ក្រុម​អ្នក​ជំនួញ​មាន​សុទិដ្ឋិនិយម​ថា ទឹក​ប្រាក់​ដែល​កម្ពុជា​ប្រមូល​បាន​ពី​ការ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​តាម​បណ្តា​រោងចក្រ​/សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ)ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​ចាប់​ពី​ឆ្នាំ ​២០២៥ នេះ​តទៅ ខណៈ​រយៈពេល ១១ ខែ​ដើម​ឆ្នាំ ​២០២៤ ការ​នាំ​ទំនិញ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៦ មាន​ទឹក​ប្រាក់​សរុប​ជាង ៥,៤ ពាន់​លាន​ដុល្លារ។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៤ នៅ​កម្ពុជា​មាន​គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ចំនួន ៤៩ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​អនុម័ត ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​ដំណើរ​ការ​មាន​ចំនួន ២៦។

ឯកសារ​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា ទឹក​ប្រាក់​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៦​(មាន​រោងចក្រ​/សហគ្រាស​សរុប ៤៣១) បាន​នាំ​ចេញ​ទំនិញ​ក្នុង​រយៈពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ គឺ​មាន​ប្រមាណ ៥,៤៣ ពាន់​លាន​ដុល្លារ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ១៦ បាន​ប្រើ​ប្រាស់​កម្មករ​សរុប ១៨៣ ៧០៣ នាក់។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម តំបន់​សេដកិច្ច​ពិសេស​ដែល​នាំ​ចេញ​ទំនិញ​ច្រើន​ជាង​គេ រួម​មាន គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​(SSEZ) មាន​ទឹក​ប្រាក់ ១,៤៩​ ពាន់​លាន​ដុល្លារ, តំបន់​សេដ្ឋកិច្ច​ពិសេស​រូយ៉ាល់​គ្រុប​ភ្នំពេញ ១,០៨ ពាន​លាន​ដុល្លារ ក្រៅ​ពី​នោះ​គឺ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុចាយ(QI Lu JIAN PU JAY SEZ, ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន​(Manhattan), និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេមបូឌាន ចេជាង ហ្គ័រជី​(Cambodian Zhejiang Guoji SEZ)។ល។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែល​កំពុង​សិក្សា​ពី​ទីតាំង និង​លទ្ធភាព​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា-ជប៉ុន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី០៣ ខែ​មករា (Mr. Sam Soknoeun, Chairman of SAM SN GROUP, who is studying the possibility of establishing a Cambodia-Japan special economic zone, told the Post on January 3 that)​ថា តំបន់​សេដ្ឋកិច្ច​ពិសេស(SEZ)​ កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទាក់ទាញ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​វិនិយោគ​ចម្រុះ​ជាតិសាសន៍​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ 

ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​មាន​ការ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​ដូច​ជា​ផ្លូវថ្នល់ ថាមពល និង​ការិយាល័យ​ឯកសារ​(ច្រកចេញ​ចូល​តែមួយ)​ដែល​បង្ក​ភាពងាយ​ស្រួល និង​ស្រប​តាម​តម្រូវ​ការ​របស់​ម្ចាស់​រោងចក្រ​/សហគ្រាស។ 

លោក​បាន​បន្ថែម​ថា គ្រប់​សកម្ម​ភាព​អាជីវកម្ម​របស់​រោងចក្រ​/សហគ្រាស នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​ ដោយ​រាប់​ចាប់​តាំង​ពី​ការ​ស្នើសុំ​នាំចូល​ទំនិញ​ជា​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​/កែច្នៃ រហូត​ដល់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

លោក​បាន​និយាយ​ថា៖​«បច្ចុប្បន្ន​ខ្ញុំ​ រួម​ជា​មួយ​ដៃគូ​វិនិយោគ​បរទេស​កំពុង​ធ្វើ​ការ​​សិក្សា​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ជួយ​លើក​ស្ទួយ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ក៏​ដូចជា​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ជនជាតិ​ជប៉ុន​ឱ្យ​ចូល​មក​បើក​រោងចក្រ/​សហគ្រាស​ផលិត​ទំនិញ​នៅ​កម្ពុជា​សម្រាប់​នាំ​ចេញ​ទីផ្សារ​អន្តរ​ជាតិ​កាន់តែ​ច្រើន»។

ទាក់​ទង​នឹង​ប្រភេទ​ទំនិញ​នាំ​ចេញ​ដែល​ផលិត​/កែច្នៃ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ពេល​នេះ លោក សុខនឿន ប្រាប់​ថា មាន​ភាគ​ច្រើន​ជា​ផលិតផល​វាយនភណ្ឌ ​ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​វា​អាច​នឹង​មាន​ការ​ប្រប្រួល​ខ្លះ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​​កំពុង​ទាក់​ទាញ​បាន​ប្រភេទ​ក្រុមហ៊ុន​ឧស្សហកម្ម​ធំៗ​ផលិត​គ្រឿងបង្គុំ​អេឡិចត្រូនិក ម៉ាស៊ីន និង​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើបៗ​។​

