ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២៤ សម្រេចបានជាង ១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជិត ១ ពាន់លានដុល្លារ កើនឡើងជាង ២០ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១០ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា និងចក្រភពអង់គ្លេស មានទឹកប្រាក់សរុប ១ ០១២,៤៥ លានដុល្លារ កើនឡើង ១៦ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានៅទៅចក្រភពអង់គ្លេស ៩៥៨,៧៥ លានដុល្លារ កើន ២០,៤ ភាគរយ និងចក្រភពអង់គ្លេសនាំមកកម្ពុជា ៥៣,៧ លានដុល្លារ ថយចុះ ២៩,៩ ភាគរយ។
បើមើលទៅលើតុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឧត្តមភាពប្រមាណ ៩០៥,០៥ លានដុល្លារ។ ចក្រភពអង់គ្លេស គឺជាប្រទេសដែលទទួលទិញទំនិញច្រើនពីកម្ពុជាលំដាប់ទី ៨ បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា អេស៉្បាញ និងអាល្លឺម៉ង់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៧ ខែមករា ថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូតបានធ្វើឱ្យសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើនឡើងជាលំដាប់ បើទោះបីជាចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបហើយក៏ដោយ។ តាមរយៈចក្រភពអង់គ្លេស ក៏មានទំនិញកម្ពុជាមួយចំនួនបានបន្តហូរចូលទៅប្រទេសនៅក្នុងសហគមន៍អឺរ៉ុបផងដែរ។
លោកបន្តថា ភាគច្រើននៃទំនិញកម្ពុជានាំទៅចក្រភពអង់គ្លេស គឺជាផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង កង់ និងផលិតផលកសិកម្មមួយចំនួន ខណៈចក្រភពអង់គ្លេស ក៏ជាប្រទេសមួយដែលផ្តល់ប្រព័ន្ធអនុគ្រោះពន្ធគយសម្រាប់ទំនិញនាំចូលពីកម្ពុជាផងដែរ។
លោកលើកឡើងទៀតថា៖«ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកល ព្រមជាមួយនឹងភាពល្អប្រសើរនៃទំនាក់ទំនងការទូត ស្របពេលដែលកម្លាំងផលិតកម្មនៅកម្ពុជាកំពុងបន្តបោះជំហានទៅមុខ គឺនឹងធ្វើឱ្យបរិមាណទំនិញកម្ពុជានាំទៅចក្រភពអង់គ្លេសបន្តកើនឡើងបន្ថែមទៀត។ ភាពល្អប្រសើរនៃវិស័យទេសចរណ៍សកល ក៏ជាចំណែកមួយធ្វើឱ្យការបញ្ជាទិញទំនិញវាយនភណ្ឌពីកម្ពុជាកាន់តែកើនឡើងផងដែរ»។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ក្នុងឆ្នាំ ២០២៤ កម្ពុជាបានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមកម្ពុជា-ចក្រភពអង់គ្លេស(Joint Trade and Investment Forum) លើកទី២ ដើម្បីពង្រឹកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។ វេទិកានេះបានដើរតួជាថ្នាលដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំកាន់តែធំ។
ក្នុងវេទិកានោះ លោក Dominic Williams MBE បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេសនៅកម្ពុជា បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ តាមរយៈវេទិកានេះ លោកក៏ចង់ប្រាប់ទៅដល់ធុរកិច្ចចក្រភពអង់គ្លេសឱ្យមកពង្រីកវត្តមានរបស់ពួកគេក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានឱ្យដឹងដែរថា វេទិកានេះពិតជាមានសារៈសំខាន់ និងដើរតួជាថ្នាលដ៏សមស្របក្នុងការពង្រឹងភាពជាដៃគូប្រកបដោយ ភាពជាក់ស្តែង ភាពធន់ និងចក្ខុវិស័យឆ្ពោះទៅមុខ។
វេទិកានេះមិនត្រឹមតែផ្តល់ឱកាសសម្រាប់បង្កើតឱ្យមានកិច្ចពិភាក្សាដោយស្មោះត្រង់ និងបើកចំហប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រួលដល់ភាពជាដៃគូអាជីវកម្មជាយុទ្ធសាស្ត្រ ដែលជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្នផងដែរ។ លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោកផងដែរ។
ក្នុងឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានភាគច្រើនជាផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន, ឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនិងទំនិញសំខាន់ៗមួយចំនួនទៀត ចំណែកទំនិញនាំចូលមានដូចជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុធ្វើពីដែក វត្ថុធ្វើពីប្លាស្ទីក និងផលិតផលគីមីជាដើម។ នេះបើតាម GDCE៕