ចំនួន​ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​បាន​បន្ត​ភាព​ល្អ​ប្រសើរ ដោយក្នុង​ខែ​ទី​១ នៃ​ឆ្នាំ ​២០២៥ សម្រេច​បាន​ជាង ៥ ពាន់​លាន​ដុល្លារ កើន​ជិត ២៥ ភាគ​រយ​បើ​ធៀប​នឹង​ខែមករា ​ឆ្នាំ​ ២០២៤។ ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​មាន​ប្រមាណ​ ៤៥ ភាគរយ​នៃ​ចំនួន​​ទឹក​ប្រាក់​សរុប។

ទិន្នន័យ​កត់​ត្រា​ដោយអគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី​១០ ខែកុម្ភៈ នេះឱ្យ​ដឹង​ថា ក្នុង​ខែ​មករា ឆ្នាំ​ ២០២៥ ការ​នាំ​ចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មានទឹក​ប្រាក់​ស​រុ​ប ៥ ០៥៧,២ ​លាន​ដុល្លារ កើន​ឡើង​ ២៤,៦ ភាគ​រយ​បើ​ធៀប​នឹងខែ​មករា ​ឆ្នាំ​ ២០២៤ ដែលមានចំនួន ៤ ០៥៧,១៣ លាន​ដុល្លារ។ ​ក្នុង​ចំនួន​នេះ គឺ​​ទំនិញ​កម្ពុជានាំចេញ​មាន​ទឹកប្រាក់​ ២ ៣០៦,៤៩ ​លាន​ដុល្លារ កើនឡើង ១៧,៣ ​ភាគរយ និង​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស​​ចំនួន ២ ៧៥០,៧ ​​លាន​ដុល្លារ កើន​ឡើង ៣១,៦ ​ភាគរយ​​។

ផ្អែក​តាម​ស្ថិតិ​ខាង​លើ​ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព​ប្រមាណ​ ៤៤៤,២១ ​លាន​ដុល្លារ ខណៈ​កាល​ពី​ខែ​មករា ឆ្នាំ​២០២៤ មាន​ចំនួន ១២៣,០៩លាន​ដុល្លារ​។

អនុ​ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ និងបោះ​ជំហាន​ទៅមុខឱ្យ​កាន់តែលឿន​ក្នុង​សញ្ញា​វិជ្ជមាន។

ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី​ៗ​ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ព្រម​ទាំង​​ការ​ខិតខំ​របស់​ផ្នែក​ឯកជន​ដើម្បីទាក់​ទាញ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​​វិនិយោគិនជាតិ និង​អន្តរជាតិ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន​សមិទ្ធិផល​វិជ្ជមាន​ជា​បន្ត​បន្ទាប់​។

លោក​បន្ត​ថា ចំនួន​ទឹក​ប្រាក់​នៃ​ការ​នាំចូល និង​នាំ​ចេញ គឺ​ដោយសារ​​កំណើន​នៃ​ការ​បង្កើត​រោងចក្រ​/សហគ្រាស​​ទើប​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់ ឬ​ចាប់​ផ្តើម​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន​លើក​ដំបូង ដែល​ទាម​ទារឱ្យមាន​ការ​នាំចូល​ច្រើន​។ លោក​បន្ត​ថា ទោះយ៉ាង​ណា​កំណើន​ទឹក​ប្រាក់​នាំ​ចូល​នេះ គឺ​នឹង​​ត្រូវ​បម្រើ​ឱ្យ​ការ​ការ​ផលិត​វិញ​នៅ​ពេល​ខាង​មុខ។

លោក​បាន​ថ្លែង​ថា៖​«​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ នេះ​គឺ​បញ្ជាក់​ពី​ទំនុក​ចិត្ត​នៃ​ការ​វិនិយោគ​ថ្មីៗ និង​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ចំនួន​ទឹកប្រាក់​នាំចេញ នាំចូល​ទំនិញ នឹង​នឹង​បន្តកើន​ឡើងថែមប្រសិន​បើ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​មិនមាន​បញ្ហា​ធំណាមួយ​កើតឡើង»។

