ព្រឹត្តិការណ៍ប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោកនៃសន្និសីទស្រូវអង្ករពិភពលោក(World Rice Conference) អាចនឹងរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ខណៈការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០២៤ បានធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅវិមានសន្ដិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា លោក Jeremy Zwinger ប្រធាន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) បានលើកឡើងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា រួមទាំងវិស័យស្រូវអង្ករ ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជួយឱ្យកម្ពុជាអាចនាំយកផលិតផលរបស់ខ្លួនកាន់តែច្រើនទៅដាក់តាំងលក់នៅលើទីផ្សារអន្តរជាតិ។
បន្ថែមពីលើនេះ លោក Jeremy Zwinger ក៏បានសម្ដែងនូវការអបអរសាទរចំពោះអង្ករកម្ពុជាដែលឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក «World’s Best Rice» កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន(“World’s Best Rice” at the 2024 International World Rice Conference in Manila, Philippines on November 7) និងបានបង្ហាញពីការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ ២០២៥ នេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្ររបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ ២០២៥ នេះ។
World Rice Conference (WRC) គឺជាវេទិកានៃជំនួបរវាងអ្នកជំនាញ និងក្រុមហ៊ុននាំចេញស្រូវអង្ករលើពិភពលោក ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០០៩។
WRC លើកចុងក្រោយត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយអង្ករក្រអូបកម្ពុជាត្រូវបានជ្រើសរើសជាអង្ករល្អប្រណីតផ្តាច់គេលើពិភពលោក(World Best Rice)។
កម្មវិធីនេះមានគាំទ្រដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។
ការធ្វើជាម្ចាស់ផ្ទះ WRC នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យស្រូវអង្ករកម្ពុជា
វេទិកា WRC គឺគេធ្វើការជ្រើសរើសយកអង្ករល្អបំផុតលំដាប់ពិភពលោកប្រចាំឆ្នាំ (World Best Rice) ដោយអង្ករកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់កំពូលចំនួន ៦ លើករួចមកហើយ គឺនៅក្នុងឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៨, ២០២២ និងឆ្នាំ ២០២៤។
អង្ករម៉ាក «ម្លិះអង្គរ» គឺជាអង្ករល្អប្រណីតផ្តាច់គេលើពិភពលោក ក្នុងឆ្នាំ២០២៤។អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង (Lun Yeng, CRF secretary general) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៩ ខែមករា ថា World Rice Conference គឺជាវេទិកាស្រូវអង្ករលំដាប់ពិភពលោក ដែលរៀបចំឡើងចំនួន ១៦ លើករួចមកហើយ។
វេទិកានេះមានការចូលរួមច្រើនពីសំណាក់អ្នកជំនាញក្នុងវិស័យស្រូវអង្ករ ក្រុមហ៊ុននាំចេញអង្ករ មេចុងភៅជំនាញ និងអ្នកពាក់ព័ន្ធ។
លោកបន្តថា ប្រសិនសន្និសីទស្រូវអង្ករពិភពលោក លើកទី១៧ ត្រូវបានរៀបចំនៅកម្ពុជា ក្នុងឆ្នាំ ២០២៥ នេះ គឺវាប្រាកដជាផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យស្រូវអង្ករកម្ពុជា ពិសេសការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«ប្រសិនបើ World Rice Conference ក្នុងឆ្នាំ ២០២៥ ត្រូវបានរៀបចំនៅកម្ពុជា គឺវានឹងផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់វិស័យស្រូវអង្ករកម្ពុជា ព្រោះនឹងមានការផ្សព្វផ្សាយពីវិស័យស្រូវអង្ករលើឆាកអន្តរជាតិ ហើយក៏មានអ្នកជំនាញ និងអ្នកពាក់ព័ន្ធក្នុងវិស័យចំណីអាហារមកពីប្រទេសជាច្រើនចូលរួមផងដែរ»។
អគ្គនាយកក្រុមហ៊ុន City Rice Import Export លោក ឡាយ ឈុនហួ (City Rice Import Export Co Ltd, CEO Lay Chhun Hour) ដែលជាក្រុមហ៊ុននាំអង្ករ «អង្កររំដួល» ទៅចូលរួមប្រកួតក្នុងវេទិកាស្រូវអង្ករពិភពលោក និងទទួលបានពានរង្វាន់ «អង្ករល្អដាច់គេ» World Best Rice ប្រចាំឆ្នាំ ២០២២ បាននិយាយថា ទោះក្រុមការងាររបស់សន្និសីទស្រូវអង្ករពិភពលោក (World Rice Conference) មិនទាន់ពីបញ្ជាក់ពីការជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ស្រូវអង្ករប្រចាំឆ្នាំ ២០២៥ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថាគេនឹងជ្រើសរើសយកកម្ពុជា។
ការនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមករៀបចំនៅកម្ពុជា គឺជាការផ្សព្វផ្សាយមួយដ៏ល្អដើម្បីឱ្យអន្តរជាតិស្គាល់គុណភាព និងរសជាតិអង្ករកម្ពុជាកាន់តែច្រើន ខណៈពានរង្វាន់អង្ករល្អប្រណីតជាងគេលើពិភពលោក កម្ពុជាទទួលបាន ៦ លើករួចមកហើយ។
លោកបានថ្លែងថា៖«រដ្ឋាភិបាលកម្ពុជាបានកំណត់យកដំណាំស្រូវ ជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ខ្លួន ដូច្នេះបើសិនសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ រៀបចំនៅកម្ពុជា គឺវានឹងជួយឱ្យគេស្គាល់អង្ករកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះក៏នឹងអាចជួយលើកទឹកចិត្តដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករកម្ពុជាខិតខំបង្កើតផលិតភាព និងគុណភាពអង្ករកម្ពុជាកាន់តែប្រសើរមួយកម្រិតទៀត»។
រដ្ឋាភិបាលកម្ពុជាកំពុងចូលរួមជាមួយផ្នែកឯកជនដើម្បីជំរុញការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ
នៅក្នុងជំនួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកដំណាំស្រូវ គឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា។ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ដោយរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចាំបាច់ជាបន្តបន្ទាប់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្ថែមថា ជាមួយគ្នានេះលោកក៏សូមលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ។
ទិន្នផលស្រូវក្នុងឆ្នាំ ២០២៤ កើនលើសឆ្នាំ ២០២៣ ជាង ១,៤ លានតោន ប៉ុន្តែការនាំចេញអង្ករធ្លាក់ចុះបន្តិចបន្តួច
បើតាមលោក លន់ យេង ក្នុងឆ្នាំ ២០២៤ កម្ពុជាប្រមូលផលស្រូវបានសរុប ១៣,៩៩ លានតោន កើនឡើងប្រមាណជាង ១,៤ លានតោនបើធៀបនឹងឆ្នាំ២០២៣។
ចំណែកការនាំចេញអង្ករជាផ្លូវការទៅទីផ្សារអន្តរជាតិសម្រេចបានប្រមាណជាង ៦៤ម៉ឺនតោន ដោយធ្លាក់ចុះប្រមាណ ១ ភាគរយបើធៀបនឹងឆ្នាំ២០២៣។
អគ្គលេខាធិការ CRF បានប្រាប់ថា ការនាំចេញអង្ករធ្លាក់ចុះបន្តិចបន្តួចក្នុងឆ្នាំ២០២៤ គឺដោយសារកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ពិសេសការដឹកជញ្ជូន។
ទោះយ៉ាងណា លោកបានអះអាងថា ការនាំចេញអង្ករក្នុងឆ្នាំ២០២៥ នេះរំពឹងថានឹងមានភាពវិជ្ជមានឡើងវិញ ព្រោះក្នុងជំនួបពិភាក្សារវាងសហព៏ន្ធស្រូវអង្ករ ជាមួយប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យានឹងខិតខំជួយជំរុញទីផ្សារនាំចេញអង្ករទៅទីផ្សារអន្តរជាតិឱ្យបានច្រើន តាមរយៈការបង្កើតយន្តការក្រុមការងាររួមរវាងរដ្ឋនិងផ្នែកឯកជនក្នុងវិស័យស្រូវអង្ករ, ការសិក្សាពីលទ្ធភាពក្នុងការប្រើប្រាស់កប៉ាល់ធំៗសម្រាប់ដឹកអង្ករ, ការវិនិយោគលើឃ្លាំងស្តុក ឡសម្ងួត និងម៉ាស៊ីនកិនស្រូវ ជាដើម៕