«ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ»ដែលរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យដំណើរការផ្លូវការក្នុងថ្ងៃនេះនឹងផ្តល់នូវជម្រើសថ្មីបន្ថែមទៀតទៅដល់ភ្ញៀវទេសចរបរទេសដែលមានបំណងទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាប និងតំបន់ក្បែរៗនោះ ហើយប្រព័ន្ធថ្មីនេះក៏អាចជួយកាត់បន្ថយនីតិវិធីក្នុងការត្រួតពិនិត្យសំបុត្រចេញ-ចូល ពីសំណាក់អាជ្ញាធរបានប្រមាណពី ៣០-៤០ ភាគរយផងដែរ។
«ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ» ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែមករា ក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងជាជម្រើសថ្មីបន្ថែមទៀតដល់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្សាន្តនៅតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាប។
ប្រព័ន្ធថ្មីនេះ គឺជាថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ។
លោក នេត សាវឿន បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតនៃការធ្វើបុរេសកម្ម និងភាពច្នៃប្រឌិត សំដៅបង្កើតបរិយាកាសងាយស្រួល និងភាពទាក់ទាញទៅដល់ភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋានក្នុងខេត្តសៀមរាបកាន់តែច្រើន។
លោកបន្តថា បច្ចេកវិទ្យាថ្មីដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះនឹងផ្តល់នូវដំណោះស្រាយកាន់តែសម្បូរបែបដល់ភ្ញៀវទេសចរបរទេស។ នេះជាការសម្រួលឱ្យភ្ញៀវបរទេសកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។
លោកបានបន្ថែមថា វិស័យទេសចរណ៍ងាយរងហានិភ័យពីកត្តាខាងក្រៅ ដូច្នេះហើយទើបរាជរដ្ឋាភិបាលខិតខំរិះរកភាពច្នៃប្រឌិតថ្មីៗ ដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ គឺអនុញ្ញាតឱ្យគ្រឹះស្ថានអង្គរ អាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រដោយប្រើឧបករណ៍ទំនើបមកជំនួសវិញបាន។
ប្រព័ន្ធថ្មីដែលដាក់ឱ្យដំណើរការនេះ នឹងជួយធ្វើឱ្យការគ្រប់គ្រងលើការលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ កាន់តែល្អប្រសើរ ព្រមទាំងអនុញ្ញាតឱ្យភ្ញៀវបរទេសអាចទូទាត់ការបង់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិកជាមួយបណ្ណឥណទាន(Credit Card) ឬបណ្ណឥណពន្ធ (Debit Card)ផងដែរ។ នៅមុនឆ្នាំ ២០១៧ ការទូទាត់ប្រាក់ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រដាសប្រាក់ទាំងស្រុង។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីខែមករា ឆ្នាំ ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសពីក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
អគ្គនាយកក្រុមហ៊ុនទេសចរណ៍ World Express Co., Ltd និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣០ ខែមករាថា ប្រព័ន្ធថ្មីដែលដាក់ឱ្យដំណើរការនេះនឹងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសឱ្យមានភាពងាយស្រួលជាងមុនទៅលើការទិញសំបុត្រដោយខ្លួនឯង និងការឆែកសំបុត្រចេញចូលរមណីយដ្ឋានអង្គរពីសំណាក់អាជ្ញាធរ។ ប្រព័ន្ធថ្មីនេះ ក៏ជួយសម្រួលឱ្យភ្ញៀវអាចទិញដោយខ្លួនឯងកាន់តែងាយស្រួល និងបង្កើតជម្រើសកាន់តែច្រើនផងដែរ។
