កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងកម្ពុជា-ហ្វីលីពីន ត្រូវបានរំពឹងថានឹងកាន់តែមានភាពល្អប្រសើរបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាទៅកាន់ប្រទេសហ្វីលីពីននាដើមសប្តាហ៍នេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០-១១ ខែកុម្ភៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងផ្នែកឯកជនកម្ពុជាទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន តាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr.។
នៅក្នុងដំណើរទស្សនកិច្ចខាងលើផ្នែកឯកជនកម្ពុជា ដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា(CCC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីពង្រឹងទំនាក់ទំនងផ្នែកឯកជននៃប្រទេសទាំង ២ ជាពិសេសដើម្បីជំរុញការដោះដូរទំនិញ និងវិនិយោគ។
MoU នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែខ្លាំងក្លារវាងប្រទេសទាំងពីរ។
លោកស្រី Enunina V. Mangio ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បាននិយាយថា ការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងគន្លងកំណើនដ៏រឹងមាំរបស់ហ្វីលីពីន បានបង្កើតនូវភាពស៊ីសង្វាក់គ្នា និងបង្កើតសក្តានុពលដ៏ធំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។
ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន ដែលរួមក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១២ ខែកុម្ភៈ ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន គឺទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយលោកសង្កេតឃើញមានពាណិជ្ជករហ្វីលីពីនជាច្រើនបានចាប់អារម្មណ៍ចំពោះសក្តានុពលវិនិយោគនៅប្រទសកម្ពុជា។
លោកបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មហ្វីលីពីន ក៏បានសហការគ្នាយ៉ាងល្អនៅក្នុងកិច្ចដំណើរការរៀបចំវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ហើយក៏មានការពិភាក្សាគ្នារវាងវិនិយោគិននៃប្រទេសទាំង ២ ផងដែរ។
លោកបានថ្លែងថា៖«ក្នុងជំនួបពិភាក្សាយើងបានបង្ហាញពីសក្តានុពលរបស់កម្ពុជាទៅកាន់សហគ្រិន ក៏ដូចជាពាណិជ្ជករហ្វីលីពីន ដើម្បីពួកគេមកមើលផ្ទាល់អំពីភាពរីកចម្រើនរបស់កម្ពុជា។ លទ្ធផលដែលយើងទទួលបាន គឺពាណិជ្ជករហ្វីលីពីនបានធ្វើការណាត់ជួបជាមួយពាណិជ្ជកររបស់យើងដាច់ដោយឡែកនៅពេលពួកគាត់មានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា»។
បើតាមលោក សុខនឿន អ្វីដែលពាណិជ្ជករហ្វីលីពីនចាប់អារម្មណ៍ច្រើនចំពោះឱកាសវិនិយោគនៅកម្ពុជា មានដូចជា វិស័យកសិកម្ម អប់រំ អចលនទ្រព្យ និងវិស័យសុខាភិបាល។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា រយៈពេល ១១ខែ ដើមឆ្នាំ ២០២៤ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហ្វីលីពីន មានទឹកប្រាក់សរុប ៧៩ លានដុល្លារ ធ្លាក់ចុះ ១,៨២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងចំនួននេះការនាំទំនិញពីកម្ពុជាទៅហ្វីលីពីន មានទឹកប្រាក់ ៤៤លានដុល្លារ ធ្លាក់ចុះ ១០,៦៧ភាគរយ ចំណែកទំនិញហ្វីលីពីននាំចូល ៣៥លានដុល្លារ កើនឡើង ១១,៩៦ភាគរយ។
ក្រៅពីផ្នែកពាណិជ្ជកម្ម ប្រទេសទាំង ២ ក៏បានឯកភាពគ្នាក្នុងជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាមួយគ្នាផងដែរ ដើម្បីបង្កើនកំណើនដល់វិស័យទេសចរណ៍។
នៅក្នុងសន្និសីទព៌ត៌មានសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋហ្វីលីពីន លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការអាស៊ាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលហ្វីលីពីនបានឯកភាពឱ្យបង្កើនជើងហោះហើរត្រង់ដែលមានស្រាប់រវាងទីក្រុងភ្នំពេញ-ទីក្រុងម៉ានីល និងភ្ជាប់ជើងហោះហើរត្រង់ថ្មីរវាងទីក្រុងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។
បច្ចុប្បន្នការហោះហើររវាងគោលដៅរាជធានីភ្នំពេញ-ម៉ានីល គឺមានជើងហោះហើរ ៥ ជើងក្នុងមួយសប្ដាហ៍។
លោកបានផ្លែងថា៖«វិស័យទេសចរណ៍ គឺសម្តេចធិបតី និងប្រធានាធិបតីហ្វីលីពីន បានឯកភាពក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ពីហ្វីលីពីនមកកម្ពុជាបន្ថែមទៀត។
យើងដឹងហើយរាល់ថ្ងៃនេះ មាន ៥ ដងក្នុងមួយសប្តាហ៍ ហើយសម្តេចចង់ឱ្យមានការបង្កើនបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់រវាងប្រទេសទាំងពីរសម្រាប់ធុរកិច្ច ពាណិជ្ជកម្ម»។
បន្ថែមលើជើងហោះហើរត្រង់ដែលមានស្រាប់រវាងភ្នំពេញ-ម៉ានីល ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងទេសចរណ៍សំខាន់ៗផងដែរ ដូចជា សៀមរាប-សេប៊ូ និងភ្នំពេញ-សេប៊ូជាដើម។
ទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦,៧ លាននាក់ ក្នុងនោះភ្ញៀវជនជាតិហ្វីលីពីន មានចំនួន ៦៩ ១៤២នាក់៕