ភាព​វិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​សកល​ឆ្នាំ​ ២០២៤ បាន​ធ្វើ​ឱ្យ​ចំនួន​ទឹកប្រាក់​​ពីការ​នាំ​ចូល-ចេញ​ទំនិញ​នៃ​​បណ្តារោងចក្រ​/សហគ្រាស​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ(SSEZ) កើន​ឡើង​គួរឱ្យ​កត់​សម្គាល់ ដោយ​សម្រេច​ជាង ៤ ពាន់​លាន​ដុល្លារ កើនលើស ១/៥ ដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣។

ស្ថិតិ​ចេញផ្សាយ​ដោយ​ SSEZ ​ក្នុង​សប្តាហ៍​នេះ​​ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៤ រោងចក្រ/សហគ្រាស នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាន​នាំចូល និង​នាំចេញ​ទំនិញ​​ក្នុង​ចំនួន​​ទឹកប្រាក់​សរុប ៤ ០៧៨ លានដុល្លារអាមេរិក កើន​ពីចំនួន​ ​៣ ៣៦២ លានដុល្លារ ឬ​ស្មើ​នឹង​ ២១,៣ ភាគរយ​បើធៀបនឹងឆ្នាំ ២០២៣។ 

នេះ​ជា​ចំនួន​ទឹក​ប្រាក់​ដែល​​ឈានដល់កម្រិតខ្ពស់បំផុត​សម្រាប់​ប្រតិបត្តិការ​នៅ​ SSEZ កន្លងមក​។​ ទឹក​ប្រាក់​នាំចូល-នាំចេញ​ទំនិញ​របស់ SSEZ កាល​ពី​ឆ្នាំ​ ២០២៣ បាន​កើនឡើង ៣៤,៨៦ ភាគរយបើបើធៀបនឹងឆ្នាំ២០២២។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៨ ខែ​មករា ថា កំណើន​ទឹក​ប្រាក់​នាំ​ចូល-​នាំចេញ​ទំនិញ​សរុបនៅ​ SSEZ មាន​​ន័យថា​​រោងចក្រ/សហគ្រាស​នៅ​ទីនោះ​​​​កំពុង​មាន​ដំណើរ​ការ​ល្អ។ ​

នៅ​ពេល​​មាន​ការ​បញ្ជា​ទិញ​​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​ច្រើន គឺ​បណ្តារោងចក្រ​/សហគ្រាស​​នៅ​ទីនោះ​នឹង​​មាន​តម្រូវ​ការ​នាំ​ចូល​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំសម្រាប់​​ផលិត ឬ​កែច្នៃ​​ច្រើន​។ 

លោក​បន្ត​ថា ចំនួន​ទឹក​ប្រាក់​នាំចូល-​នាំចេញ​របស់ SSEZ នឹង​កើន​ឡើង​ថែម​​ទៀត​ក្នុង​ឆ្នាំ​២០២៥ នេះ​ពីព្រោះ​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​ចំនួន​រោងចក្រ/​សហគ្រាស ​ដែល​​មក​ដាក់​ពាក្យ​ស្នើសុំ​វិនិយោគ និង​ទទួល​ការ​អនុម័ត​ពី​អាជ្ញាធរ​​​កម្ពុជា​​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

លោក​​​ថ្លែង​ថា៖​«ខ្ញុំ​គិត​ថា​ចំនួន​ទឹកប្រាក់​នាំ​ចូល-ចេញ​ទំនិញ​របស់​​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ នឹង​បន្តកើន​ឡើង​ថែម​ទៀត​នា​ពេល​ខាង​មុខ ខណៈ​​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក​​ក្នុង​ឆ្នាំ ២០២៥ នេះ​ហាក់​មិន​សូវ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ដូច​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ទេ​​»។​​

លោក​ប្រាប់​ទៀត​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ គឺ​ជា​កន្លែង​ដែលមាន​ភាព​ទាក់​ទាញ​ខ្លាំង​ចំពោះ​​រោងចក្រ/សហគ្រាស​​បោះ​តាំង​ ព្រោះ​​ស្ថិត​នៅ​ជិត​កំពង់ផែអន្តរជាតិ ដែល​ងាយ​ស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចូល-​ចេញ​ទៅ​ក្រៅ​ប្រទេស​។​​​

លោក​បន្ថែម​​ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំងដ៏មានទីតាំង​​សក្តានុពលសម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ព្រោះ​ការ​វិនិយោគ​នៅ​កម្ពុជា ​គឺ​អ្នក​វិនិយោគ​នឹង​ទទួល​បាន​ភាព​អំណោយ​ផល​ទាំង​កត្តា​ខាងក្នុង និង​ខាង​​ក្រៅ​។ កត្តាខាង​ក្នុង​សំដៅដល់​ការ​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគឱ្យ​កាន់​តែ​មានភាព​ទាក់​ទាញសម្រាប់​វិនិយោគិន សម្បូរកម្លាំង​ពលកម្មវ័យក្មេង ​និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ជា​ដើម។ 