បើតាម​ការ​បង្ហើប​របស់​លោក សុខនឿន ​គម្រោង​បង្កើត​តំបន់​ពិសេស​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នឹង​មាន​លេច​ឡើង​ច្រើន​នៅ​តំបន់​ក្បែរ​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​ទីតាំង​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ការ​ដឹក​ជញ្ជូន​ទៅ​ទីផ្សារ​អន្តរជាតិ​ និង​នៅ​តំបន់​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ(Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA) បាន​និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​គឺ​ជា​បណ្តុះ​នៃ​រោងចក្រ​/សហគ្រាស​ផលិត​ទំនិញ​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។​ 

បើ​កម្ពុជា​អាច​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន គឺ​វា​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់។ 

លោក​លើក​ឡើង​ថា សម្រាប់​អ្នក​វិនិយោគ​ដែល​ចង់​បើក​រោងចក្រ/​សហគ្រាស ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ពួក​គេ​នឹង​ទទួល​បាន​ភាព​អនុគ្រោះ និង​ងាយ​ស្រួល​មួយ​ចំនួន​ដូច​ជា មាន​ហេដ្ឋារចនា​សម្ព័ន្ធដឹក​ជញ្ជូនគ្រប់​គ្រាន់ មាន​ប្រភព​ថាមពល មាន​ការ​រៀបច​ប្រព័ន្ធ​បង្ហូរ​ទឹក/​បរិស្ថាន​ នីតិវិធី​ក្នុង​ការ​រៀបចំ​ឯកសារ​នាំចូល-​នាំចេញ​ទំនិញ និង​សម្បូរ​កម្លាំង​ពលកម្ម។ល។

លោក​បញ្ជាក់​ថា៖​«ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ រដ្ឋាភិបាល​កម្ពុជា​កំពុង​លើក​ទឹក​ចិត្តឱ្យ​វិនិយោគិន​ក្នុង​ស្រុក​ពិចារណា​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យ​បាន​កាន់​តែ​ច្រើន​ទៅ​តាម​ប្រទេស ឬ​​ប្រភេទ​ឧស្សាហកម្មនីមួយ​ៗ»។

បើតាម​លោក ឡោ វិចិត្រ រដ្ឋាភិបាល​កម្ពុជា​ចង់​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ប្រទេស​នីមួយ​ដូច​ជា ជប៉ុន កូរ៉េ និង​ឥណ្ឌា ចក្រភព​អង់គ្លេស ជាដើម។

នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ ២០២៤ នៅ​ខេត្ដ​ព្រះសីហនុ ក្នុង​«កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ឆ្នាំ ២០២៤» ​បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ពិចារណា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​តែ​អ្នកវិ​និយោគ​មក​ពី​ប្រទេស​តែ​មួយ ដែល​ការ​ធ្វើ​​បែបនេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់នៅ​កម្ពុជា​កាន់តែ​ច្រើន។

លោក​បាន​ថ្លែង​ថា៖​««យើង​បាន​កំពុង​តែ​រៀបចំ​ដាក់​ឱ្យ​អនុវត្ដ ​និង​កសាង​រៀបចំ​នូវ​ប្រភេទ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​បំពេញ​បន្ថែម​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រូបមន្ដ​ដែល​យើង​មាន​ស្រាប់»។ 

លោក​បន្ថែម​ថា៖«តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​យើង​រៀបចំ ទៅ​ថ្ងៃ​អនាគត គឺ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​អាច​សម្រួច​ទៅ​ប្រភេទ​ឧស្សាហកម្ម​ណាមួយ។ យើង​កំពុង​រៀបចំ​គោលនយោ​បាយ និង​រៀបចំ​សាក​ល្បង​នៅ​តំបន់​សេដ្ឋកិច្ច​សម្រាប់​ទាក់​ទាញ​ការ​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​បៃតង, ឧស្សាហកម្ម​បៃតង និងផ្នែក​ឌីជីថល»។

លោក​បញ្ជាក់ថា កម្ពុជាក៏កំពុងសិក្សា និងរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេស​សម្រាប់វិនិយោគិន​ពីប្រទេសមួយតែម្ដង ដែលសម្រាប់វិនិយោគ​ពីប្រទេសណាមួយ តាមការជាក់ស្ដែង ដែលកម្ពុជាអាចធ្វើ៕