ទឹកប្រាក់ជិត ១៤០ លានដុល្លារត្រូវបានកម្ពុជារកបានពីការនាំចេញផ្លែចេកស្រស់ទៅទីផ្សារអន្តរជាតិ នារយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ថយចុះជាង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យបានបង្ហាញថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជានាំចេញផ្លែចេកស្រស់ទៅលក់នៅក្រៅប្រទេសបានប្រាក់សរុប ១៣៨,៧១ លានដុល្លារ ធ្លាក់ចុះ ១១,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ១៥៦,២ លានដុល្លារ។
យោងតាម GDCE ប្រទេសចិនបានទទួលទិញផ្លែចេកពីកម្ពុជាច្រើនជាងគេ គឺប្រមាណ ១៣១,៤១ លានដុល្លារ(ស្មើនឹង ៩៤,៧៤ ភាគរយនៃចំណែកទីផ្សារ), ជប៉ុន ៥,៩១ លានដុល្លារ(៤,២៨ ភាគរយ), វៀតណាម ០,៩៨ លានដុល្លារ(០,៧១ ភាគរយ), កូរ៉េ ០,៣៣ លានដុល្លារ(០,២៤ ភាគរយ), ថៃ ០,០៤ លានដុល្លារ(០,០៣ ភាគរយ), និងប្រទេសផ្សេងៗ ០,០៤ លានដុល្លារ(០,០៣ ភាគរយ)។
អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខាលឈ័រ លោក ហ៊ុន ឡាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣ ខែមករា ថា ការធ្លាក់ចុះទឹកប្រាក់នាំចេញចេកទៅទីផ្សារអន្តរជាតិ គឺដោយសារកត្តាចំនួន ២ ទី១ អាកាសធាតុមិនអំណោយផលដែលនាំឱ្យការទិន្នផលចេកធ្លាក់ចុះ និងទី២ តម្លៃផ្លែចេកក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះប្រមាណ ១០ ភាគរយបើធៀបនឹងឆ្នាំ២០២៣។
លោកបន្តថា សម្រាប់តម្រូវការនៅទីផ្សារអន្តរជាតិ គឺមិនមានការប្រែប្រួលឡើយ។លោកប្រាប់ទៀតថា ចេកស្រស់របស់កម្ពុជាជាង ៩០ ភាគរយត្រូវបាននាំចេញទៅប្រទេសចិនជារៀងរាល់ឆ្នាំ។
លោកបានថ្លែងថា៖«សម្រាប់តម្រូវការលើទីផ្សារ គឺមានភាពល្អប្រសើរ ប៉ុន្តែអ្វីដែលជាបញ្ហាគឺកត្តាអាកាសធាតុដែលធ្វើទិន្នផលផ្លែចេកនៅកម្ពុជាដែលប្រមូលបានក្នុងឆ្នាំ២០២៤ ធ្លាក់ចុះជាងឆ្នាំ២០២៣»។
បើតាមលោក ហ៊ុន ឡាក់ ក្នុងឆ្នាំ២០២៤ ផ្លែចេកស្រស់នាំចេញក្នុង ១កេស(ទម្ងន់ប្រហែល ១៣,៥ គីឡូក្រាម) មានតម្លៃចន្លោះពី ១០-១១ ដុល្លារកាលពីដើមឆ្នាំ ២០២៤ ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំមកតម្លៃបានធ្លាក់មកនៅត្រឹមចន្លោះពី ៨-៩ ដុល្លារ។ តម្លៃនេះបើធៀបនឹងឆ្នាំ ២០២៣ គឺធ្លាក់ចុះប្រហែល ១០ ភាគរយ។
លោកបានបន្តថា ចេកអំបូងលឿង ដែលកម្ពុជាដាំសម្រាប់នាំចេញ គឺជាពូជចេកម្យ៉ាងដែលមានលក្ខណពិសេសជាងចេកដទៃទៀត ដោយចេកប្រភេទនេះមានរសជាតិឆ្ងាញ់ជាងចេកដទៃទៀត ហើយមិនអាចទុកទុំនៅលើដើមបានទេ តម្រូវឱ្យបេះពេលនៅខៀវចាស់ និងអាចដឹកជញ្ជូនបានឆ្ងាយ ព្រោះអាចទុកបានរហូតដល់ជិត ២ខែឯណោះ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ(Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA) បានប្រាប់ថា លោកមិនដឹងច្បាស់អំពីតម្លៃផ្លែចេកនៅទីផ្សារអន្តរជាតិទេ ប៉ុន្តែលោកដឹងថាបច្ចុប្បន្នកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកផលិតរបស់ខ្លួនដើម្បីក្លាយជាប្រទេសនាំចេញកសិកម្មទៅទីផ្សារពិភពលោក។
ការវិនិយោគថ្មីៗលើវិស័យកសិកម្ម ការសម្រឹតសម្រាំងពូជ នឹងធ្វើឱ្យបរិមាណនាំចេញផលិតផលកសិកម្មកម្ពុជាកើនឡើងកាន់តែខ្ពស់នាពេលអនាគត។
លោកនិយាយថា៖«ការនាំចេញចេកនឹងមានកំណើនខ្ពស់នាពេលខាងមុខ ខណៈបច្ចុប្បន្នកម្ពុជាកំពុងប្រែក្លាយកសិកម្មរបស់ខ្លួនពីការធ្វើលក្ខណៈគ្រួសារទៅជាឧស្សាហកម្ម»។
ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញចេកស្រស់ប្រមាណជា ២៩ ម៉ឺនតោន ធ្លាក់ចុះប្រមាណជាង ២១ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ ខេត្តដែលមានដាំចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺ ជាដើម។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