ដើម្បី​ផ្សព្វផ្សាយ​អំពី​​សក្តានុពលនៃ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ទាក់​ទាញ​​ភ្ញៀវ​ទេសចរជាតិ និង​អន្តរ​ជាតិ​ឱ្យ​ទៅ​កម្សាន្ត​​តំបន់​ឆ្នេរសមុទ្រ និង​បណ្តាកោះកាន់​តែ​ច្រើន អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតថតរូបភាព និង​វីដេអូ ឆ្នាំ​២០២៤-២០២៥  នៅ​ចុង​ខែ​មករា ក្រោម​ប្រធានបទ​«ម្នាក់ៗជាអ្នកផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា ម្នាក់»។

សេចក្តី​ជូនដំណឹង​របស់​មន្ទីរទេសចរណ៍​ខេត្ត​ព្រះសីហនុ នាថ្ងៃ​ទី​៦ ខែ​មករា ​ឱ្យ​ដឹង​ថា ក្រោម​កិច្ចសហការ និងគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍​ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ចាប់​ពី​ថ្ងៃទី២៧-​៣១ ខែមករា ឆ្នាំ ២០២៥ នៅទីលានតេជោ។ ក្នុងព្រឹត្តិការណ

នេះនឹងមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍​ម្ហូបអាហារ ការតាំងផលិតផលពាណិជ្ជកម្ម ការសម្តែងសិល្បៈ និង​ការប្រកួតកីឡាជាដើម។ល។

សេចក្តី​ជូនដំណឹង​​​បញ្ជាក់​ថា​៖​«​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជ្រើសរើសបេក្ខជនដែលមានទេពកោសល្យស្នាដៃឆ្នើម ជាពិសេសការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុទៅដល់​ភ្ញៀវជាតិ និងអន្តរជាតិ »។

សេចក្តី​ជូនដំណឹង​បាន​ឱ្យ​ដឹងទៀត​​ថា សម្រាប់​​​​រូបភាព និង​វីដេអូ ដែល​ចូល​រួម​ប្រកួត​ប្រជែង គឺ​​ត្រូវតែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ន័យ​ផ្សព្វផ្សាយ​ពី​​គោលដៅទេសចរណ៍(ខេត្ត​ព្រះសីហនុ), ការ​បង្កើតរូបភាព និងវីដេអូ​ដែលមានភាពទាក់ទាញ, ជំរុញ និងបង្កើនការ​ផ្សព្វផ្សាយ​ផលិតផលខ្មែរ, សហគមន៍ទេសចរណ៍, សារអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពី​វិស័យ​ទេសចរណ៍, និង​សក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រ។​

កាលបរិច្ឆេទ​នៃ​ការ​ចុះឈ្មោះនឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥​-​១២ ខែ​មករា ឆ្នាំ​២០២៥ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ឬ​ដោយ​ផ្ទាល់។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង។​

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន (Thourn Sinan, President of Pacific Asia Travel Association) បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៦ ខែ​មករា ថា គ្រប់ព្រឹត្តិការណ៍​ពិព័រណ៍​(លើកលែង​ពិព័រណ៍​គ្រឿងស្រវឹង និង​ភេសជ្ជៈ​មួយ​ចំនួន​) គឺសុទ្ធតែ​ផ្តល់​ផល​ចំណេញ​ដល់​គោលដៅ​វិស័យ​ទេសចរណ៍​ និង​ការទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យចូលមក​បណ្តាក់​ទុន​​កាន់​តែ​ច្រើន​នៅ​កម្ពុជា។ 

ពិព័រណ៍រូបថត និង​វីដេអូ គឺ​ជា​ការ​ផ្សព្វផ្សាយ​ពី​សម្រស់​ទីតាំងភូមិសាស្រ្តបែប​មាត់​​​សមុទ្រ ​ធម្មជាតិ និង​កែច្នៃ​ជាដើម​។

លោក​បាន​និយាយ​​​ថា៖«​ព្រឹត្តិការណ៍​បែប​នេះ​គឺ​មាន​ភាព​ចាំបាច់​ និង​សារៈ​សំខាន់​ខ្លាំង​​សម្រាប់​ជាការ​​​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បាន​ដឹង​ពី​កម្ពុជា និង​ជា​មធ្យោបាយ​បង្កើន​ភាព​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​កាន់​តែ​ច្រើន​។ ការ​ផ្សព្វផ្សាយ​ឱ្យ​មាន​លក្ខណៈ​ជាសកល ​នឹង​នាំផល​ប្រយោជន៍​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ និង​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា»។

លោក​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​តាម​បណ្តាខេត្ត​ផ្សេងៗ​ទៀត​អាច​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ពិព័រណ៍បែប​នេះ​បាន​កាន់​តែ​ច្រើន គឺ​ចរន្ត​នៃ​ការ​ផ្សព្វផ្សាយ​ក៏​កាន់តែ​ល្អ​​ផងដែរ​។​

ចំនួន​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាននានា​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ហាញ​​និន្នាការ​កើន​ឡើង​ជា​​បន្ត​បន្ទាប់ ជាក់ស្តែង​​ក្នុង​ឱកាស​ថ្ងៃ​ឆ្លងឆ្នាំសកល ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​​តាមបណ្ដារាជធានី-ខេត្ត ទូទាំង​ប្រទេស​ចំនួន​ជាង​ ៣,៥៣ លាន​នាក់ ​ក្នុង​នោះ​ទេសចរជាតិ ៣,៤៨ លាននាក់ និងទេសចរអន្តរជាតិ ៤៧ ២៦០នាក់។ សម្រាប់​ខេត្ត​ព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ៤២២ ៨២៩​នាក់​។

សម្រាប់​ជនបរទេស​ដែល​​ចូល​មក​ប្រទេស​កម្ពុជា ​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ​២០២៤ គឺ​មាន​ប្រមាណ ៦ លាន​នាក់​ កើន​ឡើង ២២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។ 

ក្នុង​ចំនួន​ខាង​លើ គឺ​ជនជាតិ​​​ថៃ មាន​ចំនួន​ ១,៩១ លាន​នាក់​, ​វៀតណាម ១,២ លាន​នាក់​, ​ចិន ៧៦៩ ៧៧៥ នាក់​, ឡាវ ៣០៦ ៩៤៨ ​នាក់, អាមេរិក ១៩០ ៨៥៦​ នាក់ និង​តាម​ពី​ក្រោយ​ដោយ​ជនជាតិ​កូរ៉េ ឥណ្ឌូនេស៊ី, បារាំង ចក្រភព​អង់គ្លេស និង​ជប៉ុន៕​