របាយការណ៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានបង្ហាញថា រយៈ​ពេល ៥ ឆ្នាំចន្លោះ​ពី​ឆ្នាំ​២០២០-២០២៤ ក្រសួងប្រៃ​សណីយ៍ និងទូរគមនាគមន៍ រកចំណូលបាន​ប្រមាណ ៦២៨ លាន​ដុល្លារ កើនឡើង ៣៤១ ភាគរយ​បើធៀបនឹងរយៈពេល ៥​ឆ្នាំ គឺចន្លោះ​ពី​ឆ្នាំ ២០១៥-២០១៩។

វិស័យឯកជន​យល់ថា កំណើនប្រាក់ចំណូលនេះ គឺ​ដោយសារររដ្ឋាភិបាល​ពង្រឹងការគ្រប់គ្រង​លើប្រតិបត្តិករសេវាទូរសព្ទ និងអ៊ីនធើណិត​បានល្អ ពិសេស​ភាពរីកចម្រើននៃការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងវិស័យ​ប្រៃសណីយ៍ និងទូរគមនាគមន៍ ​កាន់តែប្រសើរឡើង ខណៈអ្នកប្រើប្រាស់សេវាទូរសព្ទ បាន​កើនដល់ ២០,៦ លាន និងសេវាអ៊ីនធើណិត មានប្រមាណ ១៩ លាន។

របាយការណ៍​បូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០២០-២០២៤ របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញថា ជាលទ្ធផល​ចាប់ពីឆ្នាំ ២០២០-២០២៤ ក.ប.ទ. បានសម្រេចចំណូលសរុប ២,៥៧ ទ្រីលានរៀល ស្មើនឹង ប្រមាណ ៦២៨ លានដុល្លារ ដែលកើន ៣៤១ភាគរយបើប្រៀបធៀបទៅនឹងចំណូលចន្លោះ​ពី​ឆ្នាំ ២០១៥-២០១៩ ដែលមានចំនួនសរុបត្រឹមតែ ០,៧៥ ទ្រីលានរៀល ស្មើនឹងប្រមាណ ១៨៤ លានដុល្លារប៉ុណ្ណោះ។

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត (Chea Vandeth, Minister of Post and Telecommunications) បាន​ថ្លែងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ដកម្មឌីជីថល និងលើកទិសដៅការងារបន្ដ​កាល​ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា វិស័យ​ទូរគមនាគមន៍ បានចូលរួមចំណែកយ៉ាងសំខាន់លើការតភ្ជាប់ឌីជីថល ដែលត្រូវបានចាត់ទុកថា​ជាមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា​។

លោកបន្ថែម​ថា ក្នុងរយៈពេល ៥ ឆ្នាំនេះ​ក្រសួងសម្រេចបានលទ្ធផល ជាអាទិ៍​ការ​រៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត​ដើម្បីពង្រឹងអភិបាលកិច្ច សម្រួលដល់ធុរកិច្ច និងការពារផលប្រយោជន៍ស្របច្បាប់​របស់អ្នកប្រើប្រាស់។

លោករដ្ឋមន្រ្តី​បន្ថែមថា ក្រសួងក៏បាន​ផ្តល់អាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ សរុប ៥៩ ក្នុងនោះ អាជ្ញាបណ្ណទូរសព្ទ ៤ អាជ្ញាបណ្ណ ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ២ ខ្សែកាបអុបទិកលើគោក ៥ និងអ៊ីនធើណិត ៣៩។

អ្នកប្រើប្រាស់ សេវាទូរសព្ទមានចំនួនប្រមាណ ២០,៦លាន និងសេវាអ៊ីនធើណិតមានចំនួនប្រមាណ ១៩ លាន ហើយ​ក្រសួង​ក៏កំពុង​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល រួមមាន បង្គោលអង់តែនទូរសព្ទ បណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងលើគោក។

ប្រធានសមាគមបច្ចេកវិទ្យាឌីជីថល លោក ឈិន កេន​ (Chhin Ken, president of the Cambodia Digital Tech Association (CDTA) បាន​និយាយ​ថា ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ គឺពិតជាមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់​ ដោយលោកមើលឃើញថា ​​ប្រាក់​ចំណូលរបស់ក្រសួង​កើនឡើងគឺ​ដោយសារ​រាជ​រដ្ឋាភិបាល​ពង្រឹងការគ្រប់គ្រងដែនសេវាទូរសព្ទ​ និង​សេវាអ៊ីនធើណិត​បានល្អប្រសើរ។​

លោក ឈិន កេន បាន​បន្ថែម ថា៖​​«ទី១ កាលពីមុនក្រុមហ៊ុនមួយចំនួន​បានចុះបញ្ជីត្រឹមត្រូវ និងមួយចំនួនទៀតមិនបានចុះបញ្ជីត្រឹមត្រូវ​ តែបច្ចប្បន្នការពង្រឹងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលការគ្រប់គ្រងដែនសេវាទូរស័ព្ទ បានធ្វើ​ឱ្យក្រុមហ៊ុន ដែល​ផ្តល់សេវាទូរសព្ទ​គឺត្រូវតែរាយការណ៍​ឱ្យអស់ពីបង្គោលអង់តែនរបស់ខ្លួន​។ នេះគឺជាប្រភព​ចំណូលមួយ​ដែល​យើង​ឃើញ​ថាមានការកើនឡើង​​។ ចំណែក​ចំណុច​ទី ២ ពាក់ព័ន្ធប្រើប្រាស់សេវាអ៊ីនធើណិត​ ដែលការប្រើសេវាអ៊ីនធើណិតនេះគឺ​ជា​រឿងមួយជួយបង្កើនប្រាក់​ចំណូលជាតិរបស់​យើងដែរ ដែលភាគច្រើនយើងប្រើប្រាស់ទូរសព្ទ​ស្មាតហ្វូន យើងប្រើអ៊ីនធើណិត​ច្រើន អ៊ីចឹង អ៊ីនធើ​ណិតឆ្លងកាត់ក្រសួងប្រៃសណីយ៍ ត្រូវមានការបង់ថ្លៃសេវាជូនខាងក្រសួង។ ចំណុចទី៣ ពាក់ព័ន្ធ​នឹង​ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដើម្បីគ្រប់គ្រងទិន្នន័យ។ ការគ្រប់ទិន្នន័យក៏ជាការប្រមូលចំណូលមួយដែរ ដូច្នេះ​ការងារទាំងអស់គឺជាប្រភពចំណូល នាំឱ្យ​មានសន្ទុះកើនឡើងខ្លាំងសម្រាប់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទាំងមូល»។

របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ របស់ ក.ប.ទ. បញ្ជាក់ទៀតថា ប្រទេសកម្ពុជា មាន​បង្គោលអង់តែនទូរសព្ទមានសរុប ១១ ៥១១ បង្គោល ហើយ​​ក្រសួងមានផែនការជំរុញការសាងសង់ បង្គោលអង់តែនទូរសព្ទបន្ថែមចំនួន ៣ ៦៧៤ទៀត ដែលមានចំនួនស្ថានីយអង់តែនសរុប ៦ ៣៥៥ ត្រឹមឆ្នាំ២០២៧។

ដោយឡែក កម្ពុជាមាន​បណ្តាញខ្សែកាបអុបទិកលើគោកមានប្រវែង ៣៤ ៤៩១ គីឡូម៉ែត្រ ក្នុងនោះបំពង់កប់ក្រោមដី ២ ៩២៣ គីឡូម៉ែត្រ និងក្រោមបាតសមុទ្រ មានប្រវែង ២៦ ៣០០ គីឡូម៉ែត្រ និងគ្រោងមានបណ្តាញថ្មីប្រវែង ២ ៩៩៧ គីឡូម៉ែត្រ នៅឆ្នាំ២០២៦៕