លោកបានថ្លែងថា៖«នេះជាការកែសម្រួលថ្មីមួយទៀតរបស់អាជ្ញាធរ ដើម្បីបង្កភាពងាយស្រួលសម្រាប់ភ្ញៀវបរទេសដោយពួកគេអាចទៅទិញសំបុត្រចូលទស្សនាតំបន់អង្គរកាន់តែងាយស្រួលជាងមុន»។
ចំណែកប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថាប្រព័ន្ធថ្មីនេះ គឺមានភាពខុសប្លែកពីមុននៅត្រង់មិនតម្រូវឱ្យមានការថតរូប និងការបំពេញព័ត៌មានច្រើនដូចមុនឡើយ។ ការកាត់បន្ថយនីតិវិធីក្នុងការបំពេញឯកសារ និងការចាប់យកប្រព័ន្ធបច្ចេកវិទ្យាមកប្រើឱ្យកាន់តែច្រើន គឺជាចំណែកមួយធ្វើឱ្យភ្ញៀវទេសចរបរទេសចង់ចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖«ការធ្វើកំណែទម្រង់ប្រព័ន្ធចុះឈ្មោះទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាប គឺជាចំណែកមួយក្នុងការធ្វើឱ្យភ្ញៀវទេសចរបរទេសចង់ចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន»។
ទោះយ៉ាងណា សម្រាប់ការប្រមើលមើលចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ លោក វណ្ឌី បានអះអាងថា នៅមានភាពស្រពិចស្រពិលនៅឡើយ ដោយវាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលផងដែរ។
អគ្គនាយកគ្រឹះស្ថានអង្គរ លោក លី សែ បាននិយាយថា ប្រព័ន្ធចាស់គឺតម្រូវឱ្យអ្នកទិញ(ភ្ញៀវទេសចរបរទេស)បំពេញព័ត៌មានមួយចំនួន និងត្រូវមានរូបថត ហើយការលក់សំបុត្រគឺធ្វើឡើងផ្ទាល់នៅបញ្ជរ និងតាមប្រព័ន្ធអនឡាញមួយចំនួន។
ភ្ញៀវបរទេស ដែលធ្វើដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យនៅតាមតំបន់ប្រាសាទបុរាណ(ក្រោមការគ្រប់គ្រងរបស់គ្រឹះស្ថានអង្គរ) គឺត្រូវតែទិញសំបុត្រ។ សម្រាប់ប្រព័ន្ធថ្មីដែលដាក់ឱ្យដំណើរការពេលនេះ គឺមិនអ៊ីចឹងឡើយ។
លោកបានថ្លែងថា៖«ប្រព័ន្ធថ្មីនេះគឺតម្រូវឱ្យទិញសំបុត្រសម្រាប់តែការចូលមើលប្រាសាទប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការធ្វើដំណើរឆ្លងកាត់ គឺយើងមិនតម្រូវឱ្យទិញសំបុត្រទេ»។ លោកបន្តថា៖«យើងអាចកាត់បន្ថយកន្លែងត្រួតពិនិត្យបាន ៣០-៤០ ភាគរយដែរ»។
បើតាមលោក លី សែ បច្ចុប្បន្នការទិញសំបុត្រចូលទស្សនាតំបន់អង្គរ គេអាចធ្វើឡើងតាមវិធីសាស្រ្ត ៤ យ៉ាងគឺ ទិញនៅតាមបញ្ជរ, ទិញតាមអនឡាញ, តាមអែប(Mobile App) នៅលើ Google និង Apple store, និងតាមម៉ាស៊ីនស្វយ័តប្រវត្តិ។
ការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ បច្ចុប្បន្នគ្រឹះស្ថានអង្គរបានដាក់ម៉ាស៊ីនលក់សំបុត្រដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ នៅទីតាំងចំនួន ៣ កន្លែង រួមមាន បញ្ជរលក់សំបុត្រគ្រឹះស្ថានអង្គរចំនួន ៦គ្រឿង, ប៉ាវីអង្គរ(Angkor Parvis) ចំនួន ៦គ្រឿង, និង នៅផ្សារទំនើបដ៏ហេរីថោកវ៉ក ចំនួន ៣គ្រឿង។
យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,០២លាននាក់ កើនបាន ២៨,២៧ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ និងទទួលបានចំណូលជិត ៤៧,៨៣ លានដុល្លារ កើនបាន ២៨,៥៧ ភាគរយ។
របាយការណ៍ឱ្យដឹងទៀតថា ក្រៅពីតំបន់អង្គរ គ្រឹះស្ថានមួយនេះក៏លក់សំបុត្រនៅតំបន់ប្រាសាទកោះកែរ បានទឹកប្រាក់ ៣២៩ ០២៥ ដុល្លារ និងចំណូលពីការលក់សំបុត្រទូកទស្សនាតំបន់ចុងឃ្លៀស(ទន្លេសាប) បានប្រាក់ ៧៩៤ ៣៤៨ ដុល្លារ៕