![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/12_2_2025_bbb2.jpg)
កងយោធពលខេមរភូមិន្ទចុះជួយប្រមូលផលមៀនប៉ៃលិននៅចម្ការរបស់ក្រុមហ៊ុន Pechenda Fruit Production PFP Co., LTD នាដើមខែកុម្ភៈ នេះ។ សហការី
បញ្ហាកង្វះកម្លាំងពលកម្ម ចំពេលរដូវកាលប្រមូលផល បានធ្វើឱ្យបរិមាណផ្លែមៀនប៉ែលិនដែលប្រមូលបាននៅដើមឆ្នាំ ២០២៥ នេះខូតខាតជាង ៥០ភាគរយនៃទិន្នផលដែលមានសរុប ខណៈតម្លៃផ្លែមៀនប៉ៃលិន បានធ្លាក់ចុះជាង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ម្ចាស់សិប្បកម្ម ពេជ្រចិន្ដា ហ្វ្រ៊ូតប្រូដាក់សិន ភីអែហ្វភី ឯ.ក លោក ភត់ សុផាន់បូរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីដើមខែមករា ដែលជារដូវកាលប្រមូលផលផ្លែមៀន មកដល់ពេលនេះ(ថ្ងៃទី១២ ខែកុម្ភៈ) គឺប្រជាកសិករ និងម្ចាស់ចម្ការមៀនប៉ៃលិន សុទ្ធតែប្រឈមនឹងបញ្ហាដ៏ធំ ដែលបណ្តាលមកពីកង្វះកម្លាំងពលកម្មសម្រាប់ប្រមូលផល។ ការធ្លាក់ចុះទិន្នផលមៀនប៉ៃលិន កាលពីឆ្នាំ ២០២៤ បានធ្វើឱ្យអ្នកធ្លាប់ធ្វើកិច្ចការនេះពីមុនមក នាំគ្នាធ្វើចំណាកស្រុកទៅរកការងារក្នុងប្រទេសថៃ។
លោកបន្តថា កង្វះកម្លាំងពលកម្មបានធ្វើឱ្យទិន្នផលមៀនប៉ៃលិន(តំបន់មួយចំនួនក្នុងខេត្តបាត់ដំបង) ដែលខូចខាតក្នុងឆ្នាំ ២០២៥ នេះអាចមានលើសពី ៥០ភាគរយ ខណៈកន្លងមកអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងប្រដាប់អាវុធក៏ធ្លាប់បានចេញជួយលើការងារប្រមូលផលផងដែរ។
លោកប្រាប់ទៀតថា មៀនប៉ៃលិន គឺគេអាចកំណត់ពេលវេលាត្រូវប្រមូលផលបាន។ ក្នុងឆ្នាំ ២០២៥ ដោយសារមានការរំពឹងខ្ពស់ថានឹងមានតម្រូវការនៅដើមឆ្នាំ ដូច្នេះកសិករ និងម្ចាស់ចម្ការនីមួយៗបាននាំគ្នារៀបចំថែទាំដើម្បីធ្វើយ៉ាងណាអាចប្រមូលផលបានច្រើនអំឡុងដើមឆ្នាំ។
លោក សុផាន់បូរី និយាយថា៖«បញ្ហាផ្លែមៀននៅពេលនេះ គឺដោយសារប្រជាកសិករបានកំណត់ឱ្យដើមមៀនផ្តល់ផ្លែជាន់គ្នាច្រើនក្នុងពេលតែមួយ ដូច្នេះធ្វើឱ្យមានបញ្ហាច្រើននៅពេលប្រមូលផលដើមឆ្នាំ»។ លោកបន្តថា៖«ទោះយ៉ាងណាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលសហភាពមៀនកម្ពុជា យើងកំពុងខិតខំជួយរិះរកវិធីសាស្រ្ត និងដោះស្រាយដើម្បីកុំឱ្យកើតមានបញ្ហាទៀតនាពេលខាងមុខ»។
បើតាមលោក សុផាន់បូរី កាលពីអំឡុងខែសីហា-ខែកញ្ញា ឆ្នាំ ២០២៤ ផលិតកម្មផ្លែមៀនក៏ជួបនឹងបញ្ហាដោយសារមិនមានផ្លែមៀនប្រមូលផល ដែលជំរុញឱ្យធ្វើកម្មករនៅចម្ការមៀន នាំគ្នាធ្វើចំណាក់ស្រុកទៅប្រទេសថៃ ដូច្នេះនៅពេលផ្លែមៀនត្រូវប្រមូលផលគឺជួបនឹងបញ្ហាដូចពេលនេះតែម្តង។
លោកបញ្ជាក់ថា៖«រហូតមកដល់ថ្ងៃនេះសិប្បកម្ម ពេជ្រចិន្ដា បានទទួលការជួយអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះមកដល់ទីតាំងសិប្បកម្មផ្ទាល់ និងបានលើកទឹកចិត្ត និងជំរុញឱ្យសិប្បកម្មនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនឱ្យបានច្រើន»។
ម្ចាស់សិប្បកម្មខាងលើបានឱ្យដឹងទៀតថា នាដើមឆ្នាំ ២០២៥ តម្លៃផ្លែមៀនប៉ៃលិន បានធ្លាក់ចុះប្រមាណជាង ១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ចំណែកទិន្នផលផ្លែមៀនក្នុងឆ្នាំ២០២៤ ក៏មិនជោជន់ក្នុងពេលតែមួយដូចឆ្នាំ ២០២៥ ដែរ។
ទាក់ទងនឹងទីផ្សារប្រទេសចិន ម្ចាស់សិប្បកម្ម ពេជ្រចិន្ដា បានប្រាប់ថា ចាប់ពីដើមឆ្នាំ ២០២៥ តទៅសិប្បកម្មរបស់លោកនឹងអាចនាំចេញផ្លែមៀនស្រស់ដោយផ្ទាល់ទៅកាន់ប្រទេសចិន ដូច្នេះនេះជាការជួយដោះបន្ទុកមួយក្នុងការជួយទិញមៀនស្រស់ពីប្រជាកសិករ ក៏ប៉ុន្តែលោកក៏ត្រូវការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងការផែនការនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេស។
ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត កាលពីពេលថ្មីៗនេះ បាននិយាយថា តម្លៃមៀនប៉ៃលិនចាប់ពីដើមខែកុម្ភៈ មក គឺ ៣ ៥០០ រៀលក្នុង ១គីឡូក្រាម។ នេះ គឺជាតម្លៃផ្លែមៀនស្រស់របស់ប្រជាកសិករ ដែលបានបានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុននៅមុនពេលរដូវកាលប្រមូលផល។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រយៈពេល ១១ ខែដើមឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជិត ២៨លានដុល្លារ ពីការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង ១៨ លានដុល្លារ៕