កម្ពុជា​​រំពឹង​ថា​​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​​ជប៉ុន​នឹង​ជួយជំរុញ និង​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​អាកាស​ចរណ៍​ជប៉ុន ANA ​ឱ្យ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់មក​កម្ពុជា​ឡើង​វិញ ខណៈ​ការ​ហោះហើរ​ត្រង់​​គឺ​​មិន​ត្រឹម​តែ​ជួយ​បង្កើនលំហូរ​ភ្ញៀវ​ទេសចរ​ប៉ុណោះ​ទេ ប៉ុន្តែ​ក៏​​​​រួម​ចំណែក​​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ផ្នែកពាណិជ្ជកម្ម និង​ទាក់​ទាញ​​វិនិយោគិន​ជប៉ុន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ​​​។

ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា លោក​ ENO Atsushi កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា បាន​ដឹក​នាំ​​​តំណាង​សមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា(JBAC), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)ប្រចាំកម្ពុជា, និង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មក​ពី​ក្រុមហ៊ុនជប៉ុន​​ចំនួន ៥៨ សរុប​ប្រហែល ១២០នាក់​ ទៅធ្វើ​ទស្សនកិច្ចនៅ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោ។​

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ខាង​លើ លោក ឆារស៍ វ៉ាន់ នាយកគ្រប់​គ្រង​ក្រុមហ៊ុន CAIC បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នៅ​ក្នុង​​​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ជប៉ុន​​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ(TIA) និង​បាន​​​កោតសសើរ​កម្ពុជា​ដែលនឹង​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​ ខ្នាត 4F នាពេល​ឆាប់​ៗ​។ 

បន្ថែម​ពី​លើ​នេះ ភាគី​ជប៉ុនក៏​បាន​​​សន្យា​​នឹង​ធ្វើការ​បន្ត​ជាមួយ​​​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​បើក​ជើង​​ហោះហើរ​ត្រង់​មក​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​​ផ្អាក​ការ​ហោះហើរ​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​វត្តមាន​ជំងឺ​កូវីដ​១៩។ 

លោក​​បន្ថែមថា រដ្ឋមន្ត្រី​​នៃ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ឯកអគ្គរាជទូត​ជប៉ុន និង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នឹងធ្វើការងារ​រួម​គ្នា​ដើម្បី​​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ ​ឱ្យ​​ចាប់​ផ្តើម​ហោះ​ត្រង់​​រវាង​ជប៉ុន-កម្ពុជាឡើង​វិញ​។

លោក​បាន​ថ្លែង​ថា៖​«យោងតាម​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរាជទូត​ជប៉ុន​ក្នុង​ថ្ងៃ​នេះយើង​សង្ឃឹមខ្លាំង ហើយ​លោកឯកអគ្គរាជទូត​ក៏បាន​លើក​ឡើង​ថានឹង​ព្យាយាម​​ជំរុញ​អ៊ែរឡាញ​ជប៉ុន(ក្រុមហ៊ុន​អាកាសចរណ៍)ដើម្បីឱ្យ​ហោះហើរ​ Direct មក​កម្ពុជានៅ​ក្នុង​ថ្ងៃ​អនាគត​ឆាប់​ៗ​នេះ​»។

ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ខាង​លើ​ ភាគី​ជប៉ុន​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ការ​វិនិយោគ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​កម្ពុជា​នៅ​កម្ពុជាផងដែរ​។ នេះបើតាម​លោក ឆារស៍ វ៉ាន់។

ទាក់​ទង​នឹង​ដំណើរ​ការ​សាងសង់​ លោក ឆារស៍ វ៉ាន់ បាន​ប្រាប់​ថា មក​ដល់​ពេល​នេះ​ ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោកំពុង​ដំណើរ​ការ​ទៅ​មុខ​តាម​ផែនការ​ដោយ​សម្រេចការសាងសង់បាន​ជាង ៩៤​ភាគរយ​ និង​ចំណាយ​ថវិកា​អស់​ប្រមាណ ១,៤ ​ពាន់​លាន​ដុល្លារ​។​ 

