![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/11_2_2025_a14.jpg)
លោកស្រី ចម និម្មល(ឆ្វេងទី៣) ក្នុងជំនួបជាមួយ Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC។ ក្រសួងពាណិជ្ជកម្ម
ក្រុមហ៊ុន Arvin International Marketing INC ដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយអំបិលធំជាងគេនៅប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍បញ្ជាទិញអង្ករពីប្រទេសកម្ពុជាដើម្បីចែកចាយនៅក្នុងទីផ្សារនៅក្នុងប្រទេសរបស់ខ្លួន។
ការបង្ហាញចំណាប់អារម្មណ៍នេះធ្វើឡើងក្នុងជំនួបនាព្រឹកនៅថ្ងៃទី១១ ខែកុម្ភៈ រវាងលោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC ជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពេលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។
លោកស្រី Azucena L. Yao បានប្រាប់លោកស្រី ស្រី ចម និម្មល អំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុនឋ្លួន ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករពីកម្ពុជាដែលជាអង្ករមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកចំនួន ៦លើកនាពេលកន្លងមក។
ជាការឆ្លើយតប ចម និម្មល បានបង្ហាញក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការនាំចូលអង្ករពីកម្ពុជា និងបានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើននូវកិច្ចសហប្រតិបត្តិការក្នុងការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវ និងអង្ករ។
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយបានលើកទឹកចិត្តដល់ក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា ជាពិសេសអង្ករប្រណិត និងប្រភេទអង្ករផ្សេងៗទៀត ឱ្យបន្តវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម រួមមាន ស្វាយចន្ទី និងតំឡូងមី ជាដើម។
ក្នុងឆ្នាំ២០២៤ កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាលើការធ្វើពាណិជ្ជកម្មអង្ករ ដែលជាលទ្ធលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនសម្រេចបានចំនួន ២ ៦៥០តោន។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥១ ៥២២ តោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៨ប្រទេសជុំវិញពិភពលោក ដោយទីផ្សារអឺរ៉ុប និងចិន នៅតែជាទីផ្សារចម្បងជាងគេសម្រាប់អង្គរកម្ពុជា។
ក្រៅពីនោះ កម្ពុជាក៏បាននាំចេញអង្ករទៅកាន់បណ្តាប្រទេសអាស៊ានចំនួន ៧ប្រទេស រួមទាំងទីម័រខាងកើត និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀត ដូចជា អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ជាដើម។
អង្ករកម្ពុជា ធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក «World’s Best Rice» ចំនួន ៦ លើករួចមកហើយ គឺក្នុងឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៨, ២០២២ និងឆ្នាំ ២០២៤។
ការឈ្នះលើកចុងក្រោយ គឺកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន(“World’s Best Rice” at the 2024 International World Rice Conference in Manila, Philippines on November 7)។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន ក្នុងថ្ងៃទី១១ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅប្រទេសហ្វីលីពីន បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសន្យានឹងបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
បន្ថែមពីលើនេះថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន ដូចជា ពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងឱកាសនៃជំនួបជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ក៏បានប្រាប់ភាគីកម្ពុជាអំពីតម្រូវការផលិតផលកសិកម្មពីប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់ឱ្យទីផ្សាររបស់ខ្លួនផងដែរ។
លោក Francisco P.Tiu Laurel Jr. បាននិយាយថា ប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន។ លោកបន្ថែមថា សាធារណរដ្ឋហ្វីលីពីនមានតម្រូវការផលិតផលកសិកម្មសំខាន់ៗ ដូចជា អង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើនមុខទៀត។
ក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា ការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកមិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានអញ្ជើញលោករដ្ឋមន្ត្រីហ្វីលីពីន និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ផងដែរ៕