អ្នកនៅក្នុងវិស័យអចលនទ្រព្យអះអាងថា ការជួយអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់អាជ្ញាធរនឹងផ្តល់ភាពវិជ្ជមានច្រើនទៅដល់អ្នកទិញលំនៅឋានដែលកំពុងជួបបញ្ហាក្នុងការបង់ប្រាក់ ហើយក៏ជួយឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋាន និងបុរីនានា មានថវិកាគ្រប់គ្រាន់សម្រាប់យកទៅបញ្ចប់គម្រោងរបស់ខ្លួន ឬពង្រីកបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥ បានរៀបចំកិច្ចពិភាក្សាជាមួយផ្នែកឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយមានការចូលរួមពីលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ព្រមទាំងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ព្រមទាំងតំណាងបណ្តាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងចំនួន ២ សំខាន់ គឺស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងអ្នកទិញលំនៅឋានទទួលបានកម្ចីដែលមានការប្រាក់សមរម្យជាងមុន តាមរយៈស្ថាប័នហិរញ្ញវត្ថុ, និងការពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះសំដៅផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ។
អង្គប្រជុំក៏បានពិភាក្សាលើការស្វែងរកលទ្ធភាពក្នុងការផ្ទេរអតិថិជនដែលកំពុងទិញផ្ទះតាមរយៈការបង់ប្រាក់(រំលស់) ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ទៅជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាទូទៅផ្តល់ជូនឥណទានមានអត្រាការប្រាក់ទាបជាង និងមានការវាយតម្លៃលទ្ធភាពសងត្រឡប់បានល្អប្រសើរជាង និងអាចមានរយៈពេលកម្ចីទៅដល់ ២៥-៣០ឆ្នាំ។ ការធ្វើបែបនេះ ក៏នឹងជួយឱ្យម្ចាស់បុរីដែលជាប់គាំងទុនបង្វិលបានទទួលដើមទុនមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ពួកគេ។
ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Sam SN Realty លោក សំ សុខនឿន (President of Global Real Estate Association, Sam Soknoeun) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៦ ខែមករា ថា ការចូលរួមអន្តរាគមន៍របស់អាជ្ញាធរ គឺពិតជាមានភាពចាំបាច់ និងសារៈសំខាន់ណាស់ក្នុងជួយធ្វើឱ្យទីផ្សារអចលនវត្ថុ និងសំណង់នៅកម្ពុជាមានភាពវិជ្ជមានឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០។
មុនមានវិបត្តិកូវីដ១៩ អ្នកមានថវិកាប្រមាណ ៣០ ភាគរយនៃតម្លៃអចលនទ្រព្យ(លំនៅឋាន) គឺពួកគេអាចស្វែងរកគ្រឹះស្ថានធនាគារដើម្បីស្នើសុំប្រាក់កម្ចីសម្រាប់ទិញលំនៅឋានផ្ទាល់ខ្លួនបាន ប៉ុន្តែចាប់តាំងពីពិភពលោកជួបនឹងវិបត្តិកូវីដ១៩ នាដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ គឺការទម្លាក់ប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ បានស្ងប់ស្ងាត់យ៉ាងខ្លាំង ហើយមានគ្រឹះស្ថានខ្លះស្ទើតែបិទកម្ចីសម្រាប់ទិញដី ឬលំនៅឋានតែម្តង។
លោកបន្តថា ការចូលអន្តរាគមន៍របស់រដ្ឋាភិបាល នឹងក្លាយជាកម្លាំងចលករធ្វើឱ្យវិស័យលំនៅឋាននៅកម្ពុជាល្អប្រសើរជាងមុន។ កិច្ចប្រជុំដែលមានការចូលរួមពីផ្នែកពាក់ព័ន្ធខាងលើ ពិសេសការចូលរួមរបស់ធនាគារជាតិនៅកម្ពុជា គឺពិតជាល្អណាស់ក្នុងការធ្វើឱ្យអ្នកមានបំណង់ចង់ទិញនៅនៅឋាន និងអ្នកអភិវឌ្ឍន៍លំនៅឋាន មានក្តីសង្ឃឹមឡើងវិញ។
