ចំនួនក្រុមហ៊ុន/សហគ្រាស ដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Single Portal) ចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ រហូតដល់ដំណាច់ឆ្នាំ ២០២៤ បានកើនដល់ជាង ៤២ ពាន់ ជាមួយនឹងដើមទុនចុះបញ្ជីសរុប(Total of Registered Share Capital) ១៥,៦ ពាន់លានដុល្លារ ក្នុងនោះឆ្នាំ ២០២៤ មានប្រមាណជាង ១០ ០០០ក្រុមហ៊ុន/សហគ្រាស។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាល ទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាល ទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) បង្ហាញថា គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០(ចាប់ផ្តើមដំណើរការ) រហូតដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៤ ចំនួនក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន(Single Portal) មានចំនួនសរុប ៤២ ៣២៥ ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៦៤ ពាន់ពាន់លានរៀល ឬស្មើនឹង ១៥,៦ ពាន់លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំង ៤២ ៣២៥ គឺមាន ៣៧ភាគរយ មានម្ចាស់ជាស្រ្តី។
ដោយឡែកសម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីអាជីវកម្ម គឺមានចំនួន ១០ ០០២ ធ្លាក់ចុះ ១៤,០៥ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ១១ ៦៣៧។
ទោះយ៉ាងណា ចំនួនដើមទុននៃក្រុមហ៊ុនចុះបញ្ជីក្នុងឆ្នាំ ២០២៤ គឺមានប្រមាណ ៦ ពាន់លានដុល្លារ កើនឡើង ៦០ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ប្រភេទអាជីវកម្មសំខាន់ៗរួមមាន វិស័យកសិកម្ម ឧស្សាហកម្មផលិតដែកថែប សេវាកម្មស្នាក់នៅ ថាមពលអគ្គិសនី និងអចលនទ្រព្យ។ នេះបើតាម Single Portal។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៧ ខែមករាថា នៅមុនពេលមានការដាក់ឱ្យអនុវត្តនីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុន/សហគ្រាសអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា គឺគេដឹងថាមានម្ចាស់អាជីវកម្មនៅកម្ពុជាតិចតួចបំផុតដែលបានចុះបញ្ជីនៅអាជ្ញាធរ។
ទោះយ៉ាងណា ការរឹតបណ្តឹងផ្នែកច្បាប់ពីសំណាក់អាជ្ញាធរ និងចំណេះដឹងរបស់ម្ចាស់អាជីវកម្មពីកាតព្វកិច្ចរបស់ខ្លួន បានជំរុញឱ្យម្ចាស់អាជីវកម្មកាន់តែច្រើនមកចុះបញ្ជីដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានភាពស្របច្បាប់។ ការចុះបញ្ជីនេះ នឹងផ្តល់ផល់វិជ្ជមានច្រើនសម្រាប់រដ្ឋាភិបាល និងម្ចាស់អាជីវកម្មនីមួយៗ ហើយវាក៏ផ្តល់ជំនឿចិត្តទៅដល់ប្រជាជនទូទៅ និងអ្នកបំណងចង់បណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកបានថ្លែងថា៖«ការចុះបញ្ជី គឺមានផលវិជ្ជមានច្រើនទាំងសម្រាប់រដ្ឋាភិបាល និងផ្នែកឯកជន ជាពិសេសវាផ្តល់នូវទំនុកចិត្តទៅដល់អតិថិជនដែលជាអ្នកទទួលសេវាទាក់ទងនឹងគុណភាព តម្លៃ និងវិជ្ជាជីវៈ ជាដើម។ នៅពេលមានទិន្នន័យអំពីប្រភេទ និងចំនួនអាជីវកម្មច្បាស់លាស់ ក៏ជួយឱ្យរដ្ឋាភិបាលងាយស្រួលរៀបចំយុទ្ធសាស្រ្តជួយគាំទ្រ ឬលើកទឹកចិត្តនៅពេលប្រភេទអាជីវកម្មណាមួយជួបបញ្ហា ក៏ដូចជាបង្កភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការកំណត់អត្រាពន្ធ ជាដើម។
លោកបន្តថា សម្រាប់ការធ្លាក់ចុះចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មក្នុងឆ្នាំ ២០២៤ គឺជារឿងធម្មតា ហើយក៏កើតមាននៅប្រទេសផ្សេងៗផងដែរ ដោយសារតែស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចសកល មិនសូវល្អធ្វើឱ្យអ្នកវិនិយោគមួយចំនួននៅស្ទាក់ស្ទើរក្នុងការបើកដំណើរការអាជីវកម្ម។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន(Chhin Ken, President of Cambodia Digital Tech Association ( CDTA) បាននិយាយថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម, ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល, និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។ នៅពេលគ្រប់អាជីវកម្មសុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែងមានតម្លាភាពជាងមុន។
លោកបញ្ជាក់ថា៖«នៅពេលគ្រប់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី វានឹងផ្តល់ផលចំណេញច្រើនទៅរដ្ឋាភិបាល និងផ្នែកឯកជន ហើយជាមួយគ្នានេះវាក៏នឹងជួយកាត់បន្ថយការលក់បង្ខូចថ្លៃពីសំណាក់ម្ចាស់អាជីវកម្មមិនស្របច្បាប់មួយចំនួនដែលរកស៊ីដោយមិនបង់ពន្ធផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២៨ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងពីកម្លាំងចលករដ៏សំខាន់របស់អ្នកប្រកបអាជីវកម្មសម្រាប់សេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវទៅចុះបញ្ជីនៅអាជ្ញាធរ ដើម្បីអាចឱ្យរដ្ឋាភិបាលមានព័ត៌មាន និងអាចជួយរកដោះស្រាយបានទាន់ពេលវេលានៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាល គឺលើកទឹកចិត្តឱ្យអ្នកប្រកបមុខរបរ(ពិសេសសេដ្ឋកិច្ចក្រៅប្រព័ន្ធ)ចូលទៅចុះបញ្ជីដោយមិនមានការបង្ខិតបង្ខំ។
លោកបានបន្តថា ហេតុអ្វីត្រូវចុះឈ្មោះចូលក្នុងប្រព័ន្ធ? អស់លុយប៉ុន្មាន? ត្រូវជាប់ពិន័យអ្វីដែរទេ? ជាប់កាតព្វកិច្ចអ្វីខ្លះ? បានផលអ្វីមកវិញ? ទាំងនេះជាសំណួរដែលក្រុមគោលនយោបាយយកចិត្តទុកដាក់ខ្លាំងបំផុត ដោយមានការជជែកយ៉ាងច្រើនក្នុងកិច្ចប្រជុំអន្តរក្រសួង។
លោកបានថ្លែងថា៖«យើងចង់បានបងប្អូនចូលរួមឱ្យបានច្រើនក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលរដ្ឋាភិបាលចង់បានទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគោលនយោបាយដើម្បីជួយបងប្អូនឱ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសក្នុងពេលលំបាក»៕