បន្ទាប់​ពីមាន​ការ​​រីកដុះដាល​យ៉ាង​ច្រើនកាល​ពី​ពេល​កន្លង​មក​(​​មុន​វត្តមាន​ជំងឺកូវីដ​១៩) ​ក្រុមហ៊ុន​ផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ ត្រូវបាន​ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះមិន​ឱ្យមានប្រតិបត្តិការ​ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​អស់​នោះ​បាន​ប្រកាស​​ក្ស័យធន។

អ្នក​សេដ្ឋកិច្ច​យល់ថា បញ្ហា​គឺដោយសារ​តែការ​ធ្វើតាម​គ្នា ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល និង​កំណើន​​ការ​ប្រើប្រាស់​កាមេរ៉ាសុវត្ថិភាព។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា កាល​ពី​​​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៥ បាន​​ផ្ញើលិខិត​មួយ​ទៅ​​រដ្ឋមន្ត្រី​ក្រួង​ពាណិជ្ជកម្ម ដោយ​សរសេរថា ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ស្រាវជ្រាវលើ​ក្រុមហ៊ុន​ផ្តល់​សេវាសន្តិសុខឯកជន​ចំនួន ២៦ ក្រុមហ៊ុន ដែល​បាន​ស្នើសុំ​ការ​អនុញ្ញាត​ប្រកបអាជីវកម្មកន្លងមក ហើយត្រូវបាន​ប្រកាស​ក្ស័យធន និង​ពុំមាន​សកម្ម​ភាព​បម្រើ​សេវាកម្ម​ទៀតឡើយ ដែល​មិន​ស្របតាម​គោលបំណង​ក្នុង​មាត្រា ១ នៃ​អនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្តីពី​ការ​គ្រប់​គ្រង​សន្តិសុខឯកជន។ ក្នុង​ន័យ​នេះ​ក្រសួង​មហាផ្ទៃ បាន​សម្រេចលុបឈ្មោះ​ចេញ​ពី​បញ្ជី​អនុញ្ញាត​ឱ្យផ្តល់​សេវាសន្តិសុខឯកជនចំនួន ២៦ ក្រុមហ៊ុន។

អ្នក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ (Hong Vanak, an economic researcher at the Royal Academy of Cambodia) ​បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៨ ខែ​មករា ថា ការ​ប្រកាស​លុបឈ្មោះ​​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​សន្តិសុខឯកជន​ពីសំណាក់​​​ក្រសួងមហាផ្ទៃ​ គឺដោយ​សារ​តែ​ក្រុមហ៊ុន​ទាំង​អស់​នោះមិនមាន​លទ្ធភាព​ក្នុង​ការ​បន្ត​អាជីវកម្មរបស់​ខ្លួន។ 

កង្វះសមត្ថភាព​ក្នុង​ការ​ឈរជើង​លើ​ទីផ្សារ​នេះ​ ​​​អាច​បណ្តាល​មក​ពី​កត្តា​រួម​ផ្សំមួយ​ចំនួន​​ដូចជា ការ​ធ្លាក់​ប្រាក់​ចំណូល​ក្រុមហ៊ុន ចំនួន​ក្រុមហ៊ុន​បម្រើសេវាកម្ម​ដូចគ្នា​មាន​ចំនួន​ច្រើន និង​បញ្ហា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។ 

លោក​បន្ត​ថា បន្ថែម​ពី​លើ​នេះ​ក៏មាន​ម្ចាស់​ក្រុមហ៊ុន​/សហគ្រា​មួយ​ចំនួន​ដែល​កាល​​ពី​មុន​ធ្លាប់​ជួល​កម្លាំង​សន្តិសុខច្រើន គឺ​​បាននាំគ្នា​​កាត់​បន្ថយចំនួន​សន្តិសុខ​ និង​​ងាក​ទៅ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាពខ្លះៗ​ជា​ជំនួយ។

លោក​បាន​ថ្លែង​ថា៖​«នៅ​ក្នុង​វដ្ត​នៃ​ក្រុមហ៊ុន/អាជីវកម្ម​នីមួយៗ​តែង​តែ​ជួប​នឹង​ភាព​រីកចម្រើន និង​ការ​ធ្លាក់​ចុះ​ជា​រឿង​ធម្មតា។