លោក​លើក​ឡើង​ទៀត​ថា ការ​​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​ទំនិញ​ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ធំៗ និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​​​​ចូល​ជា​បន្ត​បន្ទាប់ នឹង​ជួយឱ្យ​កម្ពុជា​ទាក់​ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​​។

បន្ថែម​ពីលើ​នេះ​ ការ​ដំឡើង​ពន្ធ​ទំនិញ​រវាង​ប្រទេស​ធំៗ​មួយ​ចំនួន ក៏​បាន​ផ្តល់​ផល​វិជ្ជមាន​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ការ​វិនិយោគ​ផ្ទាល់​កាន់​តែ​ច្រើន​​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា មាន​កត្តា​ជា​ច្រើន​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការធ្វើ​ឱ្យ​សកម្ម​ភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ជា​អន្តរជាតិ​របស់​កម្ពុជា​កើន​ឡើង​ជា​បន្តបន្ទាប់​ ខណៈ​ចំនួន​ក្រុមហ៊ុន/សហគ្រាស​ដែលចូល​មក​បើក​អាជីវកម្មនៅ​កម្ពុជា​ក៏​កំពុងបន្ត​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផងដែរ។​

លោក​បាន​អះអាងថា៖​«មួយ​រយៈចុងក្រោយនេះ​ ខ្ញុំ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​​ច្រើន​អំពី​កំណើន​នៃ​ការ​មក​បណ្តាក់​ទុន​ថ្មីៗ​នៅ​កម្ពុជា ដែល​នេះ​គឺ​ជា​ក្តី​សង្ឃឹមសម្រាប់​កម្ពុជា​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្មនាំ​ចេញ​ទំនិញ ខណៈ​កាល​ពី​ប៉ុន្មាន​ទសវត្ស​មុនៗ​ជញ្ជីង​ពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​បាន​គ្របដណ្តប់​ស្ទើរ​ទាំង​ស្រុង​ដោយ​ការ​នាំ​ចូល»។

លោក​ប្រាប់​ទៀត​ថា ការ​កសាង និងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ជា​បន្ត​បន្ទាប់​ ក៏​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ផងដែរក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​ទៅ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​វិនិយោគ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​នៅ​កម្ពុជា​ឱ្យ​ធ្លាក់​ចុះ​កាន់​តែ​ទាប ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរ​ជាតិ​។​

ឯកសារ​ថវិកាសង្ខេប​ឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025) បាន​ឱ្យ​ដឹង​ថា សម្រាប់ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍​ថា ​នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែល​នឹង​ត្រូវទ្រទ្រង់​ចម្បង​ដោយ​វិស័យឧស្សាហកម្ម ដែល​​​នឹងអាច​បន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ តាម​ពី​ក្រោយ​ដោយ​វិស័យ​សេវាកម្ម ៥,៦ភាគរយ និង​វិស័យ​កសិកម្ម ១,១ភាគរយ។

ក្នុង​ឆ្នាំ ​២០២៤ ការ​នាំ​ចេញ​-នាំចូល​ទំនិញ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ដៃគូទាំង​អស់មាន​ទឹក​ប្រាក់ ៥៤,៧៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ​ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជានាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ទឹក​ប្រាក់ ២៦,២ ពាន់​លាន​ដុល្លារ កើន​ឡើង ១៥,៧ ភាគរយ និង​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់ ២៨,៥៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ ភាគរយ។ នេះបើ​យោងតាម GDCE។

ប្រទេស​ដែល​​ជាដៃគូ​ពាណិជ្ជកម្ម​សំខាន់​ជាង​គេ​ទាំង ៥ របស់​កម្ពុជា​ រួមមាន ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​

ទំនិញសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន​ភាគ​ច្រើន ជា​ផលិតផល​​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ​ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន, ឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង​ផលិតផលធ្វើអំពីកៅស៊ូ រួមនិង​ទំនិញសំខាន់ៗមួយ​ចំនួន​ ទៀត ចំណែក​ទំនិញ​នាំចូល​មាន​ដូច​ជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុ​ធ្វើ​ពី​ដែក វត្ថុ​ធ្វើ​ពី​ប្លាស្ទីក និង​ផលិតផល​គីមី ជា​ដើម​៕