ភ្ញៀវបរទេសចំនួន ៦,៧លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ កើនឡើងជិត ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវមកពីប្រទេសចំនួន ៣ បានគ្របដណ្តប់ជិត ៦៥ភាគរយនៃចំនួនភ្ញៀវបរទេសសរុប។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦ ៧០០ ១២៥ នាក់ កើនឡើង ២២,៩ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥ ៤៥៣ ២៣១នាក់។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវជនជាតិថៃ វៀតណាម និងចិន បានគ្របដណ្តប់ ៦៤,៧ ភាគរយនៃចំនួនភ្ញៀវសរុប។
ក្នុងនោះភ្ញៀវជនជាតិថៃ ចំនួន ២ ១៤៦ ៦៧៤ នាក់ ស្មើ ៣២ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប (កើនឡើង ១៧,៩ ភាគរយ) ជនជាតិវៀតណាម ១ ៣៤០ ៥៨៧ នាក់ ស្មើនឹង ២០ ភាគរយ (កើនឡើង ៣១,៥ ភាគរយ) និងជនជាតិចិន ៨៤៨ ៩៥២ នាក់ ស្មើនឹង ១២,៧ ភាគរយ(កើន ៥៥ ភាគរយ)។
បន្ទាប់មកភ្ញៀវមកពីប្រទេសទាំង ៣ គឺជនជាតិឡាវ មានចំនួន ៣៣៤ ៤៤៨នាក់ (ស្មើ ៥ភាគរយ), អាមេរិក ២១៤ ៥២៩ នាក់ (៣,២ភាគរយ), កូរ៉េ ១៩២ ៣០៥នាក់ (២,៩ភាគរយ), ឥណ្ឌូនេស៊ី ១៦៦ ៧៩៥នាក់ (២,៥ភាគរយ), បារាំង ១៣១ ៧៣៨នាក់ (២ភាគរយ), ចក្រភពអង់គ្លេស ១១៥ ១៤៨ នាក់ (១,៧ភាគរយ), និងជប៉ុន ១១២ ៧១៨នាក់ (១,៧ភាគរយ)។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកដោយសារវិបត្តិកូវីដ១៩ កាលពីដើមឆ្នាំ ២០២០ វិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមស្ទុះងើបឡើងវិញជាលំដាប់។ ទោះយ៉ាងណានៅក្នុងអំឡុងពេលនេះ ភ្ញៀវបរទេសដែលធ្វើដំណើរមកប្រទេសកម្ពុជា ភាគច្រើនគឺជាអ្នកនៅប្រទេសជិតខាង និងក្នុងតំបន់តែប៉ុណ្ណោះ។
លោកស្រីបន្តថា ប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោករឹតតែល្អប្រសើរបន្ថែមទៀតនោះ ចំនួនភ្ញៀវបរទេសដែលចូលមកកម្ពុជានឹងមានកាន់តែច្រើន ខណៈកម្ពុជាក៏ខិតខំរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធច្បាប់ និងធនធានមនុស្សជាច្រើន ដើម្បីត្រៀមទទួលការមកដល់នៃភ្ញៀវអន្តរជាតិ។
លោកស្រីបានបន្ថែមថា៖«វិស័យទេសចរណ៍ តែងផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ច និងនយោបាយ ដូច្នេះក្នុងដំណាក់កាលដែលសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ល្អប្រសើរខ្លាំងដូចមុនអំឡុងឆ្នាំ២០២០ គឺប្រាកដណាស់ថាកម្ពុជាមិនទាន់អាចស្រូយមកភ្ញៀវទេសចរពីប្រទេសឆ្ងាយៗបានច្រើនឡើយ។ ទោះយ៉ាងណា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤ នេះគេសង្គេតឃើញមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ច្រើនបានចូលមកប្រទេសកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជានៅប្រទេសមួយចំនួន ដូចជា ប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប ប៊ែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួ ប្រ៊ុយណេ និងហ្វីលីពីន នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមករា បានស្នើឱ្យថ្នាក់ដឹកនាំស្ថានទូតកម្ពុជាទាំងអស់ជួយធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាលើលើឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ខណៈកម្ពុជាបានធ្វើការកែសម្រួលនិតិវិធីជាច្រើនដើម្បីជួយសម្រួល និងទាក់ទាញភ្ញៀវទេសចរបរទេសចូលមកកម្សន្តនៅកម្ពុជាកាន់តែច្រើន។
លោកបានលើកឡើងទៀតថា បច្ចុប្បន្នតម្លៃវីសាក៏ត្រូវបានបញ្ចុះ(e-Visa) ផងដែរ ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វីសាប្រភេទ (T)បញ្ចុះ ពី ៣៦ ដុល្លារ មកនៅត្រឹម ៣០ ដុល្លារ, វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារ មក ៣៥ ដុល្លារ។
យោងតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គឺក្នុងឆ្នាំ២០២៤ មានភ្ញៀវបរទេសចំនួន ១ ០២៣ ៦៨៨ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រាក់បានពីការលក់សំបុត្រមានចំនួន ៤៧,៨៣ លានដុល្លារ កើនឡើង ២៨,២៧ ភាគរយ និង ២៨,៥៧ ភាគរយ ព្រមគ្នាបើធៀបនឹងឆ្នាំ២០២៣៕