ចំនួន​ក្រុមហ៊ុន​ផ្តល់​សេវាសន្តិសុខ​ដែល​បិទ​ទាំង​អស់​នេះ ក៏​អាច​មក​ពីមុខ​ពួក​គាត់​មើល​ឃើញ​គេបើក​ទទួល​ជោគជ័យ ក៏​នាំគ្នា​បើក​តាមទាំង​ដែល​ខ្លួន​មិន​សូវ​មាន​ជំនាញ និង​មិនមាន​អតិថិជន​នៅ​ក្នុង​ដៃ​»។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association(CCCA) បាន​និយាយ​ថាទិដ្ឋភាពជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ គឺ​​ការ​ប្រើ​ប្រាស់​កាមេរ៉ា​សុវត្ថិភាពបាន​កើតមាន​នៅ​ស្ទើគ្រប់​ទីកន្លែង​ ដោយ​រាប់​ចាប់​តាំង​ពី​ទីធ្លាសាធារណៈ​ ទីស្នាក់ការក្រុមហ៊ុន រោងចក្រ/​សហគ្រាស និង​លំនៅឋាន​ឯកជន។ 

កំណើន​នៃ​ការ​ប្រើប្រាស់​កាមេរ៉ាសុវត្ថិភាព គឺ​ជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សន្តិសុខឯកជនធ្លាក់​ចុះ។ ជាទូទៅ​​ការ​ចំណាយ​លើ​ការ​បំពាក់​កាមេរ៉ា គឺ​មិនចាំបាច់​ចំណាយ​រាល់ខែ​ដូចទៅ​នឹង​ការ​ជួល​សន្តិសុខឡើយ។ 

លោក​បាន​និយាយ​ថា៖​«​បច្ចុប្បន្ន​ម្ចាស់អាជីវកម្មភាគច្រើន តែងព្យាយាម​កាត់បន្ថយចំណាយ ដូច្នេះ​កន្លែងណាដែលអាច​បំពាក់កាមេរ៉ាបាន គឺគេ​បំពាក់​កាមេរ៉ា លើកលែងតែ​កន្លែងដែលត្រូវការមានសន្តិសុខដើម្បី​ដើរត្រួតពិនិត្យ ឬ​រាប់​ចំនួន​ទំនិញចេញចូលដែលកាមេរ៉ាមិនអាចធ្វើបាន ទើប​ពួក​គេ​ត្រូវ​ការ​មនុស្ស​ឱ្យ​ធ្វើ»។ 

លោក​លើក​ឡើង​ទៀត​ថា មួយវិញទៀតនៅ​ពេល​ដែល​ចំនួន​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សន្តិសុខឯកជន​នៅសល់​ចំនួន​តិច ក៏​ជា​ឱកាស​ឱ្យ​​​អាជ្ញាធរមានសមត្ថកិច្ច ធ្វើការ​​ពង្រឹងគុណភាពនៃក្រុមហ៊ុនសន្តិសុខឯកជន​ដែល​នៅ​មាន​ប្រតិបត្តិការផងដែរ។

យោងតាម​ក្រសួងមហាផ្ទៃ ​ក្រុមហ៊ុន​ផ្តល់សេវាសន្តិសុខឯកជន ទាំង ២៦ រួមមាន ក្រុមហ៊ុន​ C.B.I Security Co., Ltd(CBI), LAIS Security Agency Co., Ltd(LSA), V&M Universal Security Co., Ltd(VM), Public Safety Agent Co., Ltd (PSA), SEUNG TEP Security(S.T.S) Co., Ltd​(STS), Cambodia Security Management Co., Ltd(CSM), Eagle Patrol Security Co., Ltd(EPS), SAHAS PPSEZ Co., Ltd(SH), STAING DEK MEK CHHOR Service Co., Ltd​(S.D.M.C), REAM THEA Cambodia Security Co., Ltd(RT), Cambodia Security Agency Limited (CSA), Security Safety For You Co., Ltd(S.S.Y), Oscar Security Co., Ltd (OSCAR), INTRYTEP Security Co., Ltd.(IS), Lucky Security Agency Co., Ltd. (LUCKY), GRATICITY Security Services (Cambodia) Co.,​ Ltd (GT.S.S), Sydney Security and Protective Services Co., Ltd(SSS), Good Prevention Security Co., Ltd (GPSC), Clement Shield (Cambodia) Security Consultant Co., Ltd(CLS), Khmer Hunter Security Service Co., Ltd. (KHS), Nging Phorn Heng Samnang Security Co., Ltd(N.P.S), V.P.D.S Dragon Security Co., Ltd, Mesh Security Co., Ltd(MESH), Asia Security (Cambodia) Co., Ltd(ASC), NR Security (Cambodia) Co., Ltd (NRSC), និងក្រុមហ៊ុន PS 9 Global Security Service Co.,Ltd (PS9)៕