គម្រោង​នេះ​គ្រោង​​បើក​ដំណើរ​ការ​ជាផ្លូវ​ការ​នៅ​​​​ខែ​កក្កដា ឆ្នាំ ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ មានសមត្ថភាពទទួលអ្នកដំណើរចេញ-ចូល ចំនួន ១៣លាននាក់​ក្នុងមួយឆ្នាំ។

របាយការណ៍​វឌ្ឍនភាព​វិស័យ​ដឹក​ជញ្ជូនតាម​ផ្លូវ​អាកាស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​កម្ពុជា ​ឱ្យ​ដឹង​ថា ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) កាល​ពី​​ឆ្នាំ ២០២៤ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ទទួល​បាន​​​ជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើន​ឡើង ១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ និង​​អ្នក​ដំណើរ​ឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មាន​ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២ ភាគរយ​។ 

ចំណែក​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​ ៧៧ ៧៥២​តោន កើន​ឡើង ៤០ ភាគរយ​។​​ សម្រាប់ឆ្នាំ ២០២៥ នេះតាមការព្យាករ គឺចំនួនជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នឹងអាចកើនលើសឆ្នាំ ២០២៤។

អគ្គនាយកក្រុមហ៊ុន​ទេសចរណ៍ World Express Co., Ltd និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ ក្នុង​ថ្ងៃ​ទី​៣១ ខែ​មករា​​ថា អំឡុង​ឆ្នាំ​២០០៥ ដល់​ឆ្នាំ ២០០៧ ជនជាតិ​ជប៉ុនបាន​ឈរ​លើ​​គេ​ក្នុង​នាមជា​ភ្ញៀវទេសចរ​​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជាច្រើន​ និង​បាន​​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ជប៉ុន ANA បើក​ជើង​ហោះហើរ​ត្រង់មក​កម្ពុជា​នា​ពេល​បន្ទាប់​មក​។ 

ទោះយ៉ាង​ណា​ការ​លេច​ឡើង​នៃ​វត្តមាន​​ជំងឺកូវីដ​១៩ នា​អំឡុង​ដើម​ឆ្នាំ​២០២០ បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន ANA ផ្អាក​ការ​ហោះហើរ​មក​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​។

លោក​​ថ្លែង​ថា៖​«​ប្រសិន​បើ​ការហោះហើរ​ត្រង់​នេះ​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​​គឺ​ជា​ការ​ប្រសើរណាស់​ ព្រោះ​នៅពេល​មាន​ជើងហោះហើរត្រង់ គឺមិន​មែន​នាំមក​ផល​វិជ្ជមាន​តែ​ក្នុង​​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​វិស័យ​ពាណិជ្ជកម្មផងដែរ​»។​

ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​ ​ឱ្យដឹ​ងថា ក្នុង​​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៦,៧ លាននាក់ កើន​ឡើង ២២,៩ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២៣ ក្នុង​នោះ​ភ្ញៀវ​មក​ពី​ប្រទេស​ជប៉ុន ឈរនៅ​លេខ​រៀង​ទី ១០ ជា​មួយ​នឹង​ចំនួន ១១២ ៧១៨​​នាក់  កើន ៣០,៤ ភាគរយ ដែល​នាំមុខ​គេ​ដោយ​​​ប្រទេស​ថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េ ឥណ្ឌូនេស៊ី បារាំង និង​ចក្រភពអង់គ្លេស។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ​ពាណិជ្ជកម្ម​អន្តរជាតិ​​របស់​កម្ពុជា ​មាន​ចំនួន​សរុប ៥៤,៧៤ ពាន់​លានដុល្លារ កើន​ឡើង ១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០២៣។ 

សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន គឺ​​មាន​ទឹក​ប្រាក់ ២,១៦ ពាន់​លាន​ដុល្លារ កើន​ឡើង ២០,១​ភាគរយ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំទៅ​ជប៉ុន ១,៤១ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,៨ ភាគរយ និង​ជប៉ុន​នាំចូល ៧៥២,៥៦​ លាន​ដុល្លារ កើន​ឡើង ២០,៧​ភាគរយ​។​