លោកថ្លែងថា៖«អ្វីដែលពិសេសបំផុតនោះ គឺធនាគារជាតិនៃកម្ពុជា(NBC) បានបង្ហាញឆន្ទះ ឬស្នើសុំទៅដល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាឱ្យផ្ដល់ប្រាក់កម្ចីទៅដល់អ្នកទិញអចលនទ្រព្យនៅតាមបុរី ព្រោះកន្លងមកយើងឃើញថាមានគម្រោងមួយចំនួនត្រូវជាប់គាំងដោយសារតែម្ចាស់គម្រោងខ្លះពេលសាងសង់រួចរាល់បែរជាលក់មិនចេញ។
ចំណែកការបង់ប្រាក់ពីសំណាក់អតិថិជនឱ្យក្រុមហ៊ុនក៏ជួបបញ្ហា ដែលធ្វើឱ្យម្ចាស់គម្រោងវិនិយោគត្រូវជួបបញ្ហាគាំងលំហូរសាច់ប្រាក់សម្រាប់យកទៅបញ្ចប់គ្រោងរបស់ខ្លួនតាមផែនការ»។
លោកលើកឡើងទៀតថា ប្រសិនបើអាចមានការផ្ទេរវិធីសាស្រ្តក្នុងការបង់ប្រាក់ពីក្រុមហ៊ុនអភិវឌ្ឍន៍ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ វានឹងជួយធ្វើឱ្យអ្នកជាប់បំណុលមានភាពធូរស្រាលជាងមុន ព្រោះការបង់ប្រាក់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឬបុរី អាចមានអត្រាការប្រាក់ជាមធ្យម ១២ ភាគរយប្រចាំឆ្នាំ ចំណែកការបង់ការប្រាក់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ គឺមានអត្រាការប្រាក់ទាបជាង ១២ ភាគរយ និងមានរយៈពេលនៃការសង់ត្រឡប់យូរជាងមុន។
លោកបានបញ្ជាក់ថា៖«អីចឹងនៅពេលដែលពួកគេធ្វើការជាមួយធនាគារ(អ្នកបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍) គឺពួកគេនឹងទទួលបានអត្រាការប្រាក់ល្អជាងមុន ហើយក៏អាចជួយសម្រាលបន្ទុកបង់ ដោយសារមានពេលវេលាយូរជាងមុន»។
បើតាមលោក សុខនឿន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាជាច្រើននៅក្នុងវិស័យដីធ្លី និងសំណង់គ្រប់ប្រភេទ។
សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty លោក ឌិត ចណ្ណា បាននិយាយថា នេះជាការចូលរួមរបស់រដ្ឋាភិបាលក្នុងការជួយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពក្នុងការទិញលំនៅឋានផ្ទាល់ខ្លួនកាន់តែច្រើន ព្រោះបើបង់ប្រាក់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ គឺពួកគេត្រូវចំណាយច្រើនដោយសារអត្រាការប្រាក់ខ្ពស់ជាងធនាគារ។
លោកបន្តថា ម៉្យាងទៀតនេះវាក៏នឹងជួយទៅដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ឱ្យអាចប្រមូលបានមូលធនភ្លាមៗពីធនាគារ ដើម្បីយកទៅប្រើប្រាស់បន្តអភិវឌ្ឍន៍ ឬពង្រីកគម្រោងរបស់ខ្លួនឱ្យកាន់តែធំ និងល្អជាងមុន។
លោកបាននិយាយថា៖«តាមរយៈការពិភាក្សាគ្នានេះ ខ្ញុំគិតថាវានឹងជួយវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាបានមួយផ្នែក។
ក្នុងនាមជាអ្នកនៅក្នុងវិស័យអចលនទ្រព្យ យើងពិតជាចង់ឃើញធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ជួយបន្ធូរបន្ថយលក្ខខណ្ឌក្នុងការផ្តល់ឥណទាន ជាពិសេសសម្រាប់គម្រោងវិនិយោគ(បុរី)ដែលល្អៗ និងមានសក្តានុពល តាមរយៈការជួយទម្លាក់ទុនបន្ថែមទៀតដើម្បីឱ្យគម្រោងនីមួយៗ មានលទ្ធភាពបញ្ចប់គម្រោងតាមការសន្យាជាមួយអតិថិជន ក៏ដូចជាជួយធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែល្អប្រសើរឡើងវិញ»។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។
សេចក្តីសម្រេចនេះមានគោលបំណងដើម្បីជួយសម្របសម្រួលលើកិច្ចការមួយចំនួនដូចជា ការបន្ធូរបន្ថយពន្ធ ការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ជាដើម ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចមានលំនៅឋានផ្ទាល់ខ្លួនសម្រាប់រស់នៅ៕