលមានប្រវែង ២៦៤គីឡូម៉ែត្រ។
ផ្លូវដែកទាំងពីរខ្សែបានទទួលរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងដោយរបបកម្ពុជាប្រជាធិបតេយ្យ។ បច្ចុប្បន្នផ្លូវដែកទាំងពីរខ្សែត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ(RRC)។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៤ ខែមករាថា មធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក ត្រូវបានគេចាត់ទុកថាជាការដឹកជញ្ជូនដែលមានតម្លៃទាប និងបានបរិមាណច្រើនបើធៀបនឹងការដឹកជញ្ជូនរថយន្ត។
លោកបានលើកឧទាហរណ៍ថា ជាក់ស្តែងប្រទេសឡាវ បន្ទាប់ពីមានផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសចិន គឺការដឹកទំនិញរវាងប្រទេសទាំង ២ ត្រូវបានគេប្រើប្រាស់ស្ទើរទាំងស្រុងតាមផ្លូវដែក។ លោកបន្តថា នៅពេលកម្ពុជាមានផ្លូវដែកកាន់តែច្រើន តម្លៃដឹកជញ្ជូននឹងធ្លាក់ចុះ ជាពិសេសនឹងជួយឱ្យការនាំចេញទំនិញទៅទីផ្សារអន្តរជាតិបានកាន់តែច្រើន។
លោកបានថ្លែងថា៖«ប្រសិនបើរដ្ឋាភិបាលអាចជំរុញការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង និងទៅកាន់ទីតាំងផលិត និងកែច្នៃទំនិញ ក្នុងប្រទេសបានកាន់តែលឿន ខ្ញុំជឿថាមិនត្រឹមតែអាចជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយធ្វើឱ្យថ្លៃដើមផលិតទំនិញនៅកម្ពុជាចុះទាបជាមុនផងដែរ»។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿ ដែលកំពុងសិក្សាពីទីតាំង និងលទ្ធភាពការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បាននិយាយថា (Mr. Sam Soknoeun, Chairman of SAM SN GROUP, who is studying the possibility of establishing a Cambodia-Japan special economic zone)ថា មុននឹងសម្រេចចិត្តទៅបណ្តាក់ទុននៅកន្លែងណាមួយ អ្នកវិនិយោគតែងតែសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ដឹកទំនិញចូល និងចេញ។ ការលើកកម្ពស់សមត្ថភាពផ្លូវដែក គឺជាសក្តានុពលមួយក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាតែច្រើន។
លោកបន្ថែមថា៖«តាមរយៈសមិទ្ធផល និងការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្ញុំមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគឱ្យចូលមកបើករោងចក្រកាន់តែច្រើន ហើយទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិក៏នឹងកើនឡើងផងដែរ»៕