ចំណែក​ត្តា​ខាង​ក្រៅ គឺ​កម្ពុជា​មាន​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ជា​ច្រើន​ក្រោម​លក្ខខណ្ឌ​ពិសេស តាម​រយៈ​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​ បន្ថែម​ពី​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​ដែល​កម្ពុជា​ទទួល​បាន​ពី​​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាន​និយាយ​ថា តម្រូវ​ការ​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ បាន​ជំរុញ​ឱ្យ​ទឹកប្រាក់នាំចូល-នាំចេញ​ទំនិញ​នៅ​ SSEZ កើន​ឡើង​ជា​បន្តបន្ទាប់ ខណៈ​ចំនួន​រោងចក្រ/សហគ្រាស​នៅ​ទីនោះ​ក៏​មាន​ច្រើន​ដែរ។ 

លោកបន្តថា មូលហេតុដែលតំបន់សេដ្ឋកិច្ចពិសេស SSEZ ទទួលបានរោងចក្រ/សហគ្រាសចូលមកបណ្តាក់ទុនកាន់តែច្រើន គឺដោយសារស្ថានភាពនយោបាយ និងសន្តិសុខនៅកម្ពុជាល្អប្រសើរ ច្បាប់វិនិយោគមានលក្ខណៈអំណោយផល និងនៅជិតកំពង់ផែទឹកជ្រៅដែលផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូន។

លោកបានអះអាង​ថា៖«​ទឹកប្រាក់នាំចូល-នាំចេញ​ទំនិញរបស់ SSEZ នឹងបន្តកើនឡើងច្រើនទៀត​។ ចំនួន​ទឹក​ប្រាក់​នាំចូល-​នាំចេញ​ទំនិញ​របស់តំបន់​សេដ្ឋកិច្ច​ពិសេស​ដទៃទៀតនៅ​កម្ពុជា​ ​ក៏​​នឹង​កើន​ឡើង​​ផងដែរ»។

បើតាម​លោក ចាន់ដារ៉ា ភាគច្រើននៃរោងចក្រ/សហគ្រាសនៅក្នុង SSEZ គឺមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងមានផលិតទំនិញចម្រុះជាច្រើន ពិសេផលិតផលកាត់ដេរ គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក បរិក្ខាអគ្គិសនី គ្រឿងសង្ហារឹម ក្ការបន្ទះ និងរោងចក្រផលិតសម្បកកៅស៊ូកង់យានយន្ត ជាដើម។ទំនិញដែលផលិតបាន ភាគច្រើនត្រូវបានគេនាំចេញទៅទីផ្សារ អាមេរិក អឺរ៉ុប និងមួយចំនួនក្នុងទ្វីបអាស៊ី។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin ​ក្នុង​បេសកកម្ម​​ដឹកនាំគណៈប្រតិភូ​ទៅ​បំពេញទស្សនកិច្ច​ឈ្វេងយល់អំពីស្ថានភាពការសាងសង់ និងការអភិវឌ្ឍ​​នៅ​​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​​៣០ ខែធ្នូ ឆ្នាំ​ ២០២៤ បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ថា​ដំណើរ​ការ​របស់​​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹង​កាន់តែល្អ ដើម្បី​​ក្លាយជាគំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។

យោងតាម SSEZ គិត​ត្រឹម​ដំណាច់​ខែ​សីហា ឆ្នាំ ២០២៤ មាន​រោងចក្រ/សហគ្រាស​សរុប ១៩០ ​កំពុង​ដំណើរ​ការ​នៅ​ទីនោះ ដោយ​មាន​មក​ពី​​បណ្តាប្រទេសជា​ច្រើន​លើ​ពិភពលោក ជា​ពិសេស​មក​ពី​ប្រទេស​ចិន​។ SSEZ កំពុង​ខិតខំ​រៀបចំ​ខ្លួន​ឱ្យ​ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅក្លាយទៅជាឧទ្យានគំរូអន្តរជាតិ នៅ​កម្ពុជា​។​​

ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​កម្ពុជា ដែល​កត់​ត្រា​ដោយអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ទីផ្សារ​អន្តរជាតិ​មាន​ទឹក​ប្រាក់​សរុប ៤៩,៨៧ ពាន់លាន​ដុល្លារ កើន​ឡើង ១៧,៤ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ ៤២,៥​ ពាន់​លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ក្រៅ​ប្រទេស ២៣,៩៣​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៨ ​ភាគរយ និង​ទំនិញ​នាំ​ចូល​ ២៥,៩៤ ​ពាន់​លាន​ដុល្លារ កើន​ ១៧,៩ ​ភាគរយ។ 

ប្រទេសដែលធ្វើពាណិជ្ជកម្មទ្វេភាគីសំខាន់ៗជាមួយកម្ពុជាមានដូចជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ជាដើម៕​