អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិនានាបន្ថែមជើងហោះហើរត្រង់ពីគោលដៅរបស់ខ្លួនមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងខេត្តព្រះសីហនុ ពីលើអ្វីដែលកំពុងមាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វានឹងក្លាយជាកម្លាំងចលករថ្មីមួយបន្ថែមក្នុងការទាក់ទាញភ្ញៀវ និងវិនិយោគិនបរទេសឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានជួបពិភាក្សាការងារជាមួយនាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline លោក Mohammed Al Qassim នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
យោងតាមក្រសួងទេសចរណ៍ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ និងស្នើសុំកិច្ចពិភាក្សាទៅលើការពិនិត្យលទ្ធភាពចុះ MOU រវាងក្រុមហ៊ុន Emirates Airline ជាមួយក្រសួងទេសចរណ៍ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពក្នុងការចុះ MOU និងតែងតាំង Focal person រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិត និងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ ក៏ដូចជាស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Emirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦ លាននាក់ កើនឡើង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងចំនួននេះ ភ្ញៀវមកពីបណ្តាប្រទេសតំបន់អារ៉ាប់(អារ៉ាប់រួមអេមីរ៉ាត, អារ៉ាប៊ីសាអូឌីត, កាតា, អេហ្សីប ... និងហ្សកដានី) មានចំនួនសរុប ៣ ០៩៩ នាក់ កើនឡើង ១២,៣ ភាគរយ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៨ ខែមករា ថា ក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៤ ឬ ៥ មកពីតំបន់អារ៉ាប់ Emirates Airline និង Qatar Airways កំពុងដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសអារ៉ាប់រួមអេមីរ៉ាត និងកាតា រួមទាំងតំបន់អារ៉ាប់ ព្រមទាំងភ្ញៀវមកពីប្រទេសជាច្រើនទៀតលើពិភពលោកមកកាន់ប្រទេសកម្ពុជា។
បើ Emirates Airline អាចបើកជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺជាការល្អណាស់ ព្រោះវានឹងផលប្រយោជន៍ជាច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបានថ្លែងថា៖«ទោះបីក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដូចជា Emirates Airline, Qatar Airways និង Singapore Airlines ធ្វើការហោះចេញពីប្រទេសរបស់ខ្លួនមកកម្ពុជា ប៉ុន្តែនេះមិនមែនគ្រាន់តែជាការតភ្ជាប់ត្រឹមគោលដៅចុះចតផ្ទាល់ផ្ទាល់ទាំង ២ ឡើយ ដោយវាជាការតភ្ជាប់ពីគោលដៅមួយទៅកាន់ពិភពលោកទាំងមូល»។
ទោះយ៉ាងណា លោក ស៊ីណាន អះអាងថា ការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជាទៅតំបន់អារ៉ាប់ គឺនៅមានកង្វះខាតច្រើន ដែលទាមទារឱ្យរដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជាត្រូវខិតខំបន្ថែមទៀត។
សម្រាប់ស្ថានភាពវិស័យទេសចរណ៍កម្ពុជាឆ្នាំ ២០២៥ នេះ លោក ស៊ីណាន ប្រាប់ថា វាហាក់ដូចជាលឿនពេកក្នុងការធ្វើការសន្និដ្ឋាន ពីព្រោះប្រសិនបើពិភពលោកទទួលរងបញ្ហាណាមួយ ដូចជាជម្លោះភូមិសាស្រ្តនយោបាយ កំណើនសេដ្ឋកិច្ចសកល ... គ្រោះធម្មជាតិ គឺសុទ្ធជះផលអវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា។ អ្វីដែលគេត្រូវគិតគូរឱ្យបានខ្លាំងនៅពេលនេះ គឺចលនាវិស័យទេសចរណ៍ក្នុងប្រទេស។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បាននិយាយថា ជាការល្អណាស់ប្រសិនបើអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចទទួលបានជើងហោះហើរត្រង់ពីបណ្តាប្រទេសក្នុងតំបន់អារ៉ាប់កាន់តែច្រើន ដើម្បីជួយពង្រឹងវិស័យទេសចរណ៍កម្ពុជាកាន់តែរឹងមាំ ខណៈបច្ចុប្បន្នភ្ញៀវទេសចរតំបន់អារ៉ាប់ ដែលមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាម ត្រូវធ្វើដំណើរដោយឆ្លងកាត់តាមប្រទេសជិតខាងក្នុងតំបន់ ឬរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖«ភ្ញៀវតំបន់អារ៉ាប់ភាគច្រើនជាភ្ញៀវទេសចរលំដាប់ខ្ពស់ និងចំណាយច្រើន ដូច្នេះបើខេត្តមានសក្តានុពលទេសចរណ៍ដូចជាសៀមរាប និងខេត្តព្រះសីហនុ អាចមានជើងហោះហើរត្រង់ពីតំបន់អារ៉ាប់មកចុះចតផ្ទាល់ គឺជាការល្អណាស់»។
ទាក់ទងនឹងសេវាកម្មស្នាក់នៅ អាហារ និងមគ្គុទ្ទេសក៍ទេសចរភាសាអារ៉ាប់ លោក ខៀវ ធី បានប្រាប់ថា មិនមែនជាឧបសគ្គឡើយ ព្រោះបច្ចុប្បន្នកម្ពុជាមានសមត្ថភាព និងធនធានគ្រប់គ្រាន់ប្រសិនបើត្រូវការ។
របាយការណ៍វឌ្ឍនភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) កាលពីឆ្នាំ ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ និងអ្នកដំណើរឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មានចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២ ភាគរយ។
ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មាន ៧៧ ៧៥២តោន កើនឡើង ៤០ ភាគរយ៕