![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/11_2_2025_z1.jpg)
រថយន្តរបស់ក្រុមហ៊ុន Toyota ដែលនាំចូលតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលកន្លងមក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ការកើនឡើងនៃតម្រូវការវត្ថុធាតុដើមដើម្បីយកទៅបំពេញឱ្យសេចក្តីត្រូវការរបស់រោងចក្រ/សហគ្រាសក្នុងស្រុកយកទៅផលិត ឬកែច្នៃទំនិញសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ បានធ្វើឱ្យការប្រមូលចំណូលពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆ្នាំ ២០២៤ សម្រេចបានជិត ២,៦ពាន់លានដុល្លារ កើនឡើងជាង ១០ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
ទិន្នន័យក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការប្រមូលចំណូលពន្ធ និងអាករពីសំណាក់មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានទឹកប្រាក់ ១០ ៥៤២,២ប៊ីលានរៀល (ស្មើប្រមាណ ២ ៥៩០,៣លានដុល្លារអាមេរិក) កើនឡើង ១៣,៨ភាគរយបើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ ២០២៣។
បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធ និងអាករធៀបនឹងចំណូលសរុប គឺអាករលើតម្លៃបន្ថែម មានប្រមាណ ៤១,៣ភាគរយ, អាករពិសេស ៣២,១ភាគរយ, ពន្ធគយ ១៨ភាគរយ, អាករបន្ថែមលើផលិតផលប្រេងកាត ៤,៤ភាគរយ និងអាករនាំចេញនិងកម្រៃផ្សេងៗ ៤,២ភាគរយ។
ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប គឺក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧ភាគរយ, យានយន្តនិងគ្រឿងចក្រ ៣១,១ភាគរយ, ប្រេងឥន្ធនៈនិងថាមពល ២៦,៩ភាគរយ, និងសម្ភារសំណង់និងកម្រៃផ្សេងៗមាន ៧,៣ភាគរយ។ នេះបើតាម GDCE។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានលើកឡើងថា នេះជាមោទនភាពរបស់ GDCE ដែលអាចប្រមូលចំណូលពន្ធគយបានច្រើន ខណៈក្នុងឆ្នាំ ២០២៤ កន្លងមកសេដ្ឋកិច្ចពិភពលោកបានជួបនឹងបញ្ហាប្រឈមជាច្រើន។
លោកបន្តថា បញ្ហាប្រឈមធំៗដែល GDCE បានជួបទាក់ទងនឹងការប្រមូលចំណូលមានដូចជា កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំខាងលើ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបានលទ្ធផលប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ចជាសកល, ការបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ល។
លោកបានថ្លែងថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព»។
បន្ថែមពីលើនេះ លោកក៏បានផ្ដល់ការណែនាំមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥ ដែលមានដូចជា ត្រូវខិតខំប្រមូលចំណូលឱ្យអស់សក្ដានុពល, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព, ការពង្រឹងការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការធ្វើទំនើបកម្មនិងការអភិវឌ្ឍស្ថាប័ន, ការជំរុញការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីគយ (ថ្មី), ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល, ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម, ការបង្កើនកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន, និងការលើកកម្ពស់អភិបាលកិច្ច ជាដើម។
យោងតាម GDCE ក្នុងឆ្នាំ ២០២៤ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ភាគច្រើននៃទំនិញកម្ពុជានាំចូល គឺជាផលិតផលតេលសិលា(ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរ ប្រេងម៉ាស៊ូត និងប្រេងរំអិល), វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើននៃបណ្តាក់ទុនថ្មីៗនៅកម្ពុជាកាលពីឆ្នាំ ២០២៤ បានធ្វើឱ្យមានការនាំចូលវត្ថុធាតុដើម និងសម្ភារ-ឧបករណ៍ជាច្រើន មកបំពេញឱ្យតម្រូវការសាងសង់រោងចក្រ/សហគ្រាសសម្រាប់កែច្នៃទំនិញដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
ចំនួនទឹកប្រាក់នេះនឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ ២០២៥ នេះប្រសិនបើស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចសកលមិនមានជួយឧបសគ្គធំៗ។ លោកបន្តថា បើតាមការសង្កេតមើលជាទូទៅ គឺការប្រមូលចំណូលពន្ធដារ និងពន្ធគយ ពីសំណាក់អាជ្ញាធរនៅពេលនេះ គឺមានភាពច្បាស់លាស់ និងប្រសិទ្ធភាពជាងពេលមុន។
លោកថ្លែងថា៖«ចំណូលពន្ធ គឺជាប្រភពថវិកាសំខាន់សម្រាប់រដ្ឋាភិបាលយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្ស និងកិច្ចការជាច្រើនទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ចំណូលពន្ធ ក៏ជួយឱ្យរដ្ឋាភិបាលកាន់តែមានឯករាជ្យភាពសម្រាប់យកទៅវិនិយោគសាធារណៈផ្សេងៗក្នុងប្រទេសផងដែរ»។
ឯកសារថវិកាសង្ខេប ឆ្នាំ២០២៥(Budget in Brief Fiscal year 2025) ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ នេះរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រមូលចំណូលចូលថវិកាជាតិ ឱ្យស្មើនឹង ៣១ ៥៩៨ប៊ីលានរៀល(ប្រហែល ៧,៧៨ ពាន់លានដុល្លារ) ក្នុងនោះចំណូលចរន្តថវិការដ្ឋឱ្យស្មើនឹង ៣០ ៣៨៩ ប៊ីលានរៀល(ចំណូលសារពើពន្ធ ២៦ ៤១៨ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ៣ ៩៧១ ប៊ីលានរៀល) និងចំណូលផ្សេងៗ ត្រូវបានគ្រោងចំនួន ១ ២០៩ ប៊ីលានរៀល៕