ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​​គ្នា កម្ពុជា និង​ឡាវ បាន​ឯកភាពគ្នា​​លើ​ចំណុច​សំខាន់​ៗ​ចំនួន ៤ ដែល​រំពឹង​ថា​នឹង​ជួយ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​​រវាង​ប្រទេស​ទាំង ២ ​កាន់​តែ​មាន​ភាព​មមាញឹក​ជាង​​​ពេល​បច្ចុប្បន្ន។

នៅ​ក្នុងជំនួប​ជា​មួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាល​ពី​ថ្ងៃ​ទី ​២៨ ខែមករា នាឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បាន​លើក​ឡើង​ថា ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ឡាវ ត្រូវ​បាន​រំពឹង​ថា​នឹង​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​​ភាគី​ទាំង ២ ក៏​បាន​​ប្តេជ្ញាចិត្ត​នឹង​ខិតខំ​ជំរុញទំហំពាណិជ្ជកម្មជាមួយ​គ្នា​ឱ្យ​​កាន់​តែ​ធំ ប្រកប​ដោយ​ប្រសិទ្ធភាព​​។​

ជាកិច្ចឆ្លើយតប លោក​នាយករដ្ឋមន្ត្រីឡាវ បានផ្តល់ការគាំទ្រចំពោះលទ្ធផល និងគំនិតផ្តួចផ្តើមដែលរដ្ឋមន្រ្តីពាណិជ្ជកម្មនៃ​ប្រទេស​ទាំង ២ បានពិភាក្សា និងលើកទឹកចិត្តឱ្យ​ក្រសួង-ស្ថានប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែន​បន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ចំណុច​សំខាន់​ចំនួន ៤ ដែល​ភាគី​កម្ពុជា-​ឡាវ បាន​ឯកភាព​គ្នាក្នុង​កិច្ច​ប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២  ​រួមមាន​ ទី​១. ការ​ពិនិត្យលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជ​កម្មនិងប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី, ទី​២ ការ​ពិនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី, ទី​៣. ការ​ពិនិត្យលទ្ធភាព​បង្កើតយន្តការប្រជុំប្រចាំឆ្នាំនៃរដ្ឋបាលខេត្តជាប់ព្រំដែននៃប្រទេស​ទាំងពីរ​ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងពិនិត្យលើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលថ្នាក់ដឹកនាំកំពូលទាំង ២ បានឯកភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទី​ ៤ ជំរុញឱ្យមានការតាំងពិព័រណ៍, វេទិកាធុរកិច្ច និងវិនិយោគ, ទេសចរណ៍, ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ឧស្សាហកម្មឡាវ។

អ្នក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៩ ខែ​មករា​ថា បើ​ទោះបី​​​កម្ពុជា និង​ឡាវ ជា​ប្រទេស​មាន​ព្រំដែន​ជាប់គ្នា និង​មាន​ទំនាក់​ទំនង​ការទូត​ល្អ​ជា​មួយ​គ្នា​ជាយូរមក​ហើយ​ក្តី ក៏​សកម្ម​ភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ហាក់​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ​​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​កម្ពុជា ដូចជា ថៃ និង​វៀតណាម។ 

មូលហេតុ​ដែល​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន​តិច គឺ​ដោយ​សារ​តែ​ប្រទេស​ទាំង ២ មាន​មូល​ដ្ឋាន​ផលិតកម្ម​ប្រហាក់​ប្រហែល​គ្នា​រាប់​ចាប់​តាំង​ពី​ វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម ព្រម​ទាំង​រោងចក្រ​កែច្នៃ។ លោក​បន្ត​ថា ក្រៅ​ពី​នោះ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍​រវាង​ប្រទេសក៏មិន​សូវ​មាន​សកម្ម​ភាព​ផងដែរ​។

លោក​​អះអាង​ថា៖​«​ក្នុង​នាម​ជាប្រទេស​ជិតខាង​ដែល​មាន​ទំនាក់​ទំនងល្អ​ជា​មួយ​គ្នា ប្រទេស​ទាំង ២ ប្រាកដ​ជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ខិតខំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេស​ឡាវ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ផងដែរ»​។​

លោក​បាន​លើក​ឡើង​ទៀត​ថា ក្រៅ​ពី​ពាណិជ្ជកម្ម​ទំនិញ ប្រទេស​កម្ពុជានា​ពេល​បច្ចុប្បន្ន​​ក៏​បាន​ទទួល​ទិញ​ថាមពល​អគ្គិសនីមួយ​ចំនួន​ពី​ប្រទេសឡាវ​ផងដែរ។ សម្រាប់​វិស័យ​ទេសចរណ៍ គឺ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅមក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នៅ​មាន​កម្រិត​នៅ​ឡើយ។

ទិន្នន័យផ្លូវការ​​ក្រសួង​ទេសចរណ៍​ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៦ លាន​នាក់ កើន​ឡើង ២២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ 

ក្នុង​ចំនួន​នេះ ភ្ញៀវមកពី​ប្រទេស​ឡាវ មាន​ចំនួន ៣០៦ ៩៤៨នាក់ ធ្លាក់​ចុះ ៧,២​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ ភ្ញៀវជនជាតិ​ឡាវ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៤ បន្ទាប់​ពី​ប្រទេស​ថៃ វៀតណាម និង​ចិន៕​​​