អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ​២០២៥ នេះ​មានភ្ញៀវទេសចរ​បរទេស​ជាច្រើន​បានកក់កញ្ចប់​ទេសចរណ៍​ជាមួយ​មគ្គុទេសក៍​នៅក្នុងតំបន់អង្គរ​ ខណៈ​កម្ពុជា​រំពឹង​ថា​កំណើន​ជើងហោះហើរ​អន្តរជាតិ ​នឹង​ជួយ​ទាក់​ទាញ​​ភ្ញៀវបរទេស​ឱ្យ​ចូល​មកប្រទេស​​កម្ពុជា​ក្នុង​ឆ្នាំ ២០២៥ នេះ​មាន​ចំនួន​លើស​ឆ្នាំ ២០២៤​​។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ​ ២០២៥ នេះ​​​ចាប់ពី​ថ្ងៃទី២៩-​៣១ ខែមករា ដែល​​ជាថ្ងៃឈប់សម្រាក និងដើរកម្សាន្តរបស់ប្រជាជនចិន​ ហើយពិធីបុណ្យ​នេះ​ក៏ប្រារព្ធ​ឡើងចំរដូវកាលមាន​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ចេញ​ដើរ​លេង​កម្សាន្ត(high season) ច្រើន​ផងដែរ។​

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បានប្រាប់ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២៥ នេះ​លោក​ត្រូវ​បាន​ភ្ញៀវ​កក់​​ពេញ​ហើយ​ ប៉ុន្តែ​ដោយ​សារ​រូប​លោក​គឺ​ជា​មគ្គុទ្ទេសក៏​ភាសា​អង់គ្លេស ដូច្នេះ​​​ភ្ញៀវរបស់លោកភាគច្រើន​មកពីតំបន់អឺរ៉ុប និងអាមេរិក។​

លោកបាន​ថ្លែង​ថា​៖«ខ្ញុំ​មាន​ភ្ញៀវ​កក់ចូលច្រើន​គួរសមដែ​រ គឺកក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន​ រហូតមកដល់ខែកុម្ភៈ គឺ​មាន​ភ្ញៀវ​ស្ទើ​រាល់​ថ្ងៃ​ ដែល​ពេល​នេះ​ក៏​ជា​ High season ផងដែរ​​។ 

សម្រាប់ខ្ញុំ​ដែល​ជា​មគ្គុទេសក៍ភាសាអង់គ្លេស គឺ​ទទួល​បាន​តែ​ភ្ញៀវ​មក​ពី​អាមេរិក អឺរ៉ុប អាមេរិក និង​អូស្ត្រាលី​ ជា​ដើម​»។ លោក​​បន្ថែម​ថា៖​«​មួយរយៈ​នេះ​​យើងសង្កេត​ឃើញមានសន្ទុះនៃ​ភ្ញៀវ​មកពីទ្វីបអឺរ៉ុប និងអាមេរិក​​​ច្រើន ដូច្នេះមគ្គុទេសក៍ភាសអង់គ្លេស ក៏​មានការរវល់ច្រើន​ដែរ​»។

ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ​​ខាងលើ​ បាន​ឱ្យ​ដឹង​ទៀត​ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គឺជា​ផ្លូវតភ្ជាប់ដ៏សំខាន់មួយ​ពី​ប្រទេស​នានា​​មក​កាន់​​កម្ពុជា រួមផ្សំនឹង​សក្តានុពលដែល​កម្ពុជាមាន និងភាពសម្បូរបែបនៃតំបន់ទេសចរណ៍ទាំង​ប្រវត្តិសាស្រ្ត វប្បធ៌ម ធម្មជាតិ គឺ​កម្ពុជា​ប្រាកដ​ជា​អាច​ទាក់ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរបរទេសឱ្យ​ធ្វើដំណើរមកកម្សាន្តបាន​ច្រើន​ជា​រៀងរាល់​ឆ្នាំ​​។ ភាគច្រើន​នៃ​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស មក​​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប គឺ​​​ជាអ្នកទេសចរ។

របាយការណ៍​វឌ្ឍនភាព​វិស័យ​ដឹក​ជញ្ជូនតាម​ផ្លូវ​អាកាស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​កម្ពុជា ​ឱ្យ​ដឹង​ថា ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) កាល​ពី​​ឆ្នាំ ២០២៤ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ទទួល​បាន​​​ជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើន​ឡើង ១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ និង​​អ្នក​ដំណើរ​ឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មាន​ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២ ភាគរយ​។ 

ចំណែក​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​ ៧៧ ៧៥២​តោន កើន​ឡើង ៤០ ភាគរយ​។​​ សម្រាប់ឆ្នាំ ២០២៥ នេះតាមការព្យាករ គឺចំនួនជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នឹងអាចកើនលើសឆ្នាំ ២០២៤។

បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ និងអន្តរជាតិចំនួន ២៧ កំពុងធ្វើប្រតិបត្តិការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា។

ប្រធាន​សមាគមទីភ្នាក់ងារ​ទេសចណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​និយាយថា ចំនួន​ភ្ញៀវ​ទេសចរបរទេស​ដែល​មក​ដើរលេងកម្សាន្ត​នៅ​កម្ពុជា​ក្នុងអំឡុង​ពេល​នេះ(បុណ្យ​ចូល​ឆ្នាំ​ចិន) គឺមាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។ 

ការ​បង្កើន​ចំនួន​ជើងហោះហើរ ព្រម​ទាំង​ការ​បង្កើត​ជើង​ហោះហើរថ្មីៗ​មក​កម្ពុជា ពិសេស​ទៅ​កាន់​ខេត្ត​សៀមរាប នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ និង​ចំណូល​ថវិកាចូល​ក្នុង​ចរន្ត​​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​ច្រើន​។

លោក​ស្រីបាន​បន្ថែម​ថា៖​«​ខ្ញុំ​មាន​សុទិដ្ឋនិយម​ថា​ក្នុង​ឆ្នាំ​ ២០២៥ នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​ចូល​មក​កម្ពុជា។ ខេត្ត​សៀមរាប​​អាច​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ឡើង​វិញ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ជាបន្ត​បន្ទាប់​បាន​បង្ហាញ​ពី​ការ​តភ្ជាប់​ផ្លូវ​ហោះហើរ​របស់​ខ្លួន​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​»។​

ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦,៧ លាននាក់ កើនឡើង ២២,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤ ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជាច្រើនជាងគេ គឺជនជាតិថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