ហ្វីលីពីន បាន​ក្លាយ​ជា​ដៃគូពាណិជ្ជកម្ម​​ទី ​១៣ ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី«ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ»(Double Taxation Agreement-DTA) ជា​មួយកម្ពុជា ខណៈ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ទាក់​ទាញ​​​វិនិយោគិន​​នៃ​ប្រទេសហ្វីលីពីន ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​​កាន់​តែ​ច្រើន​។​​

កិច្ច​ព្រម​ព្រៀង​ស្តីពី​«ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ»(DTA)រវាង​កម្ពុជា-ហ្វីលីពីន ត្រូវ​បាន​ចុះហត្ថលេខាដោយ​ ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយ​​ លោក Ralph G. Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន។

ពិធី​ចុះ​ហត្ថលេខា​នេះ​​ធ្វើ​ឡើង​កាល​ពី​ដើម​សប្តាហ៍​នេះ នា​អំឡុង​ពេល​នៃដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​​នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ​ទៅ​កាន់ប្រទេស​ហ្វីលីពីន។

លោក​​នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បាន​ចូល​រួម​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ផងដែរ។​

គិត​មក​ដល់​ពេល​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង DTA ជា​មួយ​ប្រទេស​ដៃគូ​ទាំង​អស់​​ចំនួន ១៣ ក្នុង​នោះ​ចំនួន ១១ បាន​ចូល​ជា​ធរមាន ដែល​រួមមាន​ ប្រទេស​ថៃ សិង្ហបុរី ប្រ៊ុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាកាវ និងតួកគី ខណៈកិច្ចព្រមព្រៀង DTA ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(ចុះហត្ថលេខាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤) និងកិច្ចព្រមព្រៀង DTA ជាមួយសាធារណរដ្ឋហ្វីលីពីន មិន​ទាន់​អាចចូល​ជា​​ធរមាន​បាន​ភ្លាមៗ​ទេ។

យោង​តាម អគ្គ​នាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក្រៅ​ពី​កិច្ចកិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ទាំង ១៣ ខាង​លើ បច្ចុប្បន្ន​កម្ពុជា​ក៏​បានបញ្ចប់ការចរចាទាំងស្រុងក្នុងកម្រិតបច្ចេកទេសជាមួយសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ព្រមទាំងកំពុងចរចាលើកិច្ចព្រមព្រៀង DTA ជាមួយ​បណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា ជប៉ុន ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម បារាំង និងកាតា ជាដើម។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ក្នុង​ថ្ងៃទី​១៣ ខែ​កុម្ភៈ ​ថា ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ(DTA) គឺ​មិន​ត្រឹម​តែ​ជួយ​ទប់ស្កាត់ការបង់ពន្ធទ្វេដងប៉ុណ្ណោះ​ទេ ប៉ុន្តែក៏មានតួនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគិន​បទេស(ប្រទេស​ដៃគូហត្ថលេខី)ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែ​ច្រើន ព្រម​ទាំង​អាច​ជួយ​លើក​កម្ពស់​ការ​ប្រកួត​ជា​សកលផងដែរ​។

លោក​បន្ត​ថា DTA ក៏​​ជួយទប់ស្កាត់ ឬការ​រើសអើង​ផ្នែក​ពន្ធ​រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅប្រទេស ដោយផ្តល់នូវយន្តការ​ដោះស្រាយ​ជម្លោះ​ផ្នែក​ពន្ធ ហើយ​វា​ក៏​ដើរតួជាយន្តការ​ក្នុង​ការ​សម្រាប់ផ្លាស់​ប្តូរព័ត៌មានរវាងរដ្ឋាភិបាល និង​រដ្ឋាភិបាល​លើ​ផ្នែក​ពន្ធ​ផងដែរ​។

លោក​បាន​ថ្លែង​ថា៖​«ជា​សរុបការ​ចុះហត្ថលេខា និង​ការ​អនុម័ត​លើ​​​កិច្ច​ព្រម​ព្រៀង DTA របស់​រដ្ឋាភិបាល​កម្ពុជាជាមួយប្រទេសនានា គឺ​​បង្ហាញពីការបើកចិត្ត និងភាពច្បាស់លាស់របស់កម្ពុជា ក្នុងការធ្វើ​ឱ្យ​បរិយាកាស​វិនិយោគរបស់​ខ្លួន​កាន់​តែ​មាន​​​លក្ខណៈ​ល្អ​ប្រសើរ និងល្អឥតខ្ចោះសម្រាប់​ក្រុមហ៊ុនក្រៅប្រទេសដែលមក​ធ្វើអាជីវកម្ម និងវិនិយោគឆ្លងព្រំដែន»។

អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដើម្បី​ចៀសវាង​ការយកពន្ធ​ត្រួត​គ្នា​ពី​ក្រុម​វិនិយោគិន​នៃ​ភាគី​ទាំង​ ២ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការបង់​ពន្ធ​លើ​ប្រាក់ចំណូល​នៅ​ទីកន្លែង​ណា​ដែល​ភាគី​ទាំង​ ២ ​បង្កើត​ប្រាក់ចំណេញ​។​

កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​។

​លោក​អះអាងថា​៖«នៅពេល​ប្រទេស​ណាមាន​កិច្ចព្រមព្រៀង​នេះជាមួយ​កម្ពុជា គឺ​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណូល​រដ្ឋ​យើង(កម្ពុជា)​យក​ត្រឹមតែ​ ១០​ភាគរយ​ប៉ុណ្ណោះ តែបើ​គ្មានទេ​ត្រូវ​បង់​ដល់​ ១៤​ភាគរយ​។ ដូចនេះ​នៅពេលកម្ពុជាមាន​កិច្ចព្រមព្រៀង DTA ជាមួយ​ប្រទេស​នានា​កាន់តែច្រើន វា​នឹង​អាច​ទាក់ទាញ​ការវិនិយោគ​បន្ថែម តាម​រយៈ​ការ​​​លើកទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ ខណៈ​​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ក៏​មាន​ការ​​លើកទឹកចិត្ត​លើ​ផ្នែក​​​ពន្ធ​មួយចំនួន​ដែរ​»​។​

ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា រយៈ​ពេល ១១ខែ ដើម​ឆ្នាំ ​២០២៤ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ហ្វីលីពីន មាន​ទឹក​ប្រាក់​សរុប ៧៩ លាន​ដុល្លារ ធ្លាក់​ចុះ ១,៨២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣។

ក្នុង​ចំនួន​នេះការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ហ្វីលីពីន មាន​ទឹក​ប្រាក់ ៤៤លាន​ដុល្លារ ធ្លាក់​ចុះ ១០,៦៧ភាគរយ ចំណែកទំនិញ​​ហ្វីលីពីននាំចូល ៣៥លាន​ដុល្លារ កើនឡើង ១១,៩៦​ភាគរយ។​