ក្រសួងកសិកម្មកំពុងបន្តខិតខំជំរុញ និងលើកទឹកចិត្តប្រជាកសិកររួមគ្នាចងក្របបង្កើត«សហគមន៍កសិកម្មទំនើប»ឱ្យបានតែច្រើនដែលវានឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញយ៉ាងច្រើនតាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការធានាបានតម្លៃទីផ្សារ និងអាចទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ។
នៅក្នុងដំណើរបេសកកម្មចុះជួបជាមួយប្រជាកសិករនៅស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែមករា ក៏ដូចជាបណ្តាខេត្តនានានៅទូទាំងប្រទេស លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករ(ពិសេសផលិតកម្មស្រូវ)ឱ្យរួមគ្នាចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប ដែលការធ្វើបែបនេះនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ពួកគេ។
ផលចំណេញដែលប្រជាកសិករអាចទទួលបានមានដូចជា ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ ការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានការរៀបចំផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ អាចទទួលបានកម្ចីការប្រាក់ទាប ព្រមទាំងមានទីផ្សារទទួលទិញពិតប្រាកដ។
លោកបានពន្យល់ថា សម្រាប់ក្រុមប្រជាកសិករដែលមានដីបូកបញ្ចូលគ្នាយ៉ាងតិច ១ ០០០ហិកតា គឺពួកគេគួរតែរួមគ្នាដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន«មានហូប មានប្រើ មានបាន និងមានរហូត»។
លោកបានថ្លែងថា៖«សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មដោយផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ។ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព»។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើប។
ដើម្បីជំរុញការដាំដុះ និងបង្កើនទិន្នផលក្នុងវិស័យកសិកម្ម ពិសេសផលិតកម្មស្រូវ រាជរដ្ឋាភិបាលកម្ពុជានីតីកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការអាទិភាពជាច្រើនដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះក៏មានការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យទៅជួយដោយផ្ទាល់នៅតាមឃុំ(កសិកម្ម)នៅស្ទើរទូទាំងប្រទេស។
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែលត្រូវទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលអាចមានកំណើន ៨,៦ភាគរយ, វិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។ នេះបើយោងតាមឯកសារថវិកាសង្ខេបឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025)។
ឯកសារបានលើកឡើងថា វិស័យកសិកម្មនឹងមានភាពល្អប្រសើរដោយសារកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ព្រមទាំងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ សម្រាប់អនុវិស័យដំណាំ ត្រូវបានរំពឹងថានៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើការកែច្នៃផលិតផលកសិកម្ម, ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាលដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន ១១,៧ លានតោន កើនឡើង ៣៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨,៤ លានតោន។ ការនាំចេញកសិផលនេះមានតម្លៃប្រមាណ ៤,៨ ពាន់លានដុល្លារ។ ផលិតផលកសិកម្មនាំចេញសំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។ វិស័យកសិកម្ម បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ ២២ ភាគរយនៅក្នុងឆ្នាំ ២០២៤។
ឧបនាយករដ្ឋមន្រ្តី លោក សុខ ចិន្តាសោភា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ បានលើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពមួយដែលថ្នាក់ដឹកនាំរដ្ឋាភិបាលតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រោះវិស័យនេះមិនត្រឹមតែជួយឱ្យប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយអាទិភាពសំខាន់ៗជាច្រើន ក្នុងន័យជំរុញការបង្កបង្កើនផល រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។
លោកបានថ្លែងថា៖«វិស័យកសិកម្មកម្ពុជាមិនត្រឹមតែបន្តធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានា និងសម្រេចបានផលិតផលកសិកម្មកាន់តែច្រើនជាងមុនសម្រាប់ការនាំចេញ គឺក្នុងបរិមាណ ១២លានតោន ដែលមានតម្លៃសរុបចំនួន ៥,៣ពាន់លានដុល្លារ